បើនិយាយដល់រថយន្ដអគ្គិសនីគេប្រាកដជាងនឹកឃើញដល់យីហោឡាន Tesla របស់មហាសេដ្ឋីលេខ១ ពិភពលោក Elon Musk រហូតដល់មានអ្នកខ្លះចាត់ទុកថា Elon Musk គឺជាបុគ្គលដ៏សំខាន់បំផុតមួយរូបក្នុងការជំរុញការផលិត និងធ្វើឱ្យមនុស្សមួយពិភពលោកងាកមកចាប់ផ្ដើមប្រើប្រាស់រថយន្ដដំណើរការដល់ថាមពលអគ្គិសនីដើម្បីបរិស្ថាន ខណៈបច្ចុប្បន្ននេះ លោក Elon Musk កំពុងតែជំរុញការផលិតឡានអគ្គិសនីកាន់តែខ្លាំងឡើង ដើម្បីបំពេញតម្រូវការទីផ្សារផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ លោក Elon Musk បានសម្រេចធ្វើការវិនិយោគលុយបន្ថែម ៣.៦ពាន់លានដុល្លារ ក្នុងការពង្រីករោងចក្រផលិតថ្ម និងរថយន្ដអគ្គិសនីរបស់ខ្លួន នៅក្នុងរដ្ឋណេវ៉ាដា (Navada) សហរដ្ឋអាមេរិក ដើម្បីពង្រីកទំហំផលិតកម្មរថយន្ដរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការណ៍របស់ក្រុមហ៊ុន Tesla។
ប្រភពដដែលបានឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន Tesla ធ្លាប់បានធ្វើការវិនិយោគទៅលើរោងចក្រផលិតរថយន្ដ GigaFacrorty នេះ អាចជាង ៦.២ពាន់លានដុល្លាររួចមកហើយ។ ដោយរោងចក្រមួយនេះ អាចជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់រហូតដល់ទៅ ១៧,០០០នាក់។
គួរជម្រាបផងដែរថា សម្រាប់ការវិនិយោគបន្ថែម ៣.៦ពាន់លានដុល្លារនេះ គេប៉ាន់ប្រមាណថា នឹងបង្កើតការងារបន្ថែម ៣០០០កន្លែអ ក៏ដូចជាអាចផលិតរថយន្ដបាន ៥០០០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ៕