បើនិយាយដល់ឈ្មោះលោក Keisuke HONDA គ្រប់គ្នាប្រហែលជាស្គាល់ថា គាត់គឺជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូប និងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ។ យ៉ាងណាមិញ ទោះបីជាមមាញឹកជាមួយនឹងកីឡាបាល់ទាត់មែន ប៉ុន្ដែលោក HONDA មានក្រុមហ៊ុនក្នុងដៃរហូតដល់ទៅ ១៩០ក្រុមហ៊ុនឯណោះ។
ជាក់ស្ដែងបើយោងតាមការចុះផ្សាយនៅក្នុងគេហទំព័រ PROTOCOL បានឱ្យដឹងថា បច្ចុប្បន្ននេះ លោក Keisuke HONDA បានបង្កើតមូលនិធិវិនិយោគចំនួន២ ដែលមានឈ្មោះថា «KSK Angel Fund» និង «Dreamers Fund»។ ដោយគិតចាប់តាំងពីបង្កើតមូលនិធិទាំង២ខាងលើតាំតែពីឆ្នាំ២០១៦មក បច្ចុប្បន្ននេះ លោក Honda បានវិនិយោគទៅលើក្រុមហ៊ុនរហូតដល់ទៅ ១៨០ក្រុមហ៊ុនឯណោះ។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ លោក Honda ក៏បានបង្កើតផ្លែតហ្វមមួយដែលមានឈ្មោះថា «PROTOCOL» ដែលជាកន្លែងមួយប្រមូលផ្ដុំអ្នកវិនិយោគគិន ជប៉ុន អាស៊ី និងវិនិយោគិនទូទាំងពិភពលោក ឱ្យមកជួបគ្នាជាមួយអ្នកមានគំនិតចាប់ផ្ដើមអាជីវកម្ម ដើម្បីសហការគ្នា។ ហើយក្រោយពីបង្កើត PROTOCOL បានខ្ទង់៦ខែ លោក HONDA បានសម្រេចចិត្តទម្លាក់លុយវិនិយោគទៅលើក្រុមហ៊ុនបង្កើតថ្មីចំនួន១០ ក្រុមហ៊ុនផងដែរ។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ លោក HONDA មានក្រុមហ៊ុនប្រមាន១៩០ក្រុមហ៊ុនក្នុងដៃ ពោលវាជាចំនួនក្រុមហ៊ុនជាក់ស្ដែង ដែលោក HONDA បានទម្លាក់លុយវិនិយោគតាមដំណាក់កាលដូចដែលបានរៀបរាប់ខាងលើតែប៉ុណ្ណោះ។
ដោយឡែក សម្រាប់ផ្លែតហ្វម «PROTOCOL» ដែលលោក HONDA ទើបតែបង្កើតថ្មីនេះ គឺជាកន្លែងប្រមូលផ្ដុំអ្នកដែលមានគំនិតចាប់ផ្ដើមអាជីវកម្ម និងអ្នកវិនិយោគឱ្យមកជួបគ្នា។ ហើយសម្រាប់បងប្អូនខ្មែរយើងដែលមានគំនិតចាប់ផ្ដើមអាជីវកម្ម (Startup) ក៏អាចធ្វើការរកទុននៅលើផ្លែតហ្វមមួយនេះបានដែរ៕