បច្ចុប្បន្ននេះ ការគាំងគំនិតក្នុងការឌីហ្សាញវីដេអូ និងរូបភាពផ្សេងៗ គឺជាបញ្ហាដ៏ធំបំផុតមួយ ដែលអ្នកកាន់ផ្នែកទីផ្សារ និងអ្នកធ្វើការផ្នែកច្នៃប្រឌិតទូទាំងពិភពលោកជួបប្រទះ។ ហើយដើម្បីចូលរួមចំណែកដំណោះស្រាយបញ្ហានេះ ក្រុមហ៊ុនធំៗ ដូចជា Apple Google និង Meta ជាដើម បានធ្វើការបង្កើតកន្លែងសម្រាប់ប្រមូលផ្ដុំនូវគំនិតឌីហ្សាញល្អៗ សម្រាប់ឱ្យអ្នកធ្វើការងារច្នៃប្រឌិតទូទាំងពិភពលោក ចូលទៅមើលដើម្បីជាគំនិតយកទៅប្រើក្នុងការងារជាក់ស្ដែងរបស់ខ្លួន តាមរយៈវេបសាយដូចខាងក្រោមនេះ។
១. Facebook Ads Inspiration៖ នេះគឺជាកន្លែងដែលល្អបំផុត មួយសម្រាប់អ្នកធ្វើទីផ្សារលើ Facebook និង Instagram ជាដើម អាចទៅមើលដើម្បីទទួលបានគំនិតច្នៃប្រឌិត យកមកប្រើក្នុងការឌីហ្សាញរបស់ខ្លួនដើម្បីផ្សព្វផ្សាយបាន។ ដោយក្នុងនោះ មានទាំងគំរូក្នុងការឌីហ្សាញឱ្យត្រូវតាមស្ដង់ដារ ទាំងរូបភាព វីដេអូ ការបង្កើត Story និង Message ពាណិជ្ជកម្មឱ្យទាក់ទាញជាដើម។
២. Design - Apple Developer៖ វេបសាយរបស់ក្រុមហ៊ុនយក្ស Apple មួយនេះ គឺជាឃ្លាំងប្រមូលផ្ដុំនូវគំនិតច្នៃប្រឌិតជាច្រើន ដូចជាគំនិតឌីហ្សាញ វីដេអូ ការរៀបពុម្ភអក្សរ (Font) ការរៀបចំរូបភាព និងអត្ថបទផ្សេងៗ ល្អបំផុតសម្រាប់អ្នកកាន់ការងារផ្នែកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ និងវេបសាយ (Web or App-Developer)។ ហើយអ្នកកាន់ការងារផ្នែកទីផ្សារក៏អាចទៅចូលមើលដើម្បីបានគំនិតច្នៃប្រឌិតមួយចំនួនផងដែរ។
៣. Think with Google៖ នេះគឺជាកន្លែងដែលល្អបំផុតសម្រាប់អ្នកកាន់ការងារផ្នែកទីផ្សារឌីជីថល ដោយឃ្លាំងគំនិតច្នៃប្រឌិតដែលបង្កើតឡើងដោយ ក្រុមហ៊ុនយក្ស Google មួយនេះ ប្រមូលផ្ដុំនូវគំនិតច្នៃប្រឌិតជាច្រើន ហើយថែមទាំងមានករណីសិក្សារបៀបធ្វើទីផ្សាររបស់ក្រុមហ៊ុនធំៗ និងល្បីៗជាច្រើនដែលគេធ្លាប់ធ្វើបានជោគជ័យ។
គួរជម្រាបផងដែរថា កន្លែងទាំង៣ខាងលើនេះ គឺជាឃ្លាំងល្អមួយ ដែលអ្នកអាចទៅរៀនសូត្រ និងទៅស្វែងរកគំនិតច្នៃប្រឌិតយកមកប្រើក្នុងការងារជាក់ស្ដែងរបស់អ្នកបាន។ យ៉ាងណាមិញ ដើម្បីជួយការងាររបស់អ្នកឱ្យកាន់តែរលូន និងចំណេញពេលវេលា អ្នកក៏អាចប្រើវេបសាយ Freepik និង Canvas ដើម្បីជាជំនួយក្នុងការឌីហ្សាញរបស់អ្នកបន្ថែមបានផងដែរ ដោយវេបសាយទាំងពីរនេះ មាននូវ គំរូ Template ឌីហ្សាញស្រាប់ៗជាច្រើន ដែលអ្នកអាចយកមកប្រើបានភ្លាមៗ។
ទៅយកគំនិតច្នៃប្រឌិត និងរបៀបធ្វើឱ្យត្រូវតាមស្ដង់ដារពីវេបសាយរបស់ក្រុមហ៊ុនយក្សទាំង៣ បូកនិងការប្រើវេបសាយឃ្លាំង Template ទាំង២នេះបន្ថែម នឹងជួយឱ្យការងាររបស់អ្នកកាន់តែរលូន៕