យោងតាមការចុះផ្សាយពីសំណាក់សារព័ត៌មាន Insider នៅពេលថ្មីៗនេះបានឱ្យដឹងថា តុលាការរដ្ឋតិចសាស បានសម្រេចបញ្ជាឱ្យ Meta បង់លុយឱ្យក្រុមហ៊ុន App អាយកូមមួយឈ្មោះថា Voxer បង់លុយប្រមាណ ១៧៤.៥លានដុល្លារ ពីបទរំលោភកម្មសិទ្ធបញ្ញា។
មែនទែនរឿងក្ដីនេះកើតឡើងតាំងពីឆ្នាំ ២០២០ មកម្លេះ ដោយលោក Tom Katis ដែលជាអតីតយុទ្ធជនអាមេរិកាំងមួយរូបបានអភិវឌ្ឍបច្ចេកវិទ្យាទំនាក់ទំនងមួយបែបស្រដៀងទៅនឹងបច្ចេកវិទ្យាអាកូមដែរនោះហើយបានបញ្ចេញ App មួយឈ្មោះថា Voxer នៅឆ្នាំ ២០១១។
ក្រោយបញ្ចេញ App បានមួយឆ្នាំខាងភាគីដើមបណ្ដឹងអះអាងថា តំណាងខាងក្រុមហ៊ុន Facebook បានទាក់ទងជាមួយគាត់ ក្នុងគោលបំណងសហការ ប៉ុន្តែមិនបានចេញជាកិច្ចសហប្រតិបត្តិការណាមួយជាផ្លូវការឡើយ។
ហើយមួយរយៈក្រោយមក Voxer អះអាងថាក្រុមហ៊ុន Facebook ឬ Meta បានប្រើប្រាស់បច្ចេកវិទ្យាក្នុងប៉ាតង់របស់ខ្លួនប្រើប្រាស់នៅក្នុងកម្មវិធី Facebook Live និង Instagram Live ជាដើម។
យ៉ាងណាខាង Meta មិនយល់ស្របនឹងការសម្រេចរបស់តុលាការរដ្ឋ Texas នោះទេ ដោយត្រៀមរៀបចំបែបបទប្ដឹងបន្តដោយខ្លួនយល់ឃើញថា មិនបានប៉ះពាល់ប៉ាតង់របស់ក្រុមហ៊ុន Voxer នោះទេ៕