កាលពីថ្ងៃទី10 ខែសីហា កន្លងទៅ Samsung បានធ្វើការបញ្ចេញកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ចុងក្រោយរបស់ខ្លួនគឺ Galaxy Z Fold 4 និង Galaxy Z Flip 4 ផងដែរ។ ដោយឡែកថ្មីៗនេះបើទោះបីជាមានការផ្អាកនាំចេញស្មាតហ្វូនទៅកាន់ រុស្ស៊ីជាក៏ដោយ តែក្រុមហ៊ុនមួយឈ្មោះថា Calviar របស់រុស្ស៊ីកំពុងតែសំងំច្នៃ Galaxy Z Fold 4 លក់តម្លៃកប់ក្តោង។
ដោយយោងទៅតាមការចុះផ្សាយរបស់ SamMobile បានឱ្យដឹងថា ក្រុមហ៊ុនកែច្នៃទូរស័ព្ធទំនើប Calviar បានប្រកាសលក់ Galaxy Z Fold 4 ដែលទើបចេញក្តៅៗក្នុងតម្លៃជាង 12,000ដុល្លារ ដែលវាជាការរចនាយ៉ាងពិសេសបំផុតហើយចំនួនមានកំណត់ (Limited Edition) ហើយចំពោះស្មាតហ្វូននេះគឺស្រោបទៅដោយសារធាតុកម្រដូចជា៖ Titanium, ស្បែក, មាស, រួមទាំងអាចម៍ផ្កាយផងដែរ។
ចំពោះការច្នៃរបស់ក្រុមហ៊ុន Calviar គឺគេបានបែងចែកជា4ប្រភេទគឺ Black Rain, Canyon Diablo, Golden Meteor, និង Solar Eclipse ដែលម៉ូឌែលនីមួយៗ ស្រោបទៅដោយសារធាតុដែលកម្រនៅលើផែនដី និងមានជម្រើសអង្គផ្ទុក 256GB និង 512GB ភ្ជាប់មកជាមួយស្រេចផងដែរ។
លើសពីនេះទៅទៀតក្រុមហ៊ុន Calviar ក៏បានដាក់លក់ទូរស័ព្ទកែច្នៃទាំងនេះក្នុងតម្លៃផ្សេងៗគ្នាផងដែរដោយម៉ូឌែល Black Rain មានតម្លៃ 9,610ដុល្លារ, Canyon Diablo តម្លៃ 10,830ដុល្លារ,Golden Meteor តម្លៃ 11 180ដុល្លារ,និងម៉ូឌែល Solar Eclipse គឺមានតម្លៃ 9 700ដុល្លារ ។
សម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ បើមានមួយគ្រឿងលក់នៅខ្មែរយើង តើហ៊ានដកលុយចេញពីហោប៉ៅទិញវាទេ?
អត្ថបទដោយ៖ រិន មករា