មហាសេដ្ឋីលេខ១ ពិភពលោក Elon Musk អាចនឹងឈប់ធ្វើជា CEO ដឹងនាំក្រុមហ៊ុន Tesla ប្រសិនបើរូបលោកមិនទទួលបានប្រាក់រង្វាន់ដែលមានទំហំទឹកប្រាក់ប្រមាណ ៦៥ពាន់លានដុល្លារ ក្រោយធ្វើជា CEO ដឹកនាំក្រុមហ៊ុន Tesla គិតត្រឹមរយៈពេលជាង៦ឆ្នាំចុងក្រោយនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ចាប់តាំងពីឆ្នាំ២០១៨ លោក Elon Musk ត្រូវទទួលភារកិច្ចធ្វើយ៉ាងណាដឹកនាំក្រុមហ៊ុន Tesla ឲ្យមានការរីកចម្រើន ធ្វើយ៉ាងណាឲ្យក្នុងមួយឆ្នាំក្រុមហ៊ុន Tesla ត្រូវកើនតម្លៃក្រុមហ៊ុន ៥០ពាន់លានដុល្លារ។ បន្ថែមពីនេះទៀត លោក Elon Musk ត្រូវធ្វើយ៉ាងណាដឹកនាំឲ្យក្រុមហ៊ុន Tesla ឡើងតម្លៃខ្លួនដល់ ៦៥០ពាន់លានដុល្លារក្នុងទីផ្សារ ទើបលោក Elon Musk ទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ ខណៈក្នុងអំឡុងពេលនោះក្រុមហ៊ុន Tesla មានតម្លៃខ្លួនត្រឹមតែ ៥៩ពាន់លានដុល្លារតែប៉ុណ្ណោះ។
នៅក្នុងអំឡុងពេលនោះ មានមនុស្សជាច្រើនគិតថា វាជារឿងដែលមិនអាចទៅរួច ដោយសារតែការធ្វើឲ្យក្រុមហ៊ុនមានតម្លៃ ៥៩ពាន់លានដុល្លារ ទៅជាក្រុមហ៊ុនដែលមានតម្លៃ ៦៥០ពាន់លានដុល្លារ វាជាចំណោទដ៏ពិបាកបំផុតមួយ ខណៈពេលនោះ ឡានអគ្គិសនីមិនទាន់មានការពេញនិយមខ្លាំងនៅឡើយ។ ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី សម្រាប់សមីខ្លួនលោក Elon Musk ផ្ទាល់គឺលោកមានជំនឿយ៉ាងមុតមាំថា Telsa ជាក្រុមហ៊ុនតម្លៃ ១ទ្រីលាន ហើយលោកប្រាកដជាធ្វើវាបាន។
ក្រោយពីប្រឹងប្រែងយ៉ាងខ្លាំង ត្រឹមឆ្នាំ២០២១ លោក Elon Musk បានធ្វើឲ្យក្រុមហ៊ុន Tesla ផ្ទុះក្នុងទីផ្សារយ៉ាងខ្លាំង រហូតតម្លៃក្រុមហ៊ុន Tesla ធ្លាប់ហក់ដល់ទៅ ១.២ទ្រីលានដុល្លារ ដែលមានន័យថាលោកបានសម្រេចគោលដៅធ្វើឲ្យក្រុមហ៊ុនឡើងតម្លៃខ្លួនដល់ ៦៥០ពាន់ដុល្លារ។ ហើយលោកក៏អាចទទួលបានរង្វាន់តាមរយៈការខិតខំប្រឹងប្រែងនេះដែរ។
គួរជម្រាបផងដែរថា អ្វីដែលជាបញ្ហាគឺមកដល់ឆ្នាំ២០២៤នេះហើយ ពោលគឺមានរយៈពេល៦ឆ្នាំហើយ ប៉ុន្ដែលោក Elon Musk នៅមិនទាន់ទទួលបានរង្វាន់ឬប្រាក់ខែពីការសម្រេចការងារនេះទេ ពោលគឺតាមរយៈការសម្រេចគោលដៅខាងលើ លោក Elon Musk ត្រូវទទួលបានរង្វាន់ ៦៥ពាន់លានដុល្លារ។ យ៉ាងណាមិញ ដើម្បីទទួលបានកញ្ចប់លុយមួយកញ្ចប់ដ៏ធំមួយនេះ គឺត្រូវមានការអនុម័តពីម្ចាស់ភាគហ៊ុនធំៗជាមុនសិន។ ហើយប្រសិនបើលោក Elon Musk មិនទទួលបានកញ្ចប់ថវិកានេះទេ លោកអាចនឹងធ្វើការលាលែងតំណែងឈប់ធ្វើជា CEO ក្រុមហ៊ុន Tesla បន្ដទៀត៕