រសៀលថ្ងៃទី6 ខែធ្នូ ឆ្នាំ2024 ក្រុមហ៊ុនហ្រ្វែងគ្លីនវ័ន ឌីស្រ្ទីប្យ៊ូសិន (FranklinOne Distribution) បានសហការជាមួយ ក្រុមហ៊ុន Blancco Technology ដើម្បីរៀបចំព្រឹត្តិការណ៍សិក្ខាសាលាប្រចាំឆ្នាំ ដែលធ្វើឡើង នៅសណ្ធាគារ Fairfield by Marriott Phnom Penh ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការត្រៀមលក្ខណៈសម្រាប់ការគ្រប់គ្រងទិន្នន័យក្នុងពិភពឌីជីថលបច្ចុប្បន្ន។ គួររំលឹកថាក្រុមហ៊ុន FranklinOne Distribution ត្រូវបានក្រុមហ៊ុន Blancco Technology ជ្រើសរើសធ្វើជាអ្នកចែកចាយផលិតផលរបស់ខ្លួនប្រចាំនៅកម្ពុជាតែមួយគត់។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី ថ្លែងដោយលោកស្រី គឹម កល្យាណ នាយកប្រតិបត្តិក្រុមហ៊ុន FranklinOne បានមានប្រសាសន៍ថា លោកស្រីមោទនភាពជាខ្លាំងដែលក្រុមហ៊ុនរបស់លោកស្រីទទួលបានទំនុកចិត្តពីក្រុមហ៊ុន Blancco Technology ដែលក្រុមហ៊ុននេះធ្វើការផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាផ្នែកលុប/កំទេចទិន្នន័យដល់អតិថិជនរបស់ខ្លួនរួមមាន File Eraser, Drive Eraser, VM Eraser, LUN Eraser, Mobile Eraser, and Removable Eraser ដោយប្រើបច្ចេកវិទ្យាទំនើបនិងមានភាពងាយស្រួល ដើម្បីអនុញ្ញាតឱ្យស្ថាប័ននានាធានាបាននូវសុវត្ថិភាពទិន្នន័យខ្ពស់ ជាពិសេសសំរាប់វិស័យហិរញ្ញវត្ថុ ធានារ៉ាប់រង ផលិតកម្ម និងវិស័យមួយចំនួនទៀត។ បច្ចេកវិជ្ជានេះផងដែរក៏នឹងក្លាយជាផ្នែកមួយដ៏សំខាន់ស្ថិតនៅក្រោមច្បាប់ស្ដីពីការការពារនូវពត៌មានផ្ទាល់ខ្លួនរបស់បុគ្គល ដែលកម្ពុជា និងប្រទេសជាច្រើនទៀតនៅលើពិភពលោកត្រូវប្រតិបត្តិតាម។
ជាបន្តកញ្ញា Siripan Na Jatturat ដែលជាអ្នកតំណាងរបស់ក្រុមហ៊ុន Blancco Technology និងជាប្រធានផ្នែកលក់ប្រចាំតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ថា បច្ចេកវិជ្ជាឌីជីថលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចគ្នានេះដែរ ក្រុមហ៊ុន Blancco Technology ក៏បានធ្វើការអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនអោយកាន់តែពិសេសដែលផ្ដល់ជូននូវការលប់ទិន្នន័យមានលក្ខណៈជាប្រព័ន្ធ (ដោយស្វ័យប្រវត្តិ) ជាមួយការសន្សំសំចៃពេលវេលាមហិមាជូនអតិថិជន ជាពិសេសវាស្របទៅតាមបទប្បញ្ញត្តិអន្តរជាតិ។
លោក Art De Sotto អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Blancco Technology ក៏បានបង្ហាញជូនអតិថិជនផងជុំវិញសក្ដានុពលរបស់ផលិតផលពី Blancco ដែលធានាបានថាទិន្នន័យត្រូវបានលុបចោលដោយសុវត្ថិភាព និងមិនអាចទាញត្រលប់មកវិញបានឡើយ ទោះដោយវិធីណាក៏ដោយ។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុនរបស់លោកពិតជាសង្ឈឹមយ៉ាងមុតមាំថា Blancco និងអាចក្លាយជាដៃគូយ៉ាងសំខាន់សំរាប់កម្ពុជាជុំវិញការចូលរួមថែរក្សាអោយបានគត់មត់ទៅលើពត៌មានផ្ទាល់ខ្លួននានារបស់អតិថិជនរបស់ខ្លួន។
ចុងបញ្ចប់នៃកម្មវីធីក៏មានការចាប់រង្វាន់អនុស្សារីយ៍ និងមានការថតរូបរួមគ្នា ក៏ដូចជាការរៀបចំនូវ អាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសារ អមដោយការជជែកផ្លាស់ប្ដូរយោបល់ពីសំណាក់អតិថិជនទាំងអស់ដែលបានអញ្ជើញចូលរួមផងដែរ។
ក្រៅពីផលិតផល Blancco ក្រុមហ៊ុន FranklinOne ក៏ធ្វើការចែកចាយផងដែរនូវផលិផលរបស់ក្រុមហ៊ុន Milestone System, SentinelOne, Varonis, Gallagher, និង ក្រុមហ៊ុនNetskope ផងដែរ។ ផលិតផលទាំងនោះមានផ្ដល់ជូនអតិថិជននួវកម្មវិធី EDR/XDR, AD Security, Deception, SIEM, open-platform Video Management Software (VMS), Data Loss Prevention, DSPM, Secured Web Gateway, ZTNA, CASB និងកម្មវិធីផ្សេងៗទៀត។