ឡូយណាស់! Google ចូលទៅបើកសេវាពពក Cloud នៅថៃ ដើម្បីជំរុញតម្លៃសេដ្ឋកិច្ចថៃ ឱ្យកើនដល់៧៩ពាន់លាន$
Navasiri Morm
AUGUST 14 2022
អាជីវកម្ម 4.0
273 views
2 mins read

កាលពីថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២២ កន្លងៅនេះ បើតាមការចុះផ្សាយរបស់គេហទំព័រ Tech Source បានឱ្យដឹងថា ក្រុមហ៊ុនយក្ស Google ជាមួយនិងរដ្ឋាភិបាលថៃ បានសម្រេចធ្វើការបើកសេវាកម្ម Cloud ដំបូងបំផុតនៅក្នុងប្រទេសថៃ ដើម្បីជំរុញទំនើបកម្ម និងដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចឌីជីថលថៃ ឱ្យកាន់តែរីកចម្រើនទៅមុខមួយកម្រិតទៀតផងដែរ។

ប្រភពដដែលបានឱ្យដឹងទៀតថា Google បានប្ដេជ្ញាថានឹងផ្ដល់នូវសេវាកម្ម Cloud ដែលមានប្រសិទ្ធិភាពខ្ពស់ ដល់ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសថៃដែលកំពុងតែមានតម្រូវការ ដើម្បីពន្លឿនការផ្លាស់ប្ដូរពីអង្គភាពធម្មតាទៅជាឌីជីថល ស្របទៅតាមផែនការណ៍របស់រដ្ឋាភិបាលថៃ។

ហើយបើយោងតាមរបាយការណ៍ស្រាវជ្រាវពី AlphaBeta គាំទ្រដោយ Google ប្រសិនបើទាញយកអត្ថប្រយោជន៍ពេញលេញនៃការផ្លាស់ប្តូរផ្នែកឌីជីថល វាអាចបង្កើតតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរហូតដល់ ២.៥ ពាន់ពាន់លានបាត (៧៩.៥ ពាន់លានដុល្លារ) សម្រាប់ប្រទេសថៃនៅឆ្នាំ ២០៣០ ដែលស្មើនឹង ១៦% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២០។

លោក Chaiwut Thanakmanusorn រដ្ឋមន្ត្រីក្រសួងឌីជីថលសម្រាប់សេដ្ឋកិច្ច និងសង្គមបាននិយាយថា «សេវាកម្ម Cloud បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសនានាឆ្លើយតបយ៉ាងឆាប់រហ័ស និងច្បាស់លាស់ចំពោះការរំខានផ្នែកឌីជីថលក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ហើយដោយសារតែការទិញ និងថែទាំមជ្ឈមណ្ឌលទិន្នន័យត្រូវចំណាយពេលយូរ រួមទាំងការចំណាយខ្ពស់សម្រាប់ស្ថាប័នតូចៗ ដូច្នេះហើយ យើងរំពឹងថាសេវាកម្ម Cloud នឹងក្លាយជាកម្លាំងចលករស្នូលនៃផែនការមេជាតិរយៈពេល ២០ ឆ្នាំសម្រាប់ការអភិវឌ្ឍន៍ឌីជីថល និងសម្រេចបាននូវចក្ខុវិស័យរបស់ Thailand 4.0 នាពេលអនាគត»។

គួរជម្រាបផងដែរថា សម្រាប់ Cloud ឬ Cloud Computing គឺជាសេវាកម្មមួយដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការរក្សាទុក និងទាញយកទិន្នន័យផ្ទាល់ខ្លួន ឬអាជីវកម្មរបស់ខ្លួននៅលើពពក ឬលើប្រព័ន្ធអនឡាញ។ ហើយចំណុចពិសេសនៅក្នុងការរក្សាទុកទិន្នន័យនៅលើ Cloud គឺគេអាចទាញយកទិន្នន័យដែលខ្លួនបានផ្ទុកទុកនៅលើពពកនោះមកប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់បានយ៉ាងងាយស្រួល និងសុវត្ថិភាព៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia