ញ៉ាក់សាច់! TikTok វ៉ាដាច់ Google ក្លាយជាផ្លេតហ្វមមាន អ្នកចូលមើលច្រើនបំផុតលើលោក
Navasiri Morm
JANUARY 27 2022
អាជីវកម្ម 4.0
1.6 K views
2 mins read

គេថា​រលកក្រោយច្រានរលកមុខ ហើយជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់ WJS បានឱ្យដឹងថា TikTok ដែលជាផ្លេតហ្វមមើលវីដេអូខ្លី ទើបតែកើតក្រោយ បានជាប់ចំណាត់ថ្នាក់ជាវេបសាយមានអ្នកចូលមើលច្រើនបំផុតលេខ១លើលោក ប្រចាំឆ្នាំ២០២១ វ៉ាដាច់វេសាយ Googel ដែលជាសិស្សច្បងនិងធ្លាប់ជាជើងឯកកាលពីឆ្នាំមុន  នេះបើតាមទិន្នន័យ ដែលប្រមូលដោយក្រុមហ៊ុន  Cloudflare Inc។

ប្រភពដដែលបានឱ្យដឹងទៀតថា App TikTok ដែលត្រូវបានបង្កើតនិងគ្រប់គ្រងដោយក្រុមហ៊ុន ByteDance Ltd., ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិននេះ ហាក់មានពន្លឺចែងចាំងដូចព្រះអាទិត្យរះ ពោលគឺប៉ុន្មានឆ្នាំចុងក្រោយនេះ TikTok បានផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោករាប់ពាន់លាននាក់។ ជាក់ស្ដែងកាលពីឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុន TikTok ធ្លាប់បានបង្ហើបថា ក្នុង១ខែៗ App របស់ខ្លួនដល់ទៅជាង១ពាន់លាននាក់ឯណោះ។  

ដោយឡែកសម្រាប់មូលហេតុ ដែលធ្វើឱ្យ TikTok អាចឆប់យកបេះដូងអ្នកប្រើប្រាស់ដល់ទៅខ្ទង់ពាន់លាននាក់ជុំវិញពិភពលោកដូច្នេះគឺដោយសារតែ TikTok បានពង្រឹងទៅលើសមត្ថភាព AI និង Algorithm របស់ខ្លួន ពោលគឺ TikTok ដឹងចិត្តអ្នកប្រើប្រាស់ថា ម្នាក់ៗចូលចិត្តមើលវីដេអូប្រភេទណាខ្លះ ហេតុនេះរាល់ពេលអ្នកចូលប្រើ TikTok ម្ដងៗ យើងតែងតែអន្លង់អន្លោចផុងខ្លួនជាប់មើលវីដេអូខ្លីៗពីមួយទៅមួយ នៅលើផ្លេតហ្វមមួយនេះ អស់រាប់ម៉ោងដោយមិនដឹងខ្លួន។

ជាមួយគ្នានេះដែរ កម្មវិធី TikTok ក៏បានក្លាយជាផ្លេតហ្វមមួយ ដែលផ្ដល់ឱកាសឱ្យមនុស្សអាចបញ្ចេញសមត្ថភាព រហូតមានអ្នកក្លាយជាតារាល្បី តាមរយៈវីដេអូខ្លីៗរបស់ខ្លួន។ ជាក់ស្ដែង តាមរយៈការបង្ហោះវីដេអូខ្លីៗ បញ្ចេញសមត្ថភាពរាំបង្ហោះនៅលើ TikTok បានធ្វើឱ្យកញ្ញា Addison Rae និងកញ្ញា Charli D'Amelio ក្លាយជាតារាល្បី រហូតត្រូវបានគេអញ្ចើញឱ្យទទួល Project ថតរឿងហូលីវ៉ូតថែមទៀតផង។

គួរជម្រាបផងដែរថា TikTok ត្រូវបានបង្កើតឡើងដោយលោក Zhang Yiming ដែលជាជនជាតិចិន នៅក្នុងឆ្នាំ​ ២០១៦។ ហើយ TikTok ក៏ត្រូវបានគេចាត់ទុកថា ជាក្លាយជាកម្មវិធី និងជារបរបច្ចេកវិទ្យាមួយដែលរីកចម្រើនលឿនបំផុតនៅលើលោក ក្នុងចំណោមផ្លេតហ្វមដទៃទៀត។

មេរៀនមួយចំនួនដែលយើងអាចរៀនបានពី TikTok៖

  • ត្រូវយកបណ្ដាញសង្គមធ្វើជាទីលានចាប់ឱកាស​ ដូចជា កញ្ញា Addison Rae និងកញ្ញា Charli D'Amelio ខាងលើបានក្លាយជាតារាល្បី ដោយសារតែការចេះប្រើ TikTok បញ្ចេញសមត្ថភាពបញ្ហាទៅមនុស្សនឹងឯង។
  • រកស៊ីត្រូវស្គាល់ចិត្តអតិថិជន ដឹងថាអតិថិជនចង់បានអី ជាក់ស្ដែងនារីម្នាក់ស្រលាញ់បុរសម្នាក់ដកចិត្តមិនរួចដោយសារតែខាងប្រុសប៉ិនយកចិត្តនឹងឯង ហេតុនេះ ត្រូវស្គាល់ចិត្តអតិថិជន ហើយធ្វើឱ្យត្រូវចិត្តគាត់ទៅ ពេលក្រោយគាត់នឹងមករកយើងទៀតហើយ។ ដូចជា TikTok ប្រើ AI និងបង្កើត Algorith រុញវីដែអូដែលអ្នកប្រើប្រាក់ម្នាក់ៗចូលចិត្ត ជាបន្ដបន្ទាប់នឹងឯង។
  • កុំអស់សង្ឃឹម ឱកាសធំៗនៅតែមានគ្រប់សម័យកាលទាំងអស់ ជាក់ស្ដែងបើ លោក Zhang Yiming​ ឃើញ Youtube, Google, Facebook ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំ ដែលជោគជ័យ ហើយគាត់គិតថាក្រុមហ៊ុនទាំងនោះចាប់ឱកាសអស់ ម្លេះប្រហែលគ្មាន TikTok ដូចថ្ងៃនេះទេ។ ហេតុនេះត្រូវសំឡឹងរកដំណោះស្រាយដែលឆ្លើយតបចំពោះបញ្ហា បំពេញតម្រូវការ​ ឬបំពេញចំណង់ចង់បានអ្នកមនុស្ស នេះហើយជាឱកាស។
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia