ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Samsung បានត្រៀមទូរស័ព្ទកំពូលរបស់ខ្លួន Samsung S24 Ultra ចំនួន ២០០គ្រឿង ធ្វើជាកាមេរ៉ាដើម្បីផ្សាយផ្ទាល់ ដើម្បីបង្ហាញពីសមត្ថភាពកាមេរ៉ារបស់ទូរស័ព្ទកំពូលរបស់ខ្លួន។
តាមសេចក្ដីប្រកាសព័ត៌មានជាផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោកមានដើមកំណើតពីកូរ៉េមួយនេះបានឱ្យដឹងថា ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន Galaxy S24 Ultra នឹងត្រូវពង្រាយគ្រប់ទីកន្លែងសំខាន់ៗ ជាពិសេសក្នុងពិធីបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីសតែម្ដង។
ប្រភពដដែលបានឱ្យដឹងថា S24 Ultra ទាំងនោះនឹងត្រូវប្រើប្រាស់ដើម្បីចាប់យករូបភាពក្នុងការផ្សាយផ្ទាល់ជាផ្លូវការតែម្ដង ជាមួយនឹងការបំពាក់បច្ចេកវិទ្យា 5G មកស្រាប់ផងនោះ Samsung បានចាប់ដៃនឹងក្រុមហ៊ុនសេវាទូរស័ព្ទបារាំងមួយឈ្មោះថា Orange ដើម្បីប្រើប្រាស់សេវា 5G ក្នុងការផ្សាយបន្តផ្ទាល់ដើម្បីធានាឱ្យបាននូវភាពរលូន។
នេះជាយុទ្ធសាស្ត្រទីផ្សារដ៏ល្អមួយរបស់ Samsung ដោយបានបង្ហាញពីភាពខ្លាំងនៃស្មាតហ្វូនជំនាន់ចុងក្រោយបង្អស់របស់ខ្លួន ទាំងគុណភាពនៃវីដេអូផ្ដិតចេញពីកាមេរ៉ាបំពាក់លើស្មាតហ្វូន ព្រមទាំងភាពធន់ផងដែរ ដោយហេតុថាស្មាតហ្វូននឹងត្រូវស៊ូជាមួយនឹង ពន្លឺថ្ងៃ ខ្យល់ និង កម្ដៅផងដែរ។
យ៉ាងណាការធ្វើទីផ្សារបែបនេះ មិនមែនជាលើកដំបូងឡើយរបស់ Samsung ដោយកន្លងទៅ ក្រុមហ៊ុននេះធ្លាប់បង្ហោះ S24 Ultra ដល់អវកាសហើយប្រើមុខងារ Zoom របស់ខ្លួនថតផែនដីវិញ។