E-mail គឺជាគណនីដ៏សំខាន់មួយដែលអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងនៅស្រុកខ្មែរ និងជុំវិញពិភពលោកត្រូវការប្រើប្រាស់ ហើយ Gmail គឺជាផ្លែតហ្វមមួយដែលមានការពេញនិយមក្នុងការប្រើប្រាស់បំផុតនៅលើពិភពលោក ខណៈការប្រើប្រាស់ Gmail គឺអនុញ្ញាតឱ្យអ្នកប្រើភ្ជាប់ទៅកាន់សេវាជាច្រើនទៀតរបស់ Google ដូចជា Google Drive, Google Docs ឬ Google Meet ជាដើម។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសពីគោលការណ៍ថ្មី ដោយចាប់ពីចុងឆ្នាំ២០២៣នេះ សម្រាប់ម្ចាស់គណនី Gmail ទាំងអស់ ដែលមិនបានធ្វើការបើកប្រើប្រាស់គណនីរបស់ខ្លួនរយៈពេល២ឆ្នាំ នោះខាង Google នឹងធ្វើការបិទគណនី Gmail ចោលតែម្ដង។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការណ៍របស់ Google។
ប្រភពដដែលបានឱ្យដឹងទៀតថា មូលហេតុដែល Google សម្រេចធ្វើការបិទគណនី Gmail ដែលមិនបើកប្រើប្រាស់រយៈពេល២ឆ្នាំ ចោលដូចច្នេះ គឺដោយសារតែ គណនីដែលមិនត្រូវបានចូលប្រើ ឬមើលថែមទំាំពិនិត្យលេខសម្ងាត់ (Password) ពីម្ចាស់គណនី អាចជាចំនុចខ្សោយមួយឱ្យក្រុមហ៊ែកឃ័រ អាចធ្វើការហ៊ែកចូលគ្រប់គ្រងអាខោន នឹងអាចបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធសុវត្ថិភាពទាំងមូលរបស់ Google បានផងដែរ។
គួរជម្រាបផងដែរថា ដើម្បីកុំឱ្យ Google ធ្វើការបិទគណនី Gmail អ្នកត្រូវធ្វើការ Login ចូលទៅកាន់គណនីរបស់ខ្លួន និងប្រើ Gmail ដើម្បីភ្ជាប់ធ្វើសកម្មភាពណាមួយដូចខាងក្រោម៖
- អាន ឬផ្ញើសារ Emial
- ចូលប្រើ Google Drive
- ភ្ជាប់ជាមួយ YouTube និងមើលវីដេអូលើ YouTube
- ចែករំលែករូបភាព
- យក Gamil ទៅភ្ជាប់ជាមួយ AppStore និងធ្វើការ Download App
- ភ្ជាប់ជាមួយ Google Chrome និងប្រើ Google Search
- Login ជាមួយ Google និងភ្ជាប់ទៅកាន់ App ឬប្រើសេវាកម្មណាមួយ។