ស្អប់ Apple ដល់ឆ្អឹង? Mark ផុសរូបប្រើកុំព្យូទ័រ Apple តែកាត់ឡូហ្គោផ្លែប៉ោមចេញ
Navasiri Morm
JUNE 14 2022
អាជីវកម្ម 4.0
6.6 K views
3 mins read

មនុស្សមួយពិភពលោកសុទ្ធតែបានដឹងហើយថា ទំនាក់ទំនងរវាងក្រុមហ៊ុនយក្ស Meta និង Apple មានភាពប្រេះឆាចាប់តាំងពី Apple លើយករឿង Private និង​ Security យកមកជជែក។ ហើយជារឿយៗ CEO ក្រុមហ៊ុនយក្សទាំងពីរ គឺលោក Mark Zuckerberg និង​ លោក​ Tim Cook តែងតែធ្វើការនិយាយឌឺដងផ្លែផ្កាវាយប្រហាគ្នាទៅវិញទៅមកជាច្រើនដងផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗ ដើម្បីអបអរយីហោ McDonald’s ឡើងផ្លែតហ្វម WorkPlace របស់ Meta លោក Mark Zuckerberg បានផុសរូបភាពរបស់ខ្លួនហុំព័ទ្ធទៅដោយនំប៊ឺហ្គឺ McDonald’s នៅលើគណនីផ្លូវការណ៍របស់ខ្លួន។ យ៉ាងណាមិញ រូបថតដែល​ Mark ផុសនោះ គេសង្កេតឃើញថាក៏មានជាប់កុំព្យូទ័រ MacBook របស់ Apple ផងដែរ ប៉ុន្ដែរឿងដែលគួរឱ្យចាប់អារម្មណ៍នោះ គឺលោក Mark បានកាត់រូបឡូហ្គោផ្លែប៉ោបរបស់ Apple ចេញពីខ្នងកុំព្យូទ័របស់ខ្លួន។

មែនទែនទៅ ភាពរកាំរកុះរវាងក្រុមហ៊ុនទាំងពីរ ចាប់ផ្ដើមឡើងកាលពីឆ្នាំ២០១៨ ដែល Apple បានចាប់ផ្ដើមនិយាយពីរឿងសុវត្ថិភាពឯកជនភាព (Privacy) របស់អ្នកប្រើ​ប្រាស់។ ហើយក្រោយមក Mark Zuckerberg ក៏បានប្រលះ Tim Cook វិញឈឺៗ ដោយពេលនោះ Apple បានប្រកាសយកចំណែកប្រាក់ចំណូល ៣០% ចំពោះគ្រប់ App ទាំងអស់ដែលដាក់ឱ្យមនុស្សទាញយកទៅប្រើតាម AppStore ហើយខាងលោក Mark Zuckerberg បាននិយាយចំៗថា ការដែល Apple ធ្វើបែបនេះ គឺមិនខុសពីច្របាច់កទាលុយពីអ្នកបង្កើត App នោះទេ។

ជាមួយគ្នានេះដែរ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ លោក Mark Zuckerberg ក៏បានជំរុញឱ្យបុគ្គលិករបស់ខ្លួន ឈប់ប្រើទូរស័ព្ទ iPhone និងងាកមកប្រើ Android វិញ។ បន្ថែមពីនេះទៀត Mark ថែមទាំងធ្លាប់បានអួតថាខ្លួនជាអ្នកគាំទ្រយីហោ SamSung និងស្រលាញ់ប្រព័ន្ធប្រតិបត្តិការណ៍ Android ថែមទៀតផង។

ក្រោយមក នៅឆ្នាំ២០២១កន្លងទៅនេះ Apple បានធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 14 របស់ខ្លួន និងបានបង្កើតមុខងារថ្មីដែលមានឈ្មោះថា App Tracking Transparency (ATT) ដែលមុខងារនេះបានដើរតួនាទីធ្វើឱ្យមានតម្លាភាពរវាងអ្នកប្រើប្រាស់ និងខាងក្រុមហ៊ុនដែលជាម្ចាស់ App ពោលគឺអ្នកប្រើប្រាស់អាចមានសិទ្ធិអាចបិទមិនអនុញ្ញាតឱ្យ Facebook យកទិន្នន័យរបស់ខ្លួនទៅប្រើប្រាស់។ ហើយការធ្វើបច្ចុប្បន្នភាព iOS និងបន្ថែមមុខងារ ATT បានធ្វើឱ្យ Facebook ខាតអស់១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២នេះ។

គួរជម្រាបផងដែរថា ការប៉ះទង្គិចរវាងក្រុមហ៊ុនទាំងពីរ ក៏មានជះឥទ្ធិពលមួយចំនួនដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមមួយចំនួននៅក្នុងស្រុកខ្មែរផងដែរ ជាពិសេសគឺម្ចាស់អាជីវកម្មដែលត្រូវការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook ផ្ទាល់តែម្ដង។ ជាក់ស្ដែង ចាប់តាំងពីមានការ Update iOS ពី Apple មក Facebook បានជួបបញ្ហាមួយគឺពិបាកក្នុងការបញ្ចូនផុសដែលម្ចាស់អាជីវកម្ម Boost ទៅកាន់គោលដៅ ជាពិសេសពិបាកបង្ហាញទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS តែម្ដង។

ហើយការលេងមួយក្បាច់របស់ Apple នេះ ក៏បានធ្វើ​ព្យុះធ្វើភ្លៀងមកដល់ Facebook មកទល់នឹងសព្វថ្ងៃនេះ ដោយ Facebook ត្រូវគិតរៀបចំធ្វើកំណែទម្រង់ប្រព័ន្ធក្នុងការ Boost របស់ខ្លួនឡើងវិញជាច្រើនផងដែរ។ ហើយប្រសិនបើអ្នកជាអ្នកផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកក៏ត្រូវតាមឱ្យទាន់ដូចគ្នា ដើម្បីអាចធ្វើការបត់បែនផ្សព្វផ្សាយឱ្យចំគោលដៅ មិនខាតលុយផ្សព្វផ្សាយទទេរៗ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia