ខាតធំ! ប្រសិនបើបិទ TikTok នៅ US នោះអ្នករកស៊ី និងអ្នកធ្វើវីដេអូនឹងខាតបង់១,៣ពាន់លាន$ ត្រឹម១ខែដំបូង
Navasiri Morm
DECEMBER 23 2024
អាជីវកម្ម 4.0
22 views
2 mins read

ក្នុងឯកសារដាក់តុលាការកាលពីថ្ងៃច័ន្ទទី៩ ខែធ្នូឆ្នាំ២០២៤ TikTok បានព្រមានថា អាជីវកម្មខ្នាតតូច និងអ្នកបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនៅសហរដ្ឋអាមេរិក នឹងខាតបង់ប្រាក់ចំណូល និងប្រាក់ចំណេញចំនួន ១,៣ ពាន់លានដុល្លារក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ ប្រសិនបើកម្មវិធី TikTok ត្រូវបានបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ 

លោក Blake Chandlee ប្រធានដផ្នែកដំណោះស្រាយអាជីវកម្មសកលរបស់ TikTok បានថ្លែងថា «តួលេខនៃការខាតបង់ទាំងនេះនឹងកើនឡើងថែមទៀត ប្រសិនបើការបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិកបន្តកើតឡើងលើសពីមួយខែ»។ ច្បាប់នេះតម្រូវឱ្យក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok លក់កម្មវិធីនេះចេញ ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិទាក់ទងនឹងទំនាក់ទំនងរបស់ក្រុមហ៊ុននេះជាមួយរដ្ឋាភិបាលចិន។

បច្ចុប្បន្ននេះ TikTok និង ByteDance កំពុងតែគ្រោងដាក់បណ្តឹងទៅតុលាការកំពូលសហរដ្ឋអាមេរិក ក៏ដូចជាស្វែងរកដីកាបង្គាប់បណ្តោះអាសន្នដើម្បីបន្តប្រតិបត្តិការកម្មវិធីបណ្ដាញសង្គមរបស់ខ្លួន រហូតដល់តុលាការកំពូលសម្រេចថាតើត្រូវស្តាប់បណ្តឹងឧទ្ធរណ៍នេះ ហើយធ្វើការបិទបណ្ដាញសង្គម TikTok ឬយ៉ាងណា។ ដោយក្រុមហ៊ុន ByteDance សង្ឃឹមថារដ្ឋបាលរបស់លោក Donal Trump ដែលនឹងចូលកាន់តំណែងអាចសម្រេចចិត្តមិនអនុវត្តច្បាប់នេះ។

យោងតាមរបាយការណ៍របស់ Oxford Economics បានឱ្យដឹងថា TikTok មានវត្តមានអាជីវកម្មគួរឱ្យកត់សម្គាល់នៅសហរដ្ឋអាមេរិក ដោយមានគណនីជាង ៧ លានដែលប្រើប្រាស់វាសម្រាប់គោលបំណងអាជីវកម្ម។ ៦៩% នៃអាជីវកម្មទាំងនេះបានរាយការណ៍ថាការលក់របស់ពួកគេបានកើនឡើងតាមរយៈ TikTok ហើយ ៣៩% ចាត់ទុកវាជាកត្តាសំខាន់សម្រាប់អត្ថិភាពអាជីវកម្មរបស់ពួកគេ។ នៅឆ្នាំ ២០២៣ សកម្មភាពទាក់ទងនឹង TikTok បានរួមចំណែក ៣២,៧ ពាន់លានដុល្លារដល់ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក។

ការហាមប្រាមនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់៖

  • អ្នកបង្កើតមាតិកាជិត ២ លាននាក់នៅសហរដ្ឋអាមេរិកនឹងបាត់បង់ប្រាក់ចំណូលប្រមាណ ៣០០ លានដុល្លារ
  • TikTok ផ្ទាល់នឹងបាត់បង់ ២៩% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មជាសកលដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៥
  • អាជីវកម្មខ្នាតតូចនឹងបាត់បង់ប្រាក់ចំណូលជាង ១ ពាន់លានដុល្លារ

ច្បាប់នេះត្រូវបានអនុម័តដោយសភា និងចុះហត្ថលេខាដោយប្រធានាធិបតី Joe Biden កាលពីនិទាឃរដូវឆ្នាំមុន បន្ទាប់ពីមានការព្រួយបារម្ភអំពីទំនាក់ទំនងដែលបានចោទប្រកាន់របស់ ByteDance ជាមួយរដ្ឋាភិបាលចិន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia