វិស័យសន្ដិសុខសុវត្ថិភាពអ៊ីនធឺណិត (Cybersecurity) បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមសេដ្ឋកិច្ចឌីជីថល។ ហើយនេះ គឺជាឱកាសដ៏ល្អមួយ សម្រាប់សិស្សានុសិស្សដែលមានជំនាញ ឬចង់ចាប់ជំនាញ ក៏ដូចជាអ្នកឯកទេសផ្នែក Cybersecurity ជាដើម អាចចូលរួមក្នុងកម្មវិធី Cambodia CTF Challenge 2022 ដែលជាកម្មវិធីប្រកួតប្រជែង ទៅលើវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដ៏ធំមួយ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Technovage Solution និង SalaCyber ដែលជាសាលាបង្រៀនជំនាញ Cybersecurity ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។
ក្នុងព្រឹត្តិការណ៍នេះ អ្នកចូលរួមនឹងទទួលបានការបង្វឹកជំនាញ Cybersecurity ពីគ្រូបង្វឹកដែលមានបទពិសោធន៍យូរឆ្នាំ ព្រមទាំងមានឱកាសទទួលបានជ័យលាភី និងមានទាំងចំនួនទឹកប្រាក់ ក៏ដូចជារង្វាន់លើកទឹកចិត្តជាច្រើនទៀតផងដែរ។
បេក្ខជននីមួយៗនឹងត្រូវបានផ្តល់ពេលវេលាប្រហែល ៤ ម៉ោង ទៅ ៦ម៉ោង ដើម្បីធ្វើការសម្រេចបានគោលដៅ ដែលចាប់ផ្ដើមពីចំណុចងាយស្រួល រហូតដល់ចំណុចលំបាកស្មុគស្មាញ ហើយនៅចុងបញ្ជប់នៃការប្រកួត ចំពោះបេក្ខជនណាដែលទទួលបានពិន្ទុខ្ពស់ជាងគេនឹងទទួលបានជ័យលាភី។
១.លក្ខខណ្ឌនៃការចូលរួមប្រកួត៖
បេក្ខជនត្រូវតែជាជនជាតិខ្មែរ ដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៣៥ឆ្នាំ និងត្រូវមានចំណេះដឹងមូលដ្ឋានមួយចំនួនដូចជា ចំណេះដឹងពីមូលដ្ឋានគ្រឹះនៃសន្តិសុខព័ត៌មាន មានចំណេះដឹងពីមូលដ្ឋានគ្រឹះនៃបណ្ដាញ អាចប្រើប្រាស់ពាក្យបញ្ជានៅក្នុង Linux, និង Command Lines ក៏ដូចជាយល់ដឹងអំពី Web Application។ យ៉ាងណាក៏ដោយ រាល់បេក្ខជនដែលចូលរួមក្នុងកម្មវិធី នឹងត្រូវបានបង្ហាត់បង្រៀនក៏ដូចជាណែនាំដោយគ្រូបង្វឹកជំនាញមុនពេលប្រកួត។
២.តម្រូវការឧបករណ៍ និងកម្មវិធីសម្រាប់ការប្រកួត៖
បេក្ខជននីមួយៗ តម្រូវឲ្យមានកុំព្យូទ័រមួយគ្រឿង ដែលអាចយកមកធ្វើការប្រកួតបាន ហើយតម្រូវការទាបបំផុតសម្រាប់ម៉ាស៊ីនកុំព្យូទ័រនោះគឺ៖
- កុំព្យូទ័រយួរដៃដែលយ៉ាងហោចណាស់មាន ៤GB RAM និងមាន ១០+GB Storage Space
- មានមុខងារ Wireless and Ethernet Adapters
- អាចដំណើរការនូវ Virtual Machine ដែលប្រើប្រាស់ ២ GB RAM និង ១០ GB Storage
- មានប្រព័ន្ធប្រតិបត្តិការ Window, OSx ឬ Linux
ចំណែកឯកម្មវិធីជាក់លាក់ផ្សេងទៀត នឹងត្រូវបានផ្ដល់ដោយ ក្រុមការងារ Cambodia CTF Challenge 2022 នៅពេលក្រោយ។
៣.ដំណើរការនៃការចុះឈ្មោះ និងការជ្រើសរើស៖
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធី អាចធ្វើការចុះឈ្មោះ និងតេស្តបច្ចេកទេសបានតាមរយៈ Google Form (សូមចុច តំណរភ្ជាប់)។ ហើយការចុះឈ្មោះនឹងបើកទទួលចាប់ផ្ដើមពីថ្ងៃ ទី ២៤ ខែ មិថុនា រហូតដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ ហើយរាល់បេក្ខជននីមួយៗ ត្រូវមានគណនី Gmail ដើម្បីបំពេញដំណើរការនៃការចុះឈ្មោះ។
ក្រោយពីចុះឈ្មោះតេស្ដរួច ក្រុមការងារ Cambodia CTF Challenge 2022 នឹងធ្វើការវាយតម្លៃនៃការធ្វើតេស្ត ហើយនឹងអញ្ជើញបេក្ខជនដែលជាប់សម្រង់បញ្ជី (Short List) មកធ្វើការប្រជុំគ្នា។ ហើយនៅក្នុងថ្ងៃប្រកួត ក្រុមការងារ នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលបឋមដែលផ្ដោតទៅលើ Tool ដែលសំខាន់ៗដែលត្រូវប្រើប្រាស់ក្នុងពេលប្រកួត។ អ្វីដែលពិសេសនោះ គឺបេក្ខជនដែលចូលរួមប្រកួត នឹងទទួលបានកញ្ចប់វត្ថុអនុស្សាវរីយ៍ និងអាវយឺតដ៏ស្រស់ស្អាតដើម្បីពាក់នៅក្នុងថ្ងៃប្រកួតផងដែរ។
៤.វគ្គបណ្ដុះបណ្ដាលមុនពេលប្រកួត៖
មុនពេលប្រកួតបេក្ខជនដែលបានចុះឈ្មោះទាំងអស់ នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
- សិក្សាអំពីអ្វីដែលហេគឃ័រ(Hacker)គិត និងយល់ដឹងអំពីវិធីសាស្ត្រដែលត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ ការពារសន្តិសុខ
- ស្វែងយល់អំពី Kali Linux ការប្រើប្រាស់ Tools និងបច្ចេកទេសដែលអ្នកជំនាញសន្តិសុខប្រើប្រាស់
- យល់ដឹងអំពីវិធីសាស្ត្រ OSINT, Metasploit និងកម្មវិធីដែលពេញនិយមប្រើប្រាស់ដូចជា nmap, net cat, nessus ជាដើម។
៥.កាលបរិច្ឆេទប្រកួត៖
ថ្ងៃប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២២ ដែលមានទីតាំងនៅនៅសាលា CADT (Cambodia Academy of Digital Technology - CADT) ហើយសម្រាប់បេក្ខជនដែលចូលរួមប្រកួតដល់វគ្គផ្ដាច់ព្រាត់នឹងត្រូវបានផ្តល់ជូនអាហារសម្រន់ និងភេសជ្ជៈផងដែរ។
៦.ពានរង្វាន់នៃការប្រកួត៖
- បេក្ខជនដែលទទួលបានជាលាភីលេខ ១ នឹងត្រូវបានទទួលប្រាក់រង្វាន់ចំនួន ១,២លានរៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត។
- បេក្ខជនដែលទទួលបានជាលាភីលេខ ២ នឹងត្រូវបានទទួលប្រាក់រង្វាន់ចំនួន ៨០ម៉ឺន រៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត។
- បេក្ខនជនទទួលបានជាលាភីលេខ ៣ នឹងត្រូវបានទទួលប្រាក់រង្វាន់ចំនួន ៤០ម៉ឺនរៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត។
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ៖
☎️ (855) 17 308353
☎️ (855) 77 883800 ឬហ្វេសប៊ុកផេក SalaCyber។
សូមទស្សនាវីដេអូលំអិតពីកម្មវិធី៖
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ - Morm Navasiri (Telegram: @Navasiri)