ធ្វើស៊ី TikTok ហើយ! យប់មិញ Mark បំបែក Facebook ជា២ មួយដូច TikTok មួយទៀតត្រឡប់ទៅបែបចាស់
Navasiri Morm
JULY 22 2022
អាជីវកម្ម 4.0
1 K views
3 mins read

កាលយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ​ អ្នកប្រើប្រាស់កម្មវិធីបណ្ដាញសង្គម Facebook មួយចំនួនប្រហែលជាបានឃើញថា Feed នៅលើគណនី Facebook របស់ខ្លួនមានការផ្លាស់ប្ដូរ ដោយយប់មិញនេះ Facebook បានបំបែក Feed ដែលជាកន្លែងបង្ហាញមាតិកាទៅកាន់អ្នកប្រើប្រាស់ជា២ គឺទី១ គឺត្រឡប់ទៅបែបចាស់ និងជម្រើសទី២ គឺស្រដៀងទៅនឹង Algorithm TikTok។ ហើយនេះគឺជាការផ្លាស់ប្ដូរដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ដរបស់ Facebook។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Verge បានឱ្យដឹងថា Feed ដែល Facebook បានបំបែកថ្មីនេះ ទី១ មានឈ្មោះថា «Home» ដោយមុខងារមួយនេះ Facebook នឹងបង្ហាញផុស ឬមាតិកាណា ដែលអ្នកប្រើប្រាស់ម្នាក់ៗចូលចិត្តទៅកាន់ពួកគេ ពោលគឺមុខងារនេះ Facebook បានច្នៃ Algorithm ស្រដៀងទៅនឹង TikTok ដែរ។
706

ដោយឡែកបើយើងក្រឡេកទៅមើលមុខងារទី២វិញ Facebook បានច្នៃ Feed របស់ខ្លួនត្រឡប់ទៅអតីតកាល ដោយអ្នកប្រើប្រាស់ម្នាក់ៗ អាចធ្វើការកំណត់ថា ចង់ឱ្យបង្ហាញផុសទាំងអស់ ឬកំណត់ឱ្យបង្ហាញតែផុសដែលខ្លួនចូលចិត្ត ផុសរបស់មិត្តភក្ដិ ផុសក្នុងក្រុមដែលបានចូល ឬបង្ហាញតែផុសនៅលើផេកដែលខ្លួនបាន Like ក៏ដូចជា Follow ជាដើម (All, Favorites, Friends, Groups, Pages)។

705

លោក Mark Zuckerberg ដែលជា CEO ក្រុមហ៊ុនយក្ស Meta បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា Facebook នៅតែបន្ដបង្ហាញផុស ឬមាតិកា ដែលម៉ាស៊ីនស្វែងរក របស់ Facebook វិភាគឃើញថា អ្នកប្រើប្រាស់ម្នាក់នោះចូលចិត្ត។ ប៉ុន្ដែអ្វីដែលពិសេសនោះ គឺ Facebook ផ្ដល់មុខងារពិសេសមួយ​ គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ម្នាក់ៗ អាចកំណត់បានថា តើចង់ឃើញផុសពីនរណាលើនៅ Feed របស់ពួកគេ។ ហើយការធ្វើបែបនេះគឺមានគោលដៅផ្ដល់បទពិសោធន៍កាន់តែល្អដល់អ្នកប្រើប្រាស់ ខណៈមុខងារកំណត់ Feed នេះ លោក Mark Zuckerberg បានឱ្យដឹងថា អ្នកប្រើប្រាស់បានស្នើរសុំឱ្យបង្កើតឡើងច្រើនជាងគេ។

គួរជម្រាបផងដែរថា សម្រាប់ការធ្វើកំណែទម្រង់ Feed ឬមុខងារបង្ហាញផុស ក៏ដូចជាមាតិកាទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គមនេះ គឺដើម្បីរក្សាអ្នកប្រើប្រាស់ចាស់ និងទាក់ទាញអ្នកប្រើប្រាស់ថ្មី មកប្រាស់ Facebook។

យ៉ាងណាក៏ដោយ បើមើលមួយជ្រុងទៀត វាក៏ជាយុទ្ធសាស្រ្ដក្នុងការប្រគួតប្រជែងជាមួយ TikTok ផងដែរ ខណៈលទ្ធផលរបស់ Facebook កាលពីត្រីមាសទី៤ នៃឆ្នាំ២០២១កន្លងទៅ ឃើញថាមិនមានអ្នកប្រើប្រាស់ Facebook ថ្មីកើនឡើងដែលធ្វើឱ្យហ៊ុន Meta ដែលជាក្រុមហ៊ុនមេធ្លាក់ចុះ និងខាតរបូតលុយ ២០០ប៊ីលានដុល្លារ។ ហើយចំណែកឯអ្នកប្រើប្រាស់ក្មេងៗជំនាន់ Gen Z ដែលកើតចន្លោះពីឆ្នាំ ១៩៩៧ ដល់២០១២ បែរជានិយមប្រើ TikTok ដែលជាបណ្ដាញសង្គមវីដេអូខ្លីវិញ។ ហើយចាប់តាំងពីឆ្នាំ២០២២មក Meta ដែលជាក្រុមហ៊ុនមេ បានធ្វើរឿងជាច្រើនដើម្បីស្ដារស្ថានការណ៍ ដូចជាបានបង្កើត Reel នៅលើ Instagram ដែលជាមុខងារមើលវីដេអូខ្លីដូច TikTok រយៈពេល៧ខែនៃឆ្នាំ២០២២ កន្លងមកនេះ ឃើញថាទទួលបានផលល្អគួរសម។

ហ្វេសប៊ុកជួបបញ្ហា ខណៈ TikTok និង Youtube កំពុងឡើងកូដ

Posted by Technology Cambodia on Thursday, February 3, 2022

ចំណែកឯងការបំបែក​ Feed ជា២ ដែលមួយមាន Algorithm ស្រដៀង TikTok នេះ គឺប្រាកដណាស់ Facebook មានផែនការទាញ Gen Z ឱ្យងាកមកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន និងជាពិសេសគឺរក្សាចំណូល ក៏ដូចជារក្សាតំណែងជាបណ្ដាញសង្គមលេខ១ លើលោកបន្ដទៀត៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia