Google ឆែកជើងលេខឃើញថា TikTok និង IG កំពុងឡើងមកដណ្ដើមឆ្នាំបាយខ្លួនហើយ ឥឡូវរៀប២ក្បាច់ទប់ទល់វិញ
Navasiri Morm
JULY 18 2022
អាជីវកម្ម 4.0
426 views
2 mins read

នេះជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ដែលវេបសាយ Search Engine យក្សដូចជា Google ត្រូវបានកម្មវិធីបណ្ដាញសង្គមដូចជា TikTok និង Instagram កំពុងតែឡើងមកដណ្ដើមអ្នកប្រើប្រាស់ក្មេងៗរបស់ខ្លួនជាច្រើននឹកស្មានមិនដល់។

ជាក់ស្ដែង បើតាមការចុះផ្សាយរបស់សារព័ត៌មាន Tech Crunch បានឱ្យដឹងថា តាមរយៈការសិក្សារបស់ក្រុមហ៊ុន Google បានរកឃើញថា បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ក្មេងៗជំនាន់ Gen Z ដែលកើតចន្លោះពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២ ប្រមាណជា៤០% បានងាកមកប្រើប្រាស់ TikTok និង Instagram ជំនួសឱ្យ Google Search ក៏ដូចជា Google Maps នៅពេលដែលពួកគាត់ចង់ស្វែងរកអ្វីមួយនៅលើអ៊ីនធឺណិត។ ហើយចំពោះទិន្នន័យជិត40%នេះភាគច្រើនពួកគេ​​ស្វែងរកកន្លែងសម្រាប់ញ៉ាំអាហារ​ដោយពួកគេលែងប្រើប្រាស់​ Google Search ប៉ុន្តែបកមកប្រើ TikTok និង Instagram វិញ។

680

«ពួកយើងកំពុងតែបន្ដសិក្សាម្ដងហើយម្ដងទៀត ពីអ្នកប្រើប្រាស់អ៊ីនធឺណិតក្មេងៗជំនាន់ថ្មី ដែលមានផ្នតគំនិត ការរំពឹងទុក ក៏ដូចជាការសួរសំណួរនៅលើអ៊ីនធឺណិតខុសពីមនុស្សជំនាន់មុន» នេះបើតាមលោក Prabhakar Raghavan អនុប្រធានជាន់ខ្ពស់នៅ Google ដែលទទួលខុសត្រូវទៅលើការងារ Google Search បានលើកឡើងនៅក្នុងសន្និសីទបច្ចេកវិទ្យាដែលរៀបចំឡើងដោយ Fortune's Brainstorm Tech កាលពីពេលថ្មីៗនេះ។

មែនទែនទៅ គ្រាន់តែការឡើងកូដរបស់ Instagram និង TikTok គឺបានធ្វើឱ្យមានផលប៉ះពាល់មិនស្ទើរនោះទេ ទៅដល់ Alphabet ដែលជាក្រុមហ៊ុនមេរបស់ YouTube និង​ Google។ ហើយដើម្បីទប់កុំឱ្យបណ្ដាញសង្គមទាំងពីរដណ្ដើមម៉ូយរបស់ខ្លួនក្រុមហ៊ុនយក្សមួយនេះ បានរៀបចំយុទ្ធសាស្រ្ដពង្រឹងផលិតផលនិងសេវាកម្មចំនួន២ Google បានធ្វើកំណែទម្រង់វេបសាយរបស់ខ្លួន ឱ្យងាយស្រួល និងទទួលបានលទ្ធផលល្អប្រសើរក្នុងការ Search ជាងមុន។

ដោយឡែកបើយើងក្រឡេកទៅមើលខាង YouTube វិញក៏បានបង្កើត YouTube Short ដែលជាតម្រង់ប្រភេទវីដេអូខ្លី និងចាក់លុយ១០០លានដុល្លារ ដើម្បីអូសមនុស្សឱ្យមកមើលវីដេអូខ្លីៗ នៅលើផ្លែតហ្វមរបស់ខ្លួន កុំឱ្យរត់ទៅប្រើ Instagram Reel និង TikTok ជាដើម។

គួរជម្រាបផងដែរថា ការឡើងជើងរបស់ Instargarm និង TikTok គឺបានបធ្វើឱ្យ Aphabet ដែលជាក្រុមហ៊ុនមេរបស់ Google និង YouTube រកផលប៉ះពាល់ខ្លាំងគួរសម ពោលគឺត្រូវតែរកវិធីមកទប់ទល់ចាប់ពីពេលនេះឱ្យហើយ បើពុំដូច្នេះទេ ទៅថ្ងៃអនាគតអ្នកប្រើប្រាស់អាចនឹងរត់ទៅប្រើ TikTok និង Instagram អស់។ ប៉ុន្ដែយ៉ាងណាក៏ដោយ ទោះបីជាក្រុមហ៊ុនយក្សមួយនេះ ប្រឹងយ៉ាងណាក៏ដោយ គេបានប៉ាន់ប្រមាណទុកថា នៅក្នុងឆ្នាំ២០២៤ TikTok អាចនឹងទាញចំណូលពីទីផ្សារផ្សាយពាណិជ្ជកម្មច្រើនជាង YouTube ទៅទៀត ខណៈទំហំទឹកប្រាក់ក្នុងទីផ្សារពាណិជ្ជកម្មទូរទស្សន៍បច្ចុប្បន្នមានចំនួនប្រមាន៧០ប៊ីលានដុល្លារ៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia