មកដល់សម័យនេះហើយទោះទៅដល់កន្លែងណាក៏យើងអាចរៀនបានដែរឲ្យតែយើងចង់ចេះចង់ដឹងពីជំនាញថ្មីៗ ជាពិសេសប្អូនៗដែលកំពុងតែនៅសិក្សានៅវិទ្យាល័យ សាកលវិទ្យាល័យជាដើមគឺសុទ្ធតែអាចរៀនបានដូចគ្នា។ ជាក់ស្តែងមានវេបសាយមួយឈ្មោះថា Wolfram Alpha ដោយក្នុងវេបសាយមួយនេះគឺផ្ទុកទៅដោយមេរៀនល្អៗជាច្រើនសឹងគ្រប់ផ្នែកតែម្តង។
ពេលដែលចូលទៅកាន់វេបសាយមួយនេះវានឹងធ្វើការបែងចែកមេរៀនទៅតាមប្រភេទដូចជាផ្នែកគណិតវិទ្យា ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ផ្នែកសង្គមនិងវប្បធម៌ ក៏ដូចជាមេរៀនផ្សេងៗទៀតទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ លើសពីនេះទៅទៀតនៅផ្នែកខាងលើបងប្អូនអាចបញ្ចូលជាលំហាត់ណាមួយដែលចង់ដោះស្រាយបាន វានឹងធ្វើការបង្ហាញចម្លើយក៏ដូចជាដំណោះស្រាយមកភ្លាមៗតែម្តង។
ក្នុងនោះផងដែរ ប្រសិនបើអ្នកទាំងអស់គ្នាពេញចិត្តនឹងមេរៀនណាមួយគឺគ្រាន់តែចូលកាន់ផ្នែកនោះ បន្ទាប់មកវានឹងបង្ហាញមេរៀនទៅតាមលំដាប់លំដោយ ដូចជារបៀបនៅក្នុងការគិត ការដោះស្រាយ ព័ត៌មានសំខាន់ក្នុងមុខវិជ្ជានីមួយៗ និងមានជាឧទាហរណ៍ជាក់ស្តែងផងដែរ។
គូសបញ្ជាក់ផងដែរថាសម្រាប់វេបសាយ Wolfram Alpha នេះគឺយើងអាចបញ្ចូលជារូបភាពដើម្បីឲ្យវាដោះស្រាយក៏បាន ឬក៏ថតភ្លាមដើម្បីឲ្យវាដោះស្រាយក៏បាន មិនតែប៉ុណ្ណោះវាក៏អាចប្រើបានទាំងនៅលើកុំព្យូទ័រនិងនៅលើទូរស័ព្ទដៃផងដែរ។
អត្ថបទដោយ៖ រិន មករា