កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ (Cambodia Digital Awards 2022) ដែលជាកម្មវិធីស្វែងរកម្ចាស់ពានរង្វាន់ឌីជីថលឆ្នើមប្រចាំឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ និងបានរកឃើញម្ចាស់ជ័យលាភីឆ្នើមទាំង៥ក្រុមហ៊ុនផងដែរ។ ដោយកម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅឯអគាររ៉ូយ៉ាល់ត្រេនសឃ្វែរ (Royal Train Square) ក្រោមអធិបតីភាពរបស់លោក ឯឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណី និងទូរគមនាគមន៍ ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថាន CADT និងលោក សុវណ្ណ យ៉ាវ CEO ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ក៏ដូចជាវត្តមានថ្នាក់ដឹកនាំមកពីស្ថាប័នអប់រំ និងធុរកិច្ចជនជាច្រើនទៀតផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថាកម្មវិធីពានរង្វាន់ថ្នាក់ជាតិនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តន៍កម្មឌីជីថល ក៏ដូចជាចូលរួមក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនុវានុវត្តន៍ឌីជីថលនៅកម្ពុជា។ ជាក់ស្ដែងកាលពីឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន PillTech ដែលបានឈ្នះពានរង្វាន់នេះ បូករួមជាមួយការគាំទ្រនិងជ្រោមជ្រែងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើឱ្យ PillTech អាចឈានជើងទៅប្រគួតនិងឈ្នះ “ពានរង្វាន់បចេ្ចកវិទ្យាគមនាគមន៍និងពត៌មានអាស៊ាន២០២១” ហើយទទួលបានធនធានល្អបន្ថែមត្រឡប់មកវិញផងដែរ។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានលើកឡើងផងដែរ ផែនការណ៍សំខាន់ៗ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺអនុវត្តស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ ២០២២-២០៣៥។ ហើយការងារអាទិភាពរបស់ក្រសួង រួមមាន ការបង្កើតឱ្យមានធនធានមនុស្សផ្នែកឌីជីថល ផ្លាស់ប្ដូរសេវាសារធារណៈរបស់រដ្ឋពីបែបចាស់ទៅជាបែបឌីជីថលទំនើប និងពង្រីកបណ្តាញទូរស័ព្ទចល័ត ក៏ដូចជាប្រព័ន្ធអ៊ីនធឺណិតគ្របដណ្ដប់ទូទាំងប្រទេស។
ជាមួយគ្នានេះដែរ បើតាមលោក សុវណ្ណ យ៉ាវ CEO ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ក៏បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់អ៊ីនធឺណិត ដោយបានលើឡើងពីប្រសាសន៍មួយឃ្លារបស់សម្ដេចតេជោ ដែលបានលើកឡើងថា «មានផ្លូវថ្នល់ មានក្ដីសង្ឃឹម»។ ហើយអ៊ីនធឺណិត គឺជាហេដ្ឋារចនាសម្ព័ន្ធមួយសម្រាប់ប្រទេស ដែលប្រៀបដូចជាផ្លូវថ្នល់ឌីជីថលដូច្នេះដែរ ពោលគឺគេមិនអាចអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅកាន់សង្គមឌីជីថលដោយគ្មានអ៊ីនធឺណិតបានោះទេ។
លោក សុវណ្ណ យ៉ាវ បានបន្ដថា ដើម្បីអភិវឌ្ឍន៍ឱ្យអ៊ីនធឺណិតគ្របដណ្ដប់ទូទាំងប្រទេសបាន គឺត្រូវតែមានការពួតដៃសហការគ្នាទាំងវិស័យសាធារណៈ ជាមួយនឹងវិស័យឯកជន។ ហើយក្នុងការងារដ៏សំខាន់មួយនេះផងដែរ ក្រុមហ៊ុន Huawei ផ្ទាល់មានឱកាសសហការជាមួយក្រសួង ធ្វើការទៅលើការតភ្ជាប់អ៊ីនធឺណិតសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស និងបានព្យាយាមនាំយកបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ពិភពលោកសម្រាប់កម្ពុជាផងដែរ។
លោក សុវណ្ណ យ៉ាវ បានបន្ដទៀតថា ក្រៅពីការចូលរួមជាមួយនឹងរដ្ឋាភិបាលក្នុងការបង្កើតហេដ្ឋារចនាសម្ព័នឌីជីថលសម្រាប់កម្ពុជា ក្រុមហ៊ុន Huawei ក៏មានបេសកកម្មក្នុងការរួមចំណែកជួយសង្គមកម្ពុជា តាមរយៈការឧបត្ថម្ភទៅលើកម្មវិធីច្ចេកវិទ្យាផ្សេងៗជាច្រើន ដូចជាកម្មវិធី Cambodia Digital Awards 2022 នេះជាដើម។ បន្ថែមពីនេះទៀត សម្រាប់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា ក្រុមហ៊ុន Huawei បានសហការជាមួយនឹងក្រសួងប្រៃសណី និងទូរគមនាគមន៍ ដោយបានបណ្ដុះបណ្ដាលធនធានកម្ពុជាជាង ១០០០នាក់ តាមរយៈកម្មវិធី «Seed for the Future» ដោយសហការណ៍ជាមួយនឹងសាកលវិទ្យាល័យជាច្រើននៅកម្ពុជា។
លោក សុវណ្ណយ៉ាង បានឱ្យដឹងទៀតថា រយៈពេល៣ឆ្នាំមកនេះ ពួកយើងមានមោទកភាព ដែលបានចូលរួមចំណែកគាំទ្រដល់ធុរកិច្ចបង្កើតថ្មីកម្ពុជា (Startup) ជាង១០០ក្រុមហ៊ុន។ ការជំរុញក្រុមហ៊ុនបច្ចេកវិទ្យា ដែលពោពេញទៅដោយការច្នៃប្រឌិតខ្ពស់ និងនវានវត្តន៍ទាំងអស់នេះ គឺជាកម្លាំងជំរុញមួយដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើននឹងទំនើបជាងមុន។
CEO ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei រូបនេះ ក៏បានលើកទឹកចិត្តឱ្យសហគ្រិនកម្ពុជាបង្កើតធុរកិច្ចថ្មី (Startup) ឱ្យបានកាន់តែច្រើន និងចូលរួមក្នុងកម្មវិធីប្រគួតប្រជែងផ្សេងៗ ដូចជាកម្មវិធី Cambodia Digital Awards ជាដើម ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជានៅក្នុងបរិបថសង្គមឌីជីថល។ បន្ថែមពីនេះទៀត លោកលើកទឹកចិត្តឱ្យសហគ្រិនកម្ពុជាហ៊ានស្រមៃ និងហ៊ានគិតធំ ធ្វើធំ ជាក់ស្ដែងកាលពី៣០ឆ្នាំមុន ក្រុមហ៊ុន Huawei គឺជាធុរកិច្ចបង្កើតថ្មី (Startup) ដ៏តូចមួយ ជាមួយនឹងបុគ្គលិកតិចតួចប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei អាចពង្រីកខ្លួនក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាសាកលដ៏ធំមួយ។ ហើយបើគិតចាប់ពីពេលនេះតទៅ ៣០ឆ្នាំខាងមុខ លោកជឿថា សហគ្រិនខ្មែរក៏អាចមានសមត្ថភាពបង្កើតក្រុមហ៊ុនដែលប្រសើរ និងធំជាង Huawei ហើយឈានមុខគេផ្នែកឌីជីថលក្នុងប្រទេសកម្ពុជា និងពិភពលោក។
គួរជម្រាបផងដែរថា នេះជាឆ្នាំទី២ហើយ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Technologies (Cambodia) បានធ្វើការឧបត្ថម្ភទៅលើកម្មវិធី Cambodia Digital Awards។ ដោយឡែក សម្រាប់ក្រុមហ៊ុនទាំង៥ ដែលទទួលបានពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ (Cambodia Digital Awards 2022) រួមមាន៖
- ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ត្រូវបានផ្តល់ជូន “ EdTech Video ” របស់ E-School Cambodia
- ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the Year) ត្រូវបានផ្តល់ជូន “ The Khmer Identification Card (ID) OCT API ” របស់មជ្ឈមណ្ឌលធុរកិច្ចថ្មី “ តេជោ ” (Techo Startup Center)
- ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the Year) ត្រូវបានផ្តល់ជូន “ EZECOM Mobile App ” របស់ក្រុមហ៊ុន EZECOM
- ពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the Year) ត្រូវបានផ្តល់ជូន “ CarnetDia App ” របស់ក្រុមហ៊ុន CarnetDia
- ពានរង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ធុរកិច្ចថ្មី (Minister of Post and Telecommunication Startup Award) ដែលពានរង្វាន់ពិសេស មានទឹកប្រាក់ ១ម៉ឺនដុល្លារ សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបង្កើតធុរកិច្ចថ្មីឌីជីថល ការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងសមត្ថភាពក្នុងការច្នៃប្រឌិត ក៏ដូចជាគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងប្រទេស ដែលត្រូវបានផ្តល់ជូន ” CheckinMe App ” របស់ CheckinMe ។
សូមបញ្ជាក់ជូនថា ជ័យលាភីទាំង ៥ នេះ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ១៧២ ស្ថាប័ន ដោយគណៈកម្មការជំនាញ មកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានសិក្សា ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៤ ចំណុចគឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ៕