យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីម្សិលមិញនេះ បានឱ្យដឹងថា ក្រុមហ៊ុន Samsung បានសម្រេចទម្លាក់លុយ ៩២០លានដុល្លារបន្ថែម ដល់ការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដែលជាកន្លែងផលិតនិងចែកចាយស្មាតហ្វូនពាក់កណ្តាលពិភពលោករបស់ខ្លួន។
ប្រភពដដែលបានឱ្យដឹងទៀតថា កាលពីថ្ងៃពុធ សប្ដាហ៍នេះ ក្រុមហ៊ុន Samsung Electro-Mechanics Vietnam បានទទួលបានវិញ្ញាបនបត្រ ក្នុងការបង្កើតទុន ៩២០លានដុល្លារ ដែលធ្វើឱ្យទុនមានការកើនឡើងដល់ទៅ ២.២៧ប៊ីលានដុល្លារ ដែលធ្វើឱ្យ Samsung ក្លាយជាក្រុមហ៊ុននាំចេញ និងវិនិយោគបរទេសដ៏ធំជាងគេបំផុតនៅវៀតណាម។
ជាមួយគ្នានេះដែរ រោងចក្រដែល Samsung បើកក្នុងខេត្តថៃង្វៀន (Thai Nguyen) នេះ នឹងជួយ Samsung ក្នុងការផលិតផលិតបន្ទះសៀគ្វី, ម៉ូឌុលកាមេរ៉ា, ម៉ូឌុលឧបករណ៍ចាប់សញ្ញានិងការប៉ះពាល់, កញ្ចក់, លែន និងផ្នែកផ្សេងជាច្រើនទៀត។
គួរជម្រាបផងដែរថា រោចងក្រនៅក្នុងខេត្តថៃង្វៀន (Thai Nguyen) ដែល Samsung បានទម្លាក់លុយវិនិយោគនេះ គឺជាកន្លែងផលិតនិងចែកចាយស្មាតហ្វូនពាក់កណ្តាលពិភពលោករបស់ Samsung។ បន្ថែមពីនេះទៀត រោងចក្រមួយនេះ បានបង្កើតការងារឱ្យប្រជាជនវៀតណាមដល់ទៅ ៦៥៨៥ នាក់ឯណោះ៕