2025 ចង់រកលុយក្រៅថែម​ នេះជាជំនាញទាំង6 អាចរៀនតាមអនឡាញ និងអាចរកលុយបានរយ$ក្នុង1ខែ
Navasiri Morm
DECEMBER 27 2024
ឌីជីថល
4.5 K views
2 mins read

 

ជិតឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីជាពេលវេលាមួយដែលមនុស្សភាគច្រើនប្រើវាដើម្បីធ្វើការឆ្លុះបញ្ជាំងពីជីវិតរបស់ខ្លួនក៏ដូចជារៀបចំគោលដៅដើម្បីត្រៀមបោះជំហ៊ាននៅក្នុងឆ្នាំថ្មី។ ហើយគោលដៅដែលល្អបំផុតមួយដែលអ្នកមិនគួរមើលរំលងគឺគោលដៅក្នុងការអភិវឌ្ឍន៍ចំណេះជំនាញថ្មីសម្រាប់ខ្លួនឯង និងរកចំណូលបន្ថែម។

ដូច្នេះហើយ Technology Cambodia សូមធ្វើការលើកយកនូវជំនាញទាំង៥ ដែលអ្នកអាចរៀនតាមអនឡាញត្រឹមរយៈពេលខ្លី និងអាចរកចំណូលបន្ថែមបានផងដែរនៅក្នុងសម័យឌីជីថល ដោយជំនាញទាំងនោះរួមមាន៖

១. ជំនាញប្រើប្រាស់ AI៖​
រយៈពេលប្រមាណជា២ឆ្នាំចុងក្រោយនេះ AI បានក្លាយជាផ្នែកដ៏សំខាន់មួយដៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទាំងពិភពលោក។ 

AI មកពីពាក្យថា Artificial Intelligence ដែលសំដៅទៅលើការអភិវឌ្ឍន៍នៃសមត្ថភាពនៃប្រព័ន្ធកុំព្យូទ័រដែលអាចធ្វើកិច្ចការងារបាន ដោយការងារទាំងនោះជាធម្មតាត្រូវការបញ្ញារបស់មនុស្ស ដូចជាការងារការដោះស្រាយបញ្ហា ការវិភាគទិន្នន័យ ការរៀបចំផែនការណ៍ ការងារសរសេរ ការងារផ្នែកច្នៃប្រឌិត ផលិតកម្ម និងកិច្ចការងារផ្សេងៗជាច្រើនទៀត។ វត្តមានរបស់ AI នឹងជួយអោយអ្នកធ្វើការងារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ចំណេញពេលវេលា និងមានផលិតភាពការងារខ្ពស់ផងដែរ ដែលកត្តាទាំងអស់នេះជាចំណុចសំខាន់ដែលនឹងផ្លាស់ប្ដូររបៀបធ្វើការរបស់មនុស្សទូទាំងពិភពលោក។ 

ហេតុដូច្នេះ ២០២៥ ជំនាញក្នុងការប្រើប្រាស់ AI ជាជំនាញមួយដែលអ្នកមិនគួរមើលរំលងនោះឡើយ ដែលវានឹងជួយអោយអ្នកបង្កើតនប្រសិទ្ធិភាពការងារ និងពេលវេលារបស់អ្នកនៅពេលដែលអ្នកអាចធ្វើកិច្ចការងារបានលឿននិងបានច្រើនចំណូលអ្នកក៏នឹងអាចកើនតាមនោះដែរ។ ហើយយើងនឹងលម្អិតពីការប្រើប្រាស់ AI នេះនៅក្នុងអត្ថបទក្រោយៗទៀត។ 

២ .ជំនាញទីផ្សារឌីជីថល៖
បច្ចុប្បន្ននេះ មនុស្សងាកមកប្រើប្រាស់អ៊ីនធឺណិត ដែលជំរុញឱ្យម្ចាស់អាជីវកម្ម ត្រូវងាកមកធ្វើការផ្សព្វផ្សាយធ្វើទីផ្សារផ្សេងៗ លើអនឡាញដូចគ្នា។ ហេតុនេះហើយ ទើបបានជាតម្រូវការអ្នកធ្វើទីផ្សារលើឌីជីថលមានការកើនឡើងយ៉ាងខ្លាំង ហើយសម្រាប់អ្នកជំនាញនេះទៀតសោតអ្នកអាចធ្វើការសិក្សាបានតាមរយៈអ៊ីនធឺណិតបានជាមួយនិងជម្រើសជាច្រើនផងដែរ។

៣.ជំនាញក្រាហ្វិកឌីហ្សាញ៖ 
ជំនាញក្រាហ្វិកឌីហ្សាញគឺជាជំនាញដែលមានតម្រូវការទីផ្សារមួយ ខណៈជំនាញនេះអាចរៀនបានតាមអនឡាញ។ ហើយប្រសិនបើអ្នកមានទឹកដៃនិងការច្នៃប្រឌិតខ្ពស់ និងចេះបង្ហាញស្នាដៃកសាងកិត្តិនាម (Branding) ខ្លួនឯងឱ្យគេស្គាល់ថែមទៀតនោះ អ្នកអាចទទួលបានគម្រោងខ្ទង់រយ ឬដល់ពាន់ដុល្លារថាបាន។

៤.ជំនាញថត និងកាត់តវីដេអូ៖ 
ចូលដល់សម័យដែលគេងាកមកផ្សព្វផ្សាយលើឌីជីថលនេះ វីដេអូគឺជាឧបករណ៍ដ៏ពេញនិយមមួយដែលគេប្រើប្រាស់ក្នុងការផ្សព្វផ្សាយជូនដំណឹង ក៏ដូចជាធ្វើទីផ្សារផ្សេង។ ហើយជំនាញថត និងកាត់តវីដេអូនេះ គឺមិនខ្វះទេនៅលើអ៊ីនធឺណិត ប៉ុន្ដែវាតម្រូវឱ្យអ្នកខំប្រឹងរៀន និងអនុវត្តន៍ឱ្យច្រើន។

៥.ជំនាញគ្រប់គ្រងការធ្វើទីផ្សារលើ Facebook Page និង TikTok៖ 
បច្ចុប្បន្ននេះ មានក្រុមហ៊ុនច្រើនណាស់ ដែលត្រូវការអ្នកជំនាញជួយគ្រប់គ្រងហ្វេសប៊ុកផេក ក៏ដូចជា TikTok ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកកេ។ ហើយការងារគ្រប់គ្រង ហ្វេសប៊ុកផេកនិង TikTok  ពុំចាំបាច់អ្នក នៅអង្គុយអូហ្វីសដូចគេឡើយ ពោលគឺឱ្យតែមានកុំព្យូទ័រនិង អ៊ឺនធឺណិតសម្រាប់ធ្វើការ គឺអ្នកអាចបំពេញការងារមួយនេះបាន។ ប៉ុន្ដែវាតម្រូវឱ្យយើងចេះធ្វើទីផ្សារ ផ្សព្វផ្សាយលើបណ្ដាញសង្គមឱ្យមានប្រសិទ្ធិភាព ចេះរៀបចំផែនការ ចេះគ្រប់គ្រង់យុទ្ធនាការណ៍ ធ្វើការជាក្រុម ក៏ដូចជាត្រូវចេះជំនាញទិញពាណិជ្ជកម្ម ឬគេនិយមហៅថា Boost អោយមានប្រសិទ្ធិភាពជាដើម។

៦.ជំនាញផលិតមាតិកា៖
ជំនាញផលិតមាតិកា ក៏អាចរាប់បានថា ជាជំនាញដែលមានតម្រូវការទីផ្សារមួយ ដោយសារតែបច្ចុប្បន្ននេះ ដើម្បីអាចផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួននៅលើអនឡាញបាន គឺគេត្រូវការមាតិកាចម្រុះទាំងរូបភាពនិងវីដេអូ និង Caption ដែលមានការច្នៃប្រឌិតខ្ពស់ ទាក់ទាញ និងអាចផ្ញើសារសំខាន់ពីផលិតផល ឬសេវាកម្ម ដែលពួកគេកំពុងតែធ្វើតាមរយៈមាតិកា ឱ្យព័ត៌មានទាំងនោះចូលទៅដល់អតិថិជន ហើយអាចទាក់ទាញអតិថិជនត្រឡប់មកវិញ។ ជំនាញនេះ អាចរករៀនបាននៅលើអ៊ីនធឺណិត ប៉ុន្ដែវាតម្រូវឱ្យអ្នកចេះសង្កេត និងអនុវត្តន៍ធ្វើវាឱ្យច្រើន។ 

គួរជម្រាបផងដែរថា សម្រាប់ជំនាញទាំង៥ ខាងលើនេះ គឺអ្នកអាចរកស៊ីបាននៅលើអ៊ីនធឺណិត មានទាំងវគ្គហ្វ្រីនិងបង់ថ្លៃ។ ហើយបន្ថែមពីនេះទៀត ដើម្បីបន្ថែមគុណតម្លៃសម្រាប់ខ្លួនឯងក្រោយពីរៀនជំនាញខាងលើចេះអស់ហើយ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគួរខំប្រឹងធ្វើការងារឱ្យបានល្អ ហើយកុំភ្លេចបង្ហាញស្នាដៃ និងកសាងកិត្តិនាម (Branding) ខ្លួនឯងឱ្យគេស្គាល់ដើម្បីទទួលបានទំនុកចិត្ត និងអាចទទួលបានគម្រោងខ្ទង់រយ ឬដល់ពាន់ដុល្លារថាបាន៕

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia