បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយសម្រួលដល់ការធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែមានភាពងាយស្រួល និងទំនើបជាងមុន។ យ៉ាងណាមិញ រាល់ដងឱ្យតែនិយាយដល់បច្ចេកវិទ្យាទំនើបៗ គេច្រើនតែនឹកឃើញ ដល់បច្ចេកវិទ្យាដែលនាំចូលមកពីបរទេស ប៉ុន្ដែថ្ងៃនេះ យើងនឹងមកស្គាល់សហគ្រិនបច្ចេកវិទ្យាខ្មែរមួយរូប គឺលោក កែវ រស្មី នាយកប្រតិបត្តិក្រុមហ៊ុន UDAYA TECHNOLOGY ដែលបានចំណាយពេលជាង ១២ឆ្នាំ នៅក្នុងការចូលរួមចំណែកស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រតិបត្តិការអាជីវកម្មរបស់បងប្អូនអាជីវករខ្មែរ។ ជាពិសេស អស់រយៈពេល១២ឆ្នាំមកនេះ គឺលោកបានចូលរួមដោះស្រាយបញ្ហាក្នុងវិស័យសុខាភិបាលតាមរយៈការផ្ដល់ជូននូវច្ចេកវិទ្យាគ្រប់គ្រងទំនើប។
ក្រឡេកទៅមើលប្រវត្តិរបស់លោក កែវ រស្មី បន្ដិច បើតាមការឱ្យដឹងរបស់ជំនួយការរបស់លោក កែវ រស្មី គឺលោក ស្រៀង សុវត្ថិ បានប្រាប់ក្រុមការងារ Technology Cambodia នៅក្នុងបទសម្ភាសន៍យ៉ាងដូច្នេះថា លោក កែវ រស្មី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រោយពីរៀនចប់លោកបានចូលប្រឡូកធ្វើការងារចន្លោះពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ២០០៦។ ដោយសារតែស្រលាញ់បច្ចេកវិទ្យា និងចង់ក្លាយជាសហគ្រិនដែលអាចរួមចំណែកដោះស្រាយបញ្ហាសង្គម នៅក្នុងឆ្នាំ២០១០ លោក កែវ រស្មី ក៏បានចាប់ផ្ដើមបើកក្រុមហ៊ុន UDAYA TECHNOLOGY ឡើង ដោយផ្ដោតទៅលើការបង្កើតប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាសម្រាប់វិស័យសុខាភិបាល ខណៈពេលនោះប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាសម្រាប់មន្ទីរពេទ្យ និងគ្លីនិចនៅក្នុងប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ។
យ៉ាងណាមិញ ដូចពាក្យគេថា ការគិតរៀបចំដាក់ផែនការគឺជារឿងដែលលំបាកមួយតង់ទៅហើយ ប៉ុន្ដែអ្វីដែលកាន់តែលំបាកនោះ គឺការអនុវត្តន៍ផែនការជាក់ស្ដែង ហើយនៅពេលដំណើរការក្រុមហ៊ុន UDAYA TECHNOLOGY ដំបូងៗ លោក កែវ រស្មី បានជួបប្រទះនូវបញ្ហាលំបាកៗជាច្រើនរាប់មិនអស់ ប៉ុន្ដែក្រោយពីតស៊ូយ៉ាងក្រាញននៀល នៅទីបំផុតក្រុមហ៊ុនរបស់លោក កែវ រស្មី ក៏ចាប់ផ្ដើមមានអតិថិជនជាច្រើន ហើយគម្រោងធំ និងគួរមោទនៈបំផុតមួយសម្រាប់ជីវិតជាសហគ្រិនបច្ចេកវិទ្យារបស់ លោក កែវ រស្មី នោះ គឺក្រុមហ៊ុនរបស់លោកទទួលបានការទុកចិត្តឱ្យធ្វើការទៅលើការងារទៅលើគម្រោងបង្កើតបច្ចេកវិទ្យាប្រព័ន្ធគ្រប់គ្រង មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យសបុរសធម៌ ដែលជាក្ដីសង្ឃឹមសម្រាប់កុមារកម្ពុជា។
ក្រោយពីបញ្ចប់បេសកម្មទៅលើគម្រោងដ៏ធំមួយនេះ ក្រុមហ៊ុន UDAYA TECHNOLOGY របស់លោក កែវ រស្មី ក៏ចាប់ផ្ដើមមានកេរ្ដិ៍័ឈ្មោះបោះសំឡេងកាន់តែខ្លាំង ហើយជាពិសេសគឺទទួលបានការទុកចិត្តឱ្យធ្វើការទៅលើគម្រោងរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងមន្ទីរពេទ្យ ក៏ដូចជាគ្លីនិកជាច្រើនរាប់រយនៅក្នុងប្រទេសកម្ពុជា ជាបន្ដបន្ទាប់រហូតមកដល់សព្វថ្ងៃ។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន UDAYA TECHNOLOGY របស់លោក កែវ រស្មី មិនមែនមានតែប្រព័ន្ធគ្រប់គ្រងអាជីវកម្មបច្ចេកវិទ្យាសម្រាប់តែមន្ទីរពេទ្យនោះទេ ពោលគឺ មានប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ជាច្រើនរួមមាន ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មឧស្សាហកម្ម សម្រាប់វិស័យដឹកជញ្ចូន ប្រព័ន្ធគ្រប់គ្រងអាជីវកម្មទូទៅរួមមាន គណនី ហិរញ្ញវត្ថុ និងស្ដុកជាដើម។ ហើយជាពិសេសមានក្រុមហ៊ុនរាប់រយនៅក្នុងប្រទេសរបស់យើង ទុកចិត្តនិងប្រើប្រាស់សេវាកម្មបច្ចេកវិទ្យាប្រព័ន្ធគ្រប់គ្រងរបស់ UDAYA។
ដោយឡែក ប្រសិនបើលោកអ្នក ចង់ប្រើប្រាស់សេវាកម្ម ឬចង់ទទួលបានការប្រឹក្សាយោបល់ផ្សេងៗ ពាក់ព័ន្ធទៅនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន UDAYA ដែលមានបទពិសោធន៍ក្រាស់ក្រែលក្នុងការងារមួយនេះ អាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 023 881 887 | 081 881 887 វេបសាយ udaya-tech.com ឬហ្វេសប៊ុកផេក Udaya Technology៕
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Tel: 0966034563| Telegram: @Navasiri)