Elon ល្វីងមុខ! ២០២០ Tesla ឡើងកប់ពពក ឥឡូវហ៊ុន Tesla ធ្លាក់ចុះដូចទឹកបាក់ទំនប់ ក្រោយជួបបញ្ហាធំ២នេះ
Navasiri Morm
OCTOBER 9 2022
អាជីវកម្ម 4.0
200 views
2 mins read

ចាប់តាំងពីឆ្នាំ២០២០ មកក្រុមហ៊ុន Tesla បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យារថយន្ដដែលឡើងកូដបំផុតមួយលើលោក ក្រោយមនុស្សមានទំនោរក្នុងការចូលរួមកាត់បន្ថយការកើនឡើងកម្ដៅនៃផែនដី តាមរយៈការងាកទៅប្រើរថយន្ដអគ្គិសនីជំនួសសាំង ខណៈ Tesla ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុន ផលិតរថយន្ដអគ្គិសនីល្អឈានមុខគេនៅលើពិភពលោក។

យ៉ាងណាក៏ដោយ ដូចពាក្យចាស់ពោលថា គ្រប់យ៉ាងមានឡើងមានចុះ ក្រោយពីឡើងកូដខ្លាំងពីឆ្នាំជាប់គ្នា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បានជួបបញ្ហាធ្លាក់តម្លៃភាគហ៊ុន១៦% កាលពីសប្ដាហ៍មុន ហើយលោក Elon Musk ដែលជា CEO របស់ Tesla បានលើកឡើងថា វាគឺជាសប្ដាហ៍ដែលតានតឹងបំផុតសម្រាប់លោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNCB។

ប្រភពដដែលបានឱ្យដឹងទៀតថា រាប់ចាប់ទាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២មក តម្លៃហ៊ុនរបស់ Tesla មានតម្លៃ ២៦៥.២៥ដុល្លារ ក្នុងមួយហ៊ុន ខណៈថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២ តម្លៃហ៊ុនរបស់ Tesla ធ្លាក់មកនៅត្រឹម ២២៣.០៧ដុល្លារ តែប៉ុណ្ណោះ ដែលស្មើនឹងធ្លាក់ចុះ ១៦%។ ហើយការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះហ៊ុនខ្លាំងបំផុតប្រចាំសប្ដាហ៍របស់ Tesla គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។

ដោយឡែក សម្រាប់មូលហលេតុដែលធ្វើឱ្យអ្នកវិនិយោគ នាំគ្នាសម្រុកលក់ហ៊ុនចេញ រហូតធ្វើឱ្យតម្លៃហ៊ុនរបស់ Tesla ដាំក្បាលចុះខ្លាំងដូច្នេះ គឺដោយសារតែក្រោយពីប្រមូលលទ្ធផលសរុបរបស់ក្រុមហ៊ុន Tesla នៅក្នុងត្រីមាសទី៣​ នៃឆ្នាំ២០២២នេះ ឃើញថា រថយន្ដ Tesla សរុបនៅក្នុងត្រីមាសទី៣នេះ អាចនាំទៅលក់ឱ្យអតិថិជន បានតែ ៣៤៣០០០គ្រឿង និងផលិតបាន ៣៦៥០០០គ្រឿង ខណៈគេរំពឹងថា នឹងលក់ចេញបានរហូតដល់ទៅ ៣៥៤៦៦០គ្រឿងធ្លាក់ចុះខុសពីការរំពឹងទុក។

ជាមួយគ្នានេះដែរ សម្រាប់បញ្ហាមួយផ្សេងទៀត ដែលធ្វើឱ្យតម្លៃហ៊ុនរបស់ Tesla ធ្លាក់ចុះនោះ គឺដោយសារតែ ថ្មីៗនេះ ទើបតែលិចឮដំណឹងថា លោក Elon Musk នឹងត្រឡប់ទៅទិញ Twitter ម្ដងទៀត នៅក្នុងតម្លៃ ៤៤ពាន់លានដុល្លារដូចដើម។ ហើយសម្រាប់ការត្រឡប់ទៅទិញ Twitter វិញក្នុងតម្លៃដ៏ខ្ពស់បែបនេះ ប្រាកដណាស់ លោក Elon Musk អាចនឹងធ្វើការលក់ហ៊ុនរបស់លោកនៅ Tesla និង Space X ខ្លះ ដើម្បីបង្រ្គប់លុយទិញ Twitter ជាហេតុធ្វើឱ្យអ្នកវិនិយោគផ្អើលនាំគ្នាលក់ហ៊ុនឱ្យបានមុន ខ្លាចពេល Elon Musk លក់ហ៊ុនដើម្បីយកលុយទៅទិញ Twitter ក្នុងចំនួនច្រើន នោះអាចធ្វើឱ្យតម្លៃហ៊ុន Tesla នឹងធ្លាក់ថ្លៃ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia