អនាគតលែងស្គាល់ពាក្យថាសេវ៉ាយឺតហើយ! Huawei ប្រកាសពីគម្រោង ញាត់ AI ចូលប្រព័ន្ធអង់តែនរបស់ខ្លួន
Sakada Techie
JUNE 26 2024
នវានុវត្តន៍
76 views
3 mins read

កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០២៤ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន Huawei ប្រចាំនៅទីក្រុងសៀងហៃ លោក Eric Zhao ជាអគ្គនាយករង ក៏ដូចជាប្រធានផ្នែកទីផ្សារទីផ្សាររបស់ Huawei Wireless Solution បានបើកបង្ហាញពីគម្រោងរបស់ក្រុមហ៊ុនក្នុងការបញ្ចូល AI ទៅក្នុងបណ្ដាញសេវា និង បច្ចេកវិទ្យាប្រព័ន្ធទូរគមនាគមន៍របខ់ខ្លួន។

គម្រោងគាត់បានបង្ហាញផ្ដោតទៅលើការកសាងប្រព័ន្ធអេកូឡូស៊ីនៃបច្ចេកវិទ្យាឆ្លាតវៃមួយហៅថា RAN Intelligent Agent ដោយសហការជាមួយនឹងប្រតិបត្តិករជាច្រើនដើម្បីជម្រុញផលិតភពនៃប្រព័ន្ធ ដោយក្នុងគម្រោងផ្ដើមដំបូងនឹងប្រើប្រាស់វិស្វករជំនាញរហូតដល់ ១០០០នាក់ និងទីតាំងបណ្ដាញសេវារហូត ១០០០០ ទីតាំង នៅតាមទីក្រុងធំៗដូចជា បាងកក Hangzhou Guangzhou Jinan និង Shenzhen ក្នុងរយៈពេលតែកន្លះឆ្នាំទៀតប៉ុណ្ណោះ។

នេះជាការជម្រុញបច្ចេកវិទ្យាប្រព័ន្ធបណ្ដាញចុងក្រោយបំផុតរបស់Huawei គឺ 5G-A នោះពីទស្សនវិស័យនៅលើក្រដាសទៅជាការពិត ហើយបើតាមការប្រកាសរបស់លោក Eric ឆ្នាំ ២០២៤ នេះជាឆ្នាំដែលបច្ចេកវិទ្យា 5G-A ត្រូវប្រើប្រាស់ក្នុងលក្ខណៈពាណិជ្ជកម្មជាលើកដំបូង ដោយកន្លងទៅ 5G-A ត្រូវបានគេមើលឃើញថាមានសក្ដានុពលខ្លាំងមែនទែន ទៅលើការអភិវឌ្ឍបណ្ដាញទូរគមនាគមន៍ អាជីវកម្ម និង ការអភិវឌ្ឍឧបករណ៍ឆ្លាតវៃដទៃទៀត ។

240625 1

ប្រធានផ្នែកទីផ្សារខាងលើ បានលើកឡើងពីបញ្ហាមួយចំនួនកំពុងចោតឡើងក្នុងវិស័យទូរគមនាគមន៍សព្វថ្ងៃ ដូចជាការប្រតិបត្តិការនិងថែរទាំ (O&M) ភាពខុសគ្នានៃបណ្ដាញសេវ៉ា និង ប្រតិបត្តិករប្រតិបត្តិដោយយោងតាមបទពិសោធន៍ផ្សេងៗគ្នា។

ដោយមើលឃើញបញ្ហាចាក់ស្រែះច្រើននេះហើយទើប Huawei លើកជាដំណោះស្រាយក្នុងការទាញ AI មកប្រើប្រាស់បញ្ចូលក្នុងប្រព័ន្ធបណ្ដាញសេវ៉ា ដើម្បីឱ្យបច្ចេកវិទ្យា RAN Intelligent Agent របស់ខ្លួនអាចកែប្រែទម្លាប់នៃការធ្វើការប្រតិបត្តិការ និងថែរទាំ បទពិសោធន៍របស់ខ្លួនឱ្យកាន់តែទំនើបជាងមុន។

សម្រាយឱ្យខ្លី បច្ចេកវិទ្យា RAN Intelligent Agent ផ្ដល់ជូននូវ copilots ឬ ធ្វើការជាមួយមនុស្ស ជួយមនុស្ស អាចដើរតួរជា Chatbot និង ភ្នាក់ងារជំនាញក្នុងការដោះស្រាយបញ្ហាទៅតាមស្ថានការណ៍ផ្សេងៗ ព្រមទាំងផ្ដល់ដំណោះស្រាយល្អទៅលើស្វ័យប្រវត្តិកម្មនៃប្រព័ន្ធផងដែរ។

ការប្រតិបត្តិការ និង ថែរទាំ នឹងស្ថិតក្នុងរូបភាពថ្មីមួយ ដែល RAN Intelligent Agent និងជួយជម្រុញប្រសិទ្ធភាពនៃការធ្វើការ កាត់បន្ថយភាពស្មុគស្មាញ និង ធ្វើឱ្យដំណើរការដំណាក់កាលនីមួយៗមានភាពសាមញ្ញ។ Huawei បានបង្ហាញពីករណីជាក់ស្ដែងនៃការប្រើប្រាស់ RAN Intelligent Agent ពីសំណាក់ក្រុមការងារ ក្រុមហ៊ុនសេវាទូរស័ព្ទធំរបស់ចិនមួយឈ្មោះថា China Mobile ដោយបានប្រើប្រាស់ Chatbot Copilot ដើម្បីជួយដល់ដំណើរការចុះទៅថែរទាំបណ្ដាញ ដោយផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់វិស្វករ ត្រៀមឧបករណ៍ដែលចាំបាច់ក្នុងការថែរទាំជួសជុល មិនពិបាកយករបស់របរទៅខុស។

មុខងារ AI លើបណ្ដាញសេវារបស់ Huawei នេះនឹងអនុញ្ញាតឱ្យបណ្ដាញប្រព័ន្ធសេវ៉ា ធ្វើការដោយស្វ័យប្រវត្តិក្នុងការផ្ដល់បទពិសោធន៍ដ៏ល្អដល់អ្នកប្រើប្រាស់ ព្រមទាំងជួយសន្សំសំចៃថាមពលផង។

លើសពីនេះទៅទៀត AI នៅក្នុងបណ្ដាញអង់តែននេះនឹងជួយជម្រុញមួយផ្នែកឱ្យការប្រើប្រាស់បច្ចេកវិទ្យា 5G-A ធានាបាននូវប្រសិទ្ធភាពខ្ពស់ ដោយ Huawei បានបង្ហាញពីករណីអនុវត្តកន្លងមក ដូចនៅទីក្រុងបាងកកប្រទេសថៃ បណ្ដាញសេវាទូរស័ព្ទត្រូវបាន AI រៀបចំឱ្យបាញ់ទៅត្រូវកន្លែងបណ្ដុំមនុស្សដើម្បីធានាបាននូវល្បឿន Latency និង មិនមានភាពរអាក់រអួល ហើយករណីផ្សេងទៀតដូចជាកសិករចិនអាចធ្វើការលក់ផ្លែឈើ តាមរយៈការ Live ក្នុងកម្រិតធានាបាននូវគុណភាពវីដេអូខ្ពស់ ធ្វើឱ្យអ្នកទស្សនា ឬអតិថិជនសម្រេចចិត្តទិញតាមអនឡាញដោយមិនស្ទាក់ស្ទើរ។

លោក Eric Zhao បានធ្វើការសង្កត់ធ្ងន់បន្ថែមថា គោលដៅរបស់យើងជាការនាំយក AI ចូលមកកាន់ប្រព័ន្ធ ហើយដើម្បីសម្រេចបាននូវគោលដៅនេះ យើងផ្លាស់ប្ដូរខ្លួនឯងពីអ្នកផ្ដល់ដំណោះស្រាយ ទៅជាអ្នកសហការកសាងបណ្ដាញឆ្លាតវៃ។ យើងជឿថាការសហការគ្នាអភិវឌ្ឍបច្ចេកវិទ្យា RAN Intelligent Agent និង បណ្ដាញឆ្លាតវៃនេះនឹងផ្ដល់នូវគុណតម្លៃអាជីវកម្មធំធេង ធ្វើឱ្យមានការវិវត្តន៍នៃបណ្ដាញឆាប់រហ័ស និង ដឹកនាំវិស័យនេះទៅកាន់យុគថ្មីនៃភាពឆ្លាតវៃ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia