កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SpaceX និងក្រុមហ៊ុន T-Mobile ដែលជាបណ្តាញទូរស័ព្ទធំទីពីររបស់សហរដ្ឋអាមេរិក ចាប់ដៃសហការគ្នាលើផែនការរយៈពេលវែងដើម្បីនាំយកគម្រោងអ៊ីនធឺណិតតាមផ្កាយរណប Starlink ដែលបង្កើតឡើងដោយមហាសេដ្ឋីលេខ១ លោក Elon Musk ទូទាំងសហរដ្ឋអាមេរិក ជាពិសេសគឺធ្វើឱ្យតំបន់ដាច់ស្រយាលនៅសហរដ្ឋអាមេរិកចូលដល់អ៊ីនធឺណិតល្បឿនលឿនគ្រប់តំបន់ នេះបើយោងតាមគេហទំព័រ Apple Insider។
ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន T-Mobile គ្រោងនឹងប្រើប្រាស់ផ្កាយរណបក្នុងគន្លងទាបរបស់ Starlink ដើម្បីបង្កើតបណ្តាញថ្មីនៅលើរលកប្រេកង់ពាក់កណ្តាលរបស់ក្រុមហ៊ុន T-Mobile សម្រាប់គម្រោងពង្រាយអ៊ីនធឺណិតល្បឿនលឿនទូទាំងប្រទេស។
ជាមួយគ្នានេះដែរ តាមរយៈការចាប់ដៃជាមួយនឹង T-Mobile នេះ គ្រប់ប្រភេទនៃទូរសព្ទទាំងអស់អាចធ្វើការភ្ជាប់ទៅកាន់អ៊ីនធឺណិតពីលើមេឃរបស់ Starlink បាន ប៉ុន្ដែ ដំណាក់កាលដំបូង សម្រាប់ទូរសព្ទដែលអាចភ្ជាប់អ៊ីនធឺណិតល្បឿនលឿន 5G បាន គឺចាប់ពីសេរី iPhone 12, iPhone 13 និង iPhone 14 ដែលនឹងចេញក្នុងពេលខាងមុខនេះ។ ដោយឡែកសម្រាប់ក្រុមទូរសព្ទ Androind ខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ថាអាចភ្ជាប់អ៊ីនធឺនិតល្បឿន 5G បាននៅឡើយទេ។
គួរជម្រាបផងដែរថា សម្រាប់ការចាប់ដៃរវាង SpaceX និង T-Mobile នេះ គេគ្រោងនឹងយកអ៊ីនធឺណិតពីលើមេឃ Starlink មកពង្រាយចែកចាយឱ្យប្រើទូទាំងសហរដ្ឋអាមេរិក ជាពិសេសគឺតំបន់ដាច់ស្រយាល។ ដោយឡែកសម្រាប់គម្រោងនេះ គេគ្រោងនឹងបើកឱ្យប្រើប្រាស់សាកល្បងក្នុងឆ្នាំ២០២៣ ខាងមុខ នៅក្នុងប្រទេសអាមេរិកមុនគេ មុននឹងពង្រីកខ្លួនជាបន្ដបន្ទាប់ទៅកាន់បណ្ដាប្រទេសដទៃទៀតទូទាំងពិភពលោក៕