មកស្គាល់ក្រុមហ៊ុនចិន ៥ ជះលុយទាំងបាច់ៗ Sponsor ព្រឹត្តិការណ៍ Euro 2024
Sakada Techie
JUNE 18 2024
Euro 2024
73 views
2 mins read

ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅអឺរ៉ុប Euro 2024 ត្រូវបានគេក្រឡេកឃើញថា ក្រុមហ៊ុនចិនកំពុងជះលុយផ្សាយយ៉ាងហ៊ឹកហ៊ាក់ ដោយក្នុងចំណោមអ្នកឧបត្ថម្ភធំៗ ១៣ ក្រុមហ៊ុនក្នុងនោះមាន ៥ ក្រុមហ៊ុនជាក្រុមហ៊ុនយក្សចេញពីប្រទេសចិន។

យីហោក្រុមហ៊ុនចិនទាំងនោះ គេឃើញមានដូចជា ក្រុមហ៊ុនផលិតទូរទស្សន៍និងបរិក្ខាក្នុងផ្ទះ Hisense ក្រុមហ៊ុន Aliexpress ជាកម្មវិធីទិញទំនិញអន្តរជាតិរបស់ Alibaba ជាមួយនឹងក្រុមហ៊ុន Ant Group ពី Alibaba ផង រួមទាំង ក្រុមហ៊ុនស្មាតហ្វូន Vivo ហើយក៏មិនភ្លេចដែរ ក្រុមហ៊ុនឡានអគ្គិសនី BYD

មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយក្រុមហ៊ុនចិនទាំងនោះកំពុងតែពង្រីកខ្លួនចូលទីផ្សារអឺរ៉ុបខ្លាំង តួរយ៉ាងដូចជាក្រុមហ៊ុនឡានអគ្គិសនី BYD ជាដើម ត្រូវបានគេដឹងថាកំពុងវាតទីពង្រីកដែនលក់របស់ខ្លួន ដើម្បីរក្សារបាននូវតំណែងលេខ១ជាក្រុមហ៊ុនលក់ឡានអគ្គិសនីបានច្រើនជាងគេលើលោក។

ជាមួយគ្នានេះយីហោស្មាតហ្វូន Vivo ត្រូវបានស្ថាប័នស្រាវជ្រាវទិន្នន័យ Statista បង្ហាញថាគ្របដណ្ដប់លើទីផ្សារស្មាតហ្វូនសកលរហូតដល់ ៨% ឈរឈ្មោះជាក្រុមហ៊ុនលក់ស្មាតហ្វូនដាច់បំផុត Top Five ដែលចាំបាច់សម្រាប់ក្រុមហ៊ុនមួយនេះក្នុងការរក្សារទីផ្សាររបស់ខ្លួន និង ពង្រីកបន្ថែម។

រូបភាពនៃការ Sponsor ឬផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២៤ នេះស្ថិតក្នុងរូបភាពផ្សេងៗគ្នា ដោយមានទាំងលោហ្គោនៅលើផ្ទាំងពាណិជ្ជកម្មលើទីលានផង ព្រមទាំងសារទីផ្សារលើយុទ្ធនាការទីផ្សារជាច្រើនទៀតផង ហើយក៏មានការដាក់ស្តង់ផ្ទាល់នៅតាមទីតាំងនៃការប្រកួត និង ទីតាំងសំខាន់ៗផងដែរ។

ចំពោះតម្លៃនៃការផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ Euro មិនត្រូវបានគេបើកទូលាយឱ្យដឹងឡើយ ដោយគ្រាន់តែដឹងថាចាប់ផ្ដើមពីខ្ទង់ លានអឺរ៉ូទៅ ហើយតម្លៃមានភាពខុសៗគ្នាទៅតាមកញ្ចប់ផ្សព្វផ្សាយ ហើយខុសគ្នាទៅតាមក្រុមហ៊ុន ដោយរាល់ការចរចារទាំងអស់មិនត្រូវគេបើកទូលាយឡើយ ដោយជាការព្រមព្រៀងគ្នារវាង UEFA និង ក្រុមហ៊ុនដែលឧបត្ថម្ភ។

ការផ្សព្វផ្សាយបែបនេះ ជាផ្នែកមួយក្នុងការពង្រីកទីផ្សារសកល ដោយហេតុថាព្រឹត្តិការណ៍ដូចជា Euro 2024 នេះត្រូវបានគេរំពឹងថានឹងមានការទស្សនារហូតដល់ ៥ពាន់លានដងឯណោះ នេះបើតាមការអះអាងផ្ទាល់ពីសំណាក់នាយកផ្នែកទីផ្សាររបស់ UEFA

ជាទូរទៅចរិតនៃការផ្សព្វផ្សាយនៅតាមព្រឹត្តិការណ៍នេះ គេមានក្បាច់ក្នុងការ Sponsor ៥ធំៗដូចជា៖

1.     ការធ្វើឱ្យឃើញយីហោ: Sponsors ទទួលបានការដាក់លោហ្គោ ឬផលិតផលនៅក្នុងកម្មវិធី ឬការប្រកួតរួមបញ្ចូលទាំង ផ្ទាំងផ្សព្វផ្សាយលើទីលាន ការផ្សព្វផ្សាយតាមឌីជីថល និង ការផលិតមាតិការពីកម្មវិធី

2.    សិទ្ធផ្ដាច់មុខ: Sponsors មានសិទ្ធផ្ដាច់មុខក្នុងការលក់ផលិតផល នៅកន្លែងកម្មវិធី ឬកន្លែងប្រកួតនិង កន្លែងអ្នកគាំទ្រ។ ឧទាហរណ៍ដូចជា Henekein និង Coca-Cola ជាស្រាបៀរ និង ភេសជ្ជៈផ្លូវការដែលមានលក់នៅកន្លែងប្រកួត។

3.    សកម្មភាពប្រូម៉ូត: Sponsors អាចធ្វើសកម្មភាពប្រូម៉ូតផ្សេងៗដូចជា ដាក់ស្តង់ fan experience និង ព្រឹត្តិការណ៍តូចៗផ្សេងទៀតទាក់ទងនឹងកម្មវិធី។

4.    យុទ្ធនាការទីផ្សារចម្រុះ: Sponsors អាចធ្វើយុទ្ធនាការទីផ្សារចម្រុះរាងៗខ្លួន ដូចជាប្រើប្រាស់តែម Euro 2024 នេះបញ្ចូលក្នុងយុទ្ធនាការទីផ្សាររបស់ខ្លួន ចេញជាអត្ថបទតាមសារព័ត៌មាន បណ្ដាញសង្គម និង ឆានែលផ្សេងទៀតដែលខ្លួនមាន។

5.    បដិសណ្ឋារកិច្ចមនុស្សសំខាន់: យីហោអាចលេងយុទ្ធសាស្ត្រទីផ្សារផ្សេងទៀត ដូចជាទទួលសិទ្ធអញ្ជើញ BA ឬ មនុស្សសំខាន់ ដៃគូរអាជីវកម្ម សូម្បីតែបុគ្គលិករបស់ខ្លួន ទាញប្រយោជន៍ពីការផ្សាយពាណិជ្ជកម្មដោយឱ្យមកអង្គុយមើលផ្ទាល់តែម្ដង ទៅតាមលក្ខខណ្ឌនៃការចរចារជាមួយនឹង UEFA

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia