ថ្មីៗនេះក្រុមហ៊ុន Apple បានធ្វើការបញ្ចេញមុខងារថ្មីមួយគឺ Apple Music Sing ដែលវាអាចជាមុខងារទាក់ទាញមួយសម្រាប់អ្នកដែលចូលចិត្តច្រៀង Karaoke លើសពីនេះទៅទៀតមុខងារ Apple Music Sing នេះគឺអាចឱ្យអ្នកប្រើប្រាស់ធ្វើការច្រៀងជាមួយចម្រៀងដែលខ្លួនពេញចិត្តរាប់លានបទ មានទាំង Lyric ស្រាប់ៗស្រួលមើល និងមានមុខងារពិសេសៗជាច្រើនទៀត។
បើតាមការបញ្ជាក់របស់ Apple បានឱ្យដឹងថា មុខងារ Apple Music Sing មួយនេះគឺអាចនឹងដំណើរការនៅចុងខែនេះហើយ ពោគឺសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកតែម្តង ដែលវានឹងមាននៅលើ iPhone, iPad និង Apple TV 4K ជាដើម។
ក្នុងនោះផងដែរមុខងារដែលសំខាន់ៗដែលមាននៅក្នុង Apple Music Sing គឺមានដូចជា៖
- Adjustable Vocal: មានន័យថាអ្នកប្រើប្រាស់អាចកំណត់កម្រិតសំឡេងរបស់អ្នកចម្រៀង ដោយបើកសំឡេងអ្នកចម្រៀងតិចៗរួចអ្នកធ្វើការច្រៀងតាមក្រោយ លើសពីនេះទៅទៀតអ្នកក៏អាចច្រៀងលាយឡំគ្នាជាមួយនឹងចម្រៀងផ្សេងៗទៀតរាប់លានបទផងដែរ។
- Real-time lyric: ចំពោះមុខងារមួយនេះនឹងធ្វើការលោត Lyric ឬសំណេរនៃបទចម្រៀងមកភ្លាមៗទៅតាមចង្វាក់នៃបទចម្រៀងតែម្តង។
- Background Vocal: សម្រាប់មុខងារមួយនេះគឺវាអាចធ្វើការសម្រួលសំឡេងនៃបទចម្រៀងណាដែលឮជាន់គ្នាពិបាកស្តាប់ទៅជាសំឡេងមួយដែលស្រួលស្តាប់និងច្រៀងតាមវិញ។
- Duet View: ត្រង់ចំណុចនេះប្រសិនបើមានអ្នកច្រើននាក់ វានឹងលោតបង្ហាញទៅផ្នែកចំហៀងនៃអេក្រង់ ដើម្បីឱ្យអ្នកដែលច្រៀងតាមស្រួលធ្វើការតាមដាន ផ្នែកដែលខ្លួនឯងកំពុងច្រៀង។
គូសបញ្ជាក់ផងដែរថា សម្រាប់មុខងារ Apple Music Sing មួយនេះ គឺអាចប្រើប្រាស់បានតែសម្រាប់អ្នកដែលបាន Subscribe ឬទិញកញ្ចប់ Apple Music តែប៉ុណ្ណោះ។
អត្ថបទដោយ៖ រិន មករា