កាលពីពេលថ្មីៗនេះ លោក Jeff Bezos ដែលជាកំពូលមហាសេដ្ឋីមានបំផុតទី២ លើពិភពលោក បានធ្វើការចាប់ដៃគ្នាជាមួយសេដ្ឋីកូនកាត់រុស្សីអ៊ុយក្រែន លោក Yuri Milner ទម្លាក់ទុន៣ពាន់លានដុល្លារ បង្កើតក្រុមហ៊ុនថ្មីឈ្មោះថា Alto Labs ដោយមានគោលដៅស្រាវជ្រាវស្វែងរកវិធីប្រយុទ្ធជាមួយសេចក្ដីស្លាប់ និងចង់ធ្វើឱ្យមនុស្សមានជីវិតអមតៈ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Futurism។
ប្រភពដដែលបានឱ្យដឹងទៀតថា ជំហានដំបូង Jeff Bezos បានដើរប្រមូលអ្នកវិទ្យាសាស្រ្ដខ្លាំងៗ ជាច្រើនរូប នៅលើពិភពលោកឱ្យមកជុំគ្នាដើម្បីធ្វើការ។ ហើយបច្ចុប្បន្ននេះ គេឃើញមានវត្តមានអ្នកវិទ្យាសាស្រ្ដល្បីឈ្មោះលោក Hal V. Barron លោក Jennifer Doudna និងលោកវេជ្ជបណ្ឌិត Shinya Yamanaka ដែលជាអ្នកឈ្នះរង្វាន់ណូបែលឆ្នាំ ២០១២ ផ្នែកវេជ្ជសាស្ត្រ ដោយលោកគឺជាជើងខ្លាំងផ្នែកស្រាវជ្រាវទៅលើកោសិការរបស់មនុស្ស។
ជាមួយគ្នានេះដែរ សម្រាប់វិធីសាស្រ្ដដែល Alto Labs នឹងយកមកប្រើដើម្បីធ្វើឱ្យមនុស្សមានជីវិតអមតៈនោះ គឺតាមរយៈការដាស់កោសិកាចាស់ៗ ឱ្យមានជីវិតជីវាឡើងវិញ។ ហើយបើតាមទ្រឹស្ដីដែលគេបានលើកឡើងតាមរយៈការសិក្សាស្រាវជ្រាវមក ការដាស់កោសិកានេះ អាចជួយជួសជុលរាងកាយរបស់មនុស្សនៅពេលចាស់ឱ្យត្រឡប់មកសភាពក្មេងវិញបាន។ ហើយអ្វីដែលកាន់តែពិសេសនោះ ការផ្លាស់ប្ដូរកោសិកានេះ គឺថែមទាំងអស់ជួយដោះស្រាយបញ្ហាជំងឺវង្វេង នៅពេលដែលមនុស្សមានអាយុច្រើនថែមទៀតផង។
គួរជម្រាបផងដែរថា គម្រោងធ្វើឱ្យមនុស្សមានជីវិតអមតៈ តាមរយៈការដាស់កោសិកាចាស់ៗ ដែលត្រូវបានគាំទ្រ ដោយមហាសេដ្ឋីដែលមានបំផុតលើលោកដូចជា Jeff Bezos និងអ្នកវិទ្យាសាស្រ្ដខ្លាំងៗ ជាច្រើនរូបនេះ កំពុងតែស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ យ៉ាងណាក៏ដោយ ប្រសិនបើគម្រោងនេះពិតជាទទួលបានជោគជ័យមែន ថ្ងៃក្រោយនៅលើលោកនេះ ប្រហែលជាលែងមានមនុស្សចាស់ស្បែកជ្រាវជ្រួញទៀតហើយ៕
អត្ថបទដោយ៖ Nava Siri