គេថាមានលុយប៉ុន្ដែគ្មានសុខភាពល្អ ជីវិតនៅតែក្រដដែល ហេតុនេះហើយ ការថែទាំសុខភាពគឺជារឿងដ៏សំខាន់បំផុតមួយ។ ដោយឡែកបើយើងក្រឡេកទៅមើលមហាសេដ្ឋីលេខ១ ពិភបលោក លោក Elon Musk វិញ លោកក៏ចាប់ផ្ដើមយកចិត្តទុកដាក់លើការថែទាំសុខភាពរបស់ខ្លួនវិញផងដែរ បើទោះបីជាលោករវល់ខ្លាំងត្រូវគ្រប់គ្រងក្រុមហ៊ុនធំៗជាច្រើនក៏ដោយ។
ជាក់ស្ដែង កាលដោយកាលពីពេលថ្មីៗនេះ លោក Elon Musk បានបង្ហោះនៅលើគណនី Twitter ផ្លូវការណ៍របស់លោកថា លោកបានប្រើយុទ្ធសាស្រ្ដតមអាហារ ឬភាសាអង់គ្លេសហៅថា (Fasting) យ៉ាងទៀតទាត់ ហើយបច្ចុប្បន្ននេះ លោកបានស្រកទម្ងន់ ២០ផោន ឬស្មើនឹងប្រមាណ ៩គីឡូ ហើយលោកថា លោកមានអារម្មណ៍ថាសុខភាពរបស់ខ្លួនល្អប្រសើរជាងមុន។ ដោយការតមអាហារនេះ លោក Elon Musk បានប្រើ App មួយដែលមានឈ្មោះថា Zero Fasting ជាជំនួយ។
«តាមរយៈដំបូន្មានរបស់មិត្តភក្ដិល្អម្នាក់ ខ្ញុំបានធ្វើការតមអាហារយ៉ាងទៀតទាត់ ហើយខ្ញុំមានអារម្មណ៍ថាសុខភាពរបស់ខ្ញុំល្អជាងមុន»។
គួរជម្រាបផងដែរថា Fasting គឺជាវិធីសាស្រ្ដថែទាំសុខភាពមួយបែប ដែលប្រាប់ថាពេលណាអ្នកគួរញ៉ាំ និងពេលណាអ្នកមិនគួរញ៉ាំ ដើម្បីយកខ្លាញ់ចាស់ៗ នៅក្នុងរាងកាយមកប្រើប្រាស់ធ្វើជាថមពល។ ហើយទម្រង់នៃការធ្វើ Fasting ដែលពេញនិយមជាងគេ គឺ១៦/៨ មានន័យថា តមអាហារ១៦ម៉ោង និងអាចញ៉ាំអាហារបាន រយៈពេល៨ម៉ោង ហើយសម្រាប់អាហារដែលត្រូវញ៉ាំនោះទៀតសោត គឺជាអាហារល្អៗ ដែលជួយទៅដល់សុខភាពរាងការយច្រើន៕