ត្រឹម១ថ្ងៃ Meta ជ្រុះបាត់លុយ២០០ប៊ីលាន$ ខណៈ Mark ធ្លាក់កូដពីអ្នកមានបំផុតទាំង១០
Navasiri Morm
FEBRUARY 3 2022
អាជីវកម្ម 4.0
11 K views
2 mins read

កាលពីថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅម្សិលមិញនេះ តម្លៃរបស់ក្រុមហ៊ុន Meta Platforms, Inc.  បានធ្លាក់ចុះ២០០ប៊ីលានដុល្លារភ្លាមៗ ​​ ក្រោយភាគហ៊ុនសរុបដែលដាក់ឱ្យជួញដូរជាសាធារណៈរបស់ក្រុមហ៊ុន Meta បានដាំក្បាលធ្លាក់ចុះយ៉ាងគំហុកប្រមាណជា ២០%។ ហើយចំណែកឯលោក Mark Zuckerberg CEO ក្រុមហ៊ុន Meta វិញ ត្រូវបានខាង Bloomberg Billionaires Index ប៉ាន់ប្រមាណថា បានខាតលុយអស់ប្រមាណ ២៤ប៊ីលានដុល្លារ ដែលធ្វើឱ្យលោក ធ្លាក់កូដពីកំពូលបុគ្គលទាំង១០ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក ហើយនេះគឺជាការធ្លាក់កូដដំបូងបំផុត ចាប់តាំងពី បានឡើងកូដនៅក្នុងឆ្នាំ២០១៥មក។

1

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Finance.Yahoo បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យម្ចាស់ហ៊ុនរបស់ក្រុមហ៊ុន Meta នាំគ្នាលក់ហ៊ុនចេញដូច្នេះគឺក្រោយពី ខាងក្រុមហ៊ុន Meta បានរាយការណ៍ថា​ នៅតាមខែមួយចំនួន នៃត្រីមាសទី៤ ឆ្នាំ២០២១កន្លងទៅនេះ ចំនួនអ្នកប្រើប្រាស់សកម្មរបស់ Facebook មិនមានការកើនឡើង ដែលធ្វើឱ្យវិនិយោគគិនហាក់បារម្ភពីអនាគតនៃការរីកលូតលាស់របស់ក្រុមហ៊ុន Meta ខណៈបច្ចុប្បន្ន ក្រុមហ៊ុន Meta កំពុងតែតម្រង់ព្រួញផ្ដោតទៅលើ Metaverse​ ស្របពេលដែល TikTok និង Youtube កំពុងតែពេញនិយមនិងមានអ្នកប្រើប្រាស់ថ្មីៗក្មេងៗកើនឡើង។

យ៉ាងណាមិញ ខាងក្រុមហ៊ុនមេតា ក៏បានលើកឡើងផងដែរថា មូលហេតុដែលធ្វើឱ្យក្រុមហ៊ុនជួបបញ្ហាមួយចំនួនដូច្នេះមួយផ្នែកគឺមកពី Meta បានប្រឈមនឹងការប៉ះពាល់ពីការផ្លាស់ប្តូរឯកជនភាពចំពោះប្រព័ន្ធប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc ដែលធ្វើឱ្យខាង Meta ពិបាកនឹងជួយអតិថិជនរបស់ខ្លួនក្នុងការកំណត់គោលដៅ និងវាស់វែងការផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើ Facebook និង Instagram។

12

ហើយបើតាមលោក Dave Wehner ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Meta បានប្រាប់អ្នកវិភាគនៅលើសន្និសីទមួយថា ផលប៉ះពាល់នៃការផ្លាស់ប្តូរឯកជនភាពរបស់ Apple អាចនឹងមានផងប៉ះពាល់ទៅដល់ក្រុមហ៊ុន Meta «នៅក្នុងលំដាប់ ១០ពាន់លានដុល្លារ» សម្រាប់ឆ្នាំ ២០២២នេះ។

គួរជម្រាបផងដែរថា សម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២១ កន្លងទៅនេះ ចំណូលរបស់ក្រុមហ៊ុន Meta មិនមានការធ្លាក់ចុះនោះទេ ពោលគឺមានរហូតដល់ទៅ ៣៣.៦៧ប៊ីលានដុល្លារ ត្រូវនឹងការរំពឹងទុករបស់ Meta។ ប៉ុន្ដែកត្តាដែលធ្វើឱ្យវិនិយោគគិនលក់ហ៊ុនចេញគឺដោយសារតែមិនមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ថ្មីក្នុងត្រីមាសទី៤។

បើយោងតាមទិន្នន័យដែលបង្ហាញដោយ StreetAccount កាលពីត្រីមាសទី៤ Meta រំពឹងថាមានអ្នកប្រើប្រចាំថ្ងៃ១.៩៥ប៊ីលាននាក់ ប៉ុន្ដែលទ្ធផលគឺមានតែ ១.៩៣ប៊ីលាននាក់។ ដោយឡែកសម្រាប់អ្នកប្រើប្រាស់សកម្មប្រចាំខែវិញ គេរំពឹងថាមានអ្នកប្រើ ២.៩៥ប៊ីលាននាក់ក្នុងមួយខែ ប៉ុន្ដែជាលទ្ធផលកន្លងមក គឺមានតែ២.៩១ប៊ីលាននាក់តែប៉ុណ្ណោះ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia