ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានប្រកាសបិទបញ្ចប់កម្មវិធី «Seed For the Future» ដែលជាកម្មវិធីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យា ជាពិសេសទៅលើជំនាញ បច្ចេកវិទ្យាព័ត៌មាន ICT ជុំវិញពិភពលោក ដោយ Huawei បានបើកកម្មវិធីមួយនេះ នៅកម្ពុជាតាំងតែពីឆ្នាំ២០១៦ មកម្លេះ ដើម្បីរូមចំណែកក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែក ICT នៅកម្ពុជា។
ជាក់ស្ដែង កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបិទបញ្ចប់កម្មវិធី «Seed For the Future» បានយ៉ាងជោគជ័យ ដោយកម្មវិធីនេះបានប្រារព្ធឡើងរយៈពេល៣សប្ដាហ៍ ទាំងនៅលើអនឡាញ និងអហ្វឡាញ ហើយមានការចូលរួមពីនិស្សិតឆ្នើមជាង១០០នាក់មកពីបណ្ដាប្រទេសជាច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក្នុងនោះក៏មានការចូលរួមពីនិស្សិតខ្មែរឆ្នើមចំនួន១២ រូបផងដែរ។ ក្រោយបានចូលរួមកម្មវិធីមួយនេះ ឃើញថានិស្សិតកម្ពុជារបស់យើង ហាក់មានភាពសប្បាយរីករាយដែលមានឱកាសចូលរួមកម្មវិធីមួយនេះ។
ក្នុងចំណោមសិស្សកម្ពុជាទាំង១២រូប កញ្ញា សៀង វិលីយ៉ា វ័យ២០ឆ្នាំជានិស្សិត ICT ឆ្នាំទី២ មកពីសាកលវិទ្យាល័យភ្នំពេញ បានលើកឡើងថា ខ្លួនកាន់តែមានទំនុកចិត្ត និងទទួលបានទម្ងន់បន្ថែមទៅលើផ្នែកវិជ្ជាជីវៈរបស់ខ្លួន។ បន្ថែមពីនេះទៀត ការបានឆ្លងកាត់វគ្គសិក្សារបស់ Huawei ដែលក្រុមហ៊ុនយក្សលំដាប់អន្ដជាតិមួយនេះ បានជួយឱ្យប្អូនមានប្រវត្តិរូបល្អ ហើយនឹងជួយសម្រួលដល់ការរកការងារល្អៗសម្រាប់ខ្លួនឯងនាពេលអនាគត។
កញ្ញា សៀង វិលីយ៉ា បានបន្ថែមទៀតថា តាមរយៈវគ្គសិក្សាមួយនេះ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ ដោយនៅក្នុងវគ្គនេះ អ្នកចូលរួមបានរៀនសូត្រពីបច្ចេកវិទ្យា ICT ចុងក្រោយបំផុតដែលពិភពលោកកំពុងតែប្រើប្រាស់។ ហើយថែមទាំងបានរៀនពីចំណេះបច្ចេកវិទ្យាផ្សេងៗទៀត ដូចជាបញ្ញាសុប្បនិម្មិត (AI) Cloud Computing, 5G, និង IOT ជាដើម។ ហើយក្រៅពីបានរៀនពីចំណេះដឹងបច្ចេកវិទ្យា ប្អូនក៏បានស្វែងយល់បន្ថែមពីទំនៀមទម្លាប់វប្បធម៌របស់ចិន ក៏ដូចជាបានជួបមិត្តភក្ដិថ្មីពូកែៗ ជាច្រើនផងដែរ។
ក្រឡេកទៅមើលនិស្សិតឆ្នើមមួយរូបទៀត គឺ លោក ទេព ខេវិន ដែលជានិស្សិត ICT មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការចូលរួមកម្មវិធី «Seed for the Future» ក្រៅតែពីការបានរៀនពាក់ព័ន្ធនឹងបច្ចេកវិទ្យា និស្សិតក៏បានកំសាន្ដតាមរយៈបច្ចេកវិទ្យាទំនើប ពោលគឺបានចូលទៅកាន់ពិភពសុប្បនិម្មិត Metaverse ទៅមើលអគារក្រុមហ៊ុន Huawei នៅចិន និងបានទៅមើលកន្លែងប្រវត្តិសាស្រ្ដចិនជាច្រើនផងដែរ ដែលនេះជាបទពិសោធន៍ដ៏ល្អបំផុតមួយនៅក្នុងជីវិត។
លោក ទេព ខេវិន និយាយថា «ខ្ញុំនឹងប្រើចំណេះដឹងដែលខ្ញុំបានរៀនពីកម្មវិធីនេះ ទៅរួមចំណែកជួយអភិវឌ្ឍន៍ផ្នែក ICT នៅកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំង»។ បន្ថែមពីនេះទៀត លោក ទេព ខេវិន ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Huawei ដែលបានរៀបចំកម្មវិធីនេះឡើង ដែលកម្មវិធីនេះ មិនមែនជួយបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់តែកម្ពុជាទេ ប៉ុន្ដែជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែក ICT សម្រាប់ប្រទេជាច្រើនជុំវិញពិភពលោក។
ជាមួយគ្នានេះដែរ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក៏បានធ្វើការអបអរសាទរទៅដល់និស្សិតកម្ពុជាទាំង១២ រូប ដែលបានខិតខំប្រឹងប្រែងរហូតអាចបញ្ចប់ការសិក្សាក្នុងវគ្គនេះបានយ៉ាងជោគជ័យ។
ឯកឧត្ដម ជា វ៉ាន់ដេត បានមានប្រសាសន៍នៅក្នុងថ្ងៃចូលរួមបញ្ចប់កម្មវិធី «Seed For the Future» យ៉ាងដូច្នេះថា «ខ្ញុំរំពឹងថា សិស្សទាំងអស់នឹងក្លាយជាអ្នកត្រួសត្រាយដ៏សំខាន់ នៅក្នុងការច្នៃប្រឌិតឌីជីថលនៅក្នុងប្រទេសរៀងៗខ្លួន និងសម្រាប់ពិភពលោកទាំងមូលផងដែរ»។
លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា រូបនេះ បានបន្ថែមទៀតថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការគាំទ្រចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសចិន ក៏ដូចជាក្រុមហ៊ុន Huawei Cambodia សម្រាប់ការបន្តរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកបច្ចេកវិទ្យា ជាពិសេសក្នុងចំណោមនិស្សិតនៅក្នុងតំបន់អាស៊ីរបស់យើង»។
គួរជម្រាបផងដែរថា សម្រាប់កម្មវិធី «Seed For the Future» ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនយក្ស Huawei ក្រោមគោលដៅក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានផ្នែកបច្ចេកវិទ្យា ជាពិសេសធនធានមនុស្សផ្នែក ICT សម្រាប់គ្រប់បណ្ដារប្រទេសជុំវិញពិភពលោក។ ដោយកម្មវិធីនេះបានចូលមកដល់កម្ពុជាជាង ៨ឆ្នាំរួចមកហើយ ពោលគឺតាំងតែពីឆ្នាំ ២០១៦មកម្លេះ ដែលកន្លងមកធ្លាប់រួមចំណែកជួយដល់និស្សិតកម្ពុជាជាច្រើន។ ហើយបើតាម CEO ក្រុមហ៊ុន Huawei Technologies Cambodia លោក Yao Yuya បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្មវិធី «Seed For the Future» បានរួមចំណែកផ្ដល់ឱកាសរៀនសូត្រលំដាប់អន្ដជាតិ និងបានបណ្ដុះបណ្ដាលសិស្សជាង១០០០នាក់រួចមកហើយ។
លោក Yao Yuya បានលើកឡើងថា នឹងបន្ដធ្វើការជាមួយនឹងភាគីពាក់ព័ន្ធផ្សេងៗបន្ថែម ដើម្បីរួមចំណែកជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យានៅកម្ពុជាបន្ដទៀត ដើម្បីរួមចំណែក្នុងការអភិវឌ្ឍណ៍ប្រទេសឌីជីថល។ ដោយឡែកដោយតាមរយៈការរួមចំណែកជួយដល់សិស្សនិស្សិតកម្ពុជា ក៏ជាការរឹតបន្ដឹងចំណងមិត្តភាពរវាងកម្ពុជា និងចិនផងដែរ៕