កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Huawei Technologies (Lao) Sole Co Ltd បានទទួលបានពានរង្វាន់អ្នកដឹកនាំធុរកិច្ចឆ្នើមប្រចាំឆ្នាំ២០២២ ដែលបានរួមចំណែកក្នុងការជួយដល់សង្គម និងអភិវឌ្ឍន៍សេដ្ឋកិច្ច ខណៈការទទួលបានពានរង្វាន់មួយនេះ ក៏មានវត្តមានក្រុមហ៊ុនល្អៗ ចំនួន៨០ក្រុមហ៊ុនផ្សេងៗ មកពីទូទាំងប្រទេសឡាវ។
ព្រឹត្តិការណ៍មួយនេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ ហៅកាត់ថា (LNCCI) ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ។ ហើយពានរង្វាន់ត្រូវបានប្រគល់ជូនដោយលោក Malaythong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ។ ហើយនៅក្នុងកម្មវិធីនេះផងដែរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីនេះជាមួយសមាជិកសភា រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងតំណាងធុរកិច្ចជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃពានរង្វាន់នេះគឺដើម្បីរំលឹកដល់សមិទ្ធផល និងរបកគំហើញរបស់សហគ្រិនដែលបានដឹកនាំសហគ្រាសរបស់ពួកគេឆ្លងកាត់វិបត្តិផ្សេងៗ នៅក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំកន្លងមក។ បន្ថែមពីនេះទៀត កម្មវិធីមួយនេះ ក៏ត្រូវបានធ្វើឡើងក្រោមគោលដៅទទួលស្គាល់សហគ្រាសដែលមានសក្តានុពលក្នុងការរួមចំណែកដើមទុន សម្ភារៈ និងកត្តាផ្សេងៗទៀតដល់រដ្ឋាភិបាល ក៏ដូចជាបានធ្វើការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចក្នុងប្រទេសឡាវ។
ទន្ទឹមនឹងនេះផងដែរ ក្នុងចំណោមក្រុមហ៊ុនទាំង៨០ ដែលបានចូលរួមទទួលរង្វាន់ គឺមានក្រុមហ៊ុនចំនួន៦១ មកពីទីក្រុងវៀងច័ន្ទន៍ ៦ក្រុមហ៊ុនមកពីខេត្តសាវ៉ាន់ណាខេត ៧ក្រុមហ៊ុនខេត្តចំប៉ាសាក់ និងអាតតាពឺ ៤ក្រុមហ៊ុនមកពីខេត្តហ្លួងណាមថាន និងក្រុមហ៊ុនមួយមកពីបូរីខេមសាយ និងសារ៉ាវ៉ាន់។ បន្ថែមពីនេះទៀត ក្រុមហ៊ុនទាំង៨០ គឺមានតម្លៃអាជីវកម្មសរុបប្រមាន ២០០០ ពាន់លានគីប ឬស្មើនឹងប្រមាណ១១៩,៣លានដុល្លារ ស្របពេលដែលក្រុមហ៊ុនទាំង៨០នេះ អាចបង្កើតការងារជាង ១៥០០០កន្លែង។ ហើយក្រុមហ៊ុន ទាំងអស់គឺសុទ្ធតែត្រូវបានទទួលស្គាល់ថា បានរួមចំណែកយ៉ាងសំខាន់ក្នុងការរួមចំណែកជួយដល់សង្គម និងបានបង់ពន្ធជយ៉ាងត្រឹមត្រូវជូនរដ្ឋយ៉ាងត្រឹមត្រូវ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Huawei Technologies (Lao) Sole Co Ltd ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដ៏ល្អបំផុតមួយ ក្នុងការផ្ដល់សេវាកម្មក្នុងវិស័យទូរគមនាគមន៍។ ពានរង្វាន់នេះក៏កោតសរសើរផងដែរចំពោះការគ្រប់គ្រងរបស់ពួកគេដែលបានដឹកនាំសហគ្រាសឆ្លងកាត់វិបត្តិ និងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដែលមាននូវជំងឺរាតត្បាតកូវីដ១៩។
នៅក្នុងព្រឹត្តិការណ៍នេះ មានស្តង់ដែលរៀបចំឡើងដោយអង្គភាពធុរកិច្ចមកពីផ្នែកផ្សេងៗ ដែលដាក់តាំងបង្ហាញផលិតផល និងតាំងបង្ហាញសមិទ្ធផលនានា ជាពិសេសក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម បច្ចេកវិទ្យា ទូរគមនាគមន៍ សេវាកម្ម និងវិស័យទេសចរណ៍ផងដែរ។ បន្ថែមពីនេះទៀត ដំណោះស្រាយបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei រួមមាន Huawei Digital Power ដែលអាចបំពេញគ្រប់កម្មវិធីបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) នឹងរួមចំណែកដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលនយោបាយនៃការផ្លាស់ប្តូរឌីជីថល និងការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតប្រកបដោយនិរន្តរភាព ដែលធឡើងដោយរដ្ឋាភិបាលឡាវ។
ជាមួយគ្នានេះដែរ បើយោងតាមក្រុមហ៊ុន Huawei គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ ក្រុមហ៊ុន Huawei បានជួយអតិថិជនទូទាំងពិភពលោកបង្កើតថាមពលបៃតង ៤៨២.៩ ពាន់លានគីឡូវ៉ាត់ម៉ោង សន្សំសំចៃអគ្គិសនីបានដល់ទៅ ១២.២ ពាន់លានគីឡូវ៉ាត់ម៉ោង និងកាត់បន្ថយការបញ្ចេញកាបូនបាន ២៣០លានតោន ស្មើនឹងការដាំដើមឈើចំនួន ៣២០លានដើម។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei កំពុងជួយ និងសហការជាមួយភ្នាក់ងាររដ្ឋាភិបាល ស្របតាមនិន្នាការនៃការនាំប្រទេសឡាវចូលទៅក្នុងយុគសម័យឌីជីថល យុគសម័យឧស្សាហកម្ម ៤.0 និងការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបាននូវគោលដៅនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ។