ផ្ដើមចេញពីការស្រលាញ់ជំនាញបច្ចេកវិទ្យា លោក អ៊ឹង ប៉ហៃ បានខំប្រឹងសិក្សាស្រាវជ្រាវ និងប្រឡូកការងារជាច្រើន ដោយចំណាយពេលអស់ជិត១០ឆ្នាំ តស៊ូរហូតអាចបើក SalaCyber ដែលជាសាលាបង្រៀន ជំនាញសុវត្ថិភាពអ៊ិនធឺណិត (CyberSecurity) ដំបូងបំផុតនៅក្នុងស្រុកខ្មែរ នៅក្នុងតម្លៃសមរម្យ គុណភាពមេរៀនមិនចាញ់បរទេស ខណៈដែលជំនាញនេះ ពិបាករកកន្លែងរៀននៅក្នុងស្រុក ហើយបើបង់លុយរៀនអនឡាញជាមួយសាលាបរទេសវិញត្រូវចំណាយច្រើនដល់ទៅខ្ទង់ពាន់ដុល្លារក៏មាន។
ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយ Technology Cambodia លោក អ៊ឹង ប៉ហៃ ស្ថាបនិក SalaCyber បានឱ្យដឹងថា ក្រោយពីបញ្ចប់ការសិក្សាជំនាញផ្នែក IT ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ២០១៥ លោកបានរកឃើញថា ខ្លួនលោកផ្ទាល់មានចំណូលចិត្តផ្នែកសុវត្ថិភាពអ៊ិនធឺណិត (CyberSecurity) ក្រោយមកលោកក៏បានបន្ដសិក្សាស្រាវជ្រាវ និងបានចូលធ្វើការផ្នែក CyberSecurity ជាច្រើនផងដែរ។ លើសពីនេះទៅទៀត លោកក៏ធ្លាប់បានចូលរួមកម្មវិធីប្រគួតផ្នែក CyberSecurity តាំងពីក្នុងប្រទេស រហូតធ្លាយដល់ក្រៅប្រទេសលើឆាកអន្ដរជាតិជាបន្ដបន្ទាប់ថែមទៀតផង។
រហូតដល់ឆ្នាំ២០២១ ដោយមើលឃើញថា ដើម្បីរៀនជំនាញ CyberSecurity ត្រូវចំណាយលុយច្រើន ហើយសំបូរតែមេរៀនបរទេស ហើយបូករួមនឹងប្រទេសកម្ពុជារបស់យើងហាក់ខ្វះអ្នកជំនាញផ្នែកនេះដែរនោះ លោក អ៊ឹង ប៉ហៃ ក៏បានសម្រេចចិត្តធ្វើការបើកសាលា SalaCyber ឡើងដើម្បីបណ្ដុះជំនាញ CyberSecurity ដល់កូនខ្មែរ នៅក្នុងតម្លៃមួយដ៏សមរម្យមួយ ខណៈមេរៀនទាំងអស់ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ហើយគុណភាពមិនចាញ់បរទេសនោះទេ។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ SalaCyber មានវគ្គបង្រៀនរហូតដល់ទៅ១៣ វគ្គឯណោះ តាំងពីវគ្គមូលដ្ឋាន រហូតដល់ជំនាញ ជុំវិញផ្នែក CyberSecurity។ ហើយអ្វីដែលពិសេសជាងនេះទៅទៀត SalaCyber ក៏កំពុងតែបើកវគ្គសិក្សាថ្មី ជាមួយនឹងតម្លៃសិក្សាពិសេស ហើយសម្រាប់សិស្សដែលចុះឈ្មោះចូលរៀននៅក្នុងវគ្គថ្មីនេះ នឹងទទួលបានអាវយឺត SalaCyber ដ៏ស្រស់ស្អាតមួយផងដែរ។ ប្រសិនបើចាប់អារម្មណ៍ចង់ចុះឈ្មោះចូលរៀន ឬប្រឹក្សាយោបល់ និងសួរព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់លេខ ០86 211 536 ហ្វេសប៊ុកផេក SalaCyber ឬវេបសាយ https://salacyber.com/៕
អត្ថបទដោយ៖ Nava Siri