ឡូយណាស់! កម្ពុជាចូលក្នុងបញ្ជីរង់ចាំ អ៊ីនធឺណិតទម្លាក់ពីលើមេឃ របស់ Elon Musk អាចនឹងមកខ្មែរឆ្នាំក្រោយ
Navasiri Morm
JULY 25 2022
អាជីវកម្ម 4.0
7.3 K views
1 min read

Starlink គឺជាគម្រោងផ្ដល់សេវាកម្មអ៊ីនធឺណិតទម្លាក់ពីលើមេឃ ដ៏ល្បីល្បាញបំផុតមួយលើលោក ដែលបង្កើតឡើងដោយមហាសេដ្ឋី Elon Musk។ ហើយបើគិតមកទល់នឹងពេលនេះ Starlink បានពង្រីកខ្លួនចូលផ្ដល់សេវាកម្មជាង ៣៦ប្រទេសរួចមក ខណៈក្រុមហ៊ុនមួយនេះក៏មានគម្រោងពង្រីកការផ្ដល់សេវាកម្មរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀតជាច្រើនទូទាំងសកលលោក រួមទាំងប្រទេសកម្ពុជាយើងផងដែរ។

បើតាមគេហទំព័រផ្លូវការណ៍របស់ក្រុមហ៊ុន Starlink បានបង្ហាញថា ប្រទេសកម្ពុជា ក៏ជាប់នៅក្នុងបញ្ជីរង់ចាំនៃការចូលមកបម្រើសេវាកម្មរបស់ក្រុមហ៊ុន Starlink ផងដែរ។ ហើយបើតាមការបង្ហាញនៅលើផែនទី (Map) នៅក្នុងគេហទំព័រ Starlink បានបង្ហាញថា គេគ្រោងនឹងចូលមកផ្ដល់សេវាកម្មក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Starlink គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត ដែលខុសពីក្រុមហ៊ុនដទៃទាំងអស់លើលោក ពោលគឺអ៊ីនធឺណិតរបស់ Starlink កើតចេញពីការបង្ហោះផ្កាយរណបទៅលើមេឃ ហើយបាញសេវាអ៊ីនធឺណិតពីផ្កាយរណបនៅលើមេឃ មកកាន់ផែនដី។ ហើយការបង្កើត គម្រោងអ៊ីនធឺណិតពីលើមេឃនេះឡើង គឺ Elon Musk មានបំណងចង់ឱ្យមនុស្សទាំងអស់នៅលើពិភពលោកចំនួន ៧,៩៦ប៊ីលាននាក់ អាចចូលដល់អ៊ីនធឺណិតល្បឿនលឿន និងមានឱកាសស្មើៗគ្នា ស្របពេលដែលបច្ចុប្បន្ននេះ មានមនុស្សប្រមាណ ២.៩ប៊ីលាននាក់លើលោកមិនមានអ៊ីនធឺណិតប្រើនោះទេ។ នេះបើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ(UN) ។

ប្រសិនបើគម្រោង Starlink ជោគជ័យ ហើយមនុស្ស ២.៩ប៊ីលាននាក់់ផ្សេងទៀត អាចចូលដល់អ៊ីនធឺណិតវាពិតជារឿងដ៏ប្រសើរខ្លាំងណាស់ ពីព្រោះថាប្រសិនបើយើងក្រឡេកទៅមើលការប្រើប្រាស់អ៊ីនធឺណិតក្នុងផ្លូវវិជ្ជមាន នោះអ្នកនឹងឃើញថា អ៊ីនធឺណិតមានអត្ថប្រយោជន៍ននិងជួយឱ្យមនុស្សធ្វើរឿងអស្ចារ្យជាច្រើនបាន ដូចជាការទំនាក់ទំនង ការធ្វើអាជីវកម្ម ការកំសាន្ដ ក៏ដូចជាការរៀនសូត្រផ្សេងៗជាដើម៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia