មិនចាញ់បរទេស! ស្ថាបនិក AI Farm ផលិតBoard ខួរក្បាលបច្ចេកវិទ្យាបញ្ជារដ្រូនរបស់ខ្មែ ត្រៀមលក់ទៅទីផ្សារពិភពលោក
Navasiri Morm
FEBRUARY 21 2023
អាជីវកម្ម 4.0
19 K views
2 mins read

ដូចពាក្យចាស់ធ្លាប់បានលើកឡើងថា ឱ្យតែមានការតាំងចិត្ត និងការខិតខំប្រឹងប្រែង រឿងអ្វីក៏យើងអាចធ្វើបានដែរ ជាក់ស្ដែងបើយើងក្រឡេកទៅមើលសហគ្រិនបច្ចេកវិទ្យាខ្មែរយើងមួយរូបគឺលោក គីម ស្ថាបនិក AI Farm Robotics Factory បានបង្ហើបពីសមិទ្ធផលថ្មីតំណាងឱ្យជាតិខ្មែ​រ ពោលគឺក្រុមការងាររបស់លោកអាចផលិត Board ដែលជាខួរក្បាលបច្ចេកវិទ្យាបញ្ជារដ្រូនបង្កើតដោយស្នាដៃកូនខ្មែរផ្ទាល់ ហើយត្រៀមនឹងដាក់លក់ទៅទាំងក្នុងទីផ្សារក្នុងស្រុក ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោកនាពេលឆាប់ៗខាងមុខនេះ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមការងារចាបខៀវ Technology Cambodia លោក គីម បានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមការងារ AI Farm បាននឹងកំពុងតែបន្ដស្រាវជ្រាវនិងអភិវឌ្ឍន៍ ទៅលើការផលិត Board បញ្ជារ ដែលប្រៀបដូចជាខួរក្បាលបច្ចេកវិទ្យា សម្រាប់បញ្ជាទៅលើដ្រូន។ ហើយសម្រាប់ Board បញ្ជារនេះទៀតសោត គឺអាចនឹងដាក់សម្ពោធន៍ឱ្យប្រើប្រាស់និងចាប់ផ្ដើមដាក់លក់នៅលើទីផ្សារ នៅក្នុងអំឡុងឆ្នាំ២០២៣ នេះ។

217

លោក គីម បានឱ្យដឹងថា ក្រៅពីការដាក់សម្ពោធន៍ជាផ្លូវការណ៍នូវផលិតផល Board ដែលជាខួរក្បាលបច្ចេកវិទ្យាបញ្ជារដ្រូននៅក្នុងឆ្នាំ២០២៣ នេះ AI Farm ក៏មានផលិតផលបច្ចេកវិទ្យា AI ទំនើបៗ ដូចជាដ្រូន រ៉ូបូត និងផលិតិផលបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត ត្រៀមនឹងដាក់លក់នៅលើទីផ្សារ ដែលផលិតផលទាំងអស់សុទ្ធសឹងតែជាផលិតបច្ចេកវិទ្យាបង្កើតឡើងដោយស្នាដៃវិស្វករខ្មែរយើងផ្ទាល់។

សហគ្រិនបច្ចេកវិទ្យារូបនេះបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះនៅ AI Farm Robotics Factory មានមន្ទីរស្រាវជ្រាវពិសោធន៍បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតចំនួន៦ និងបាននឹងកំពុងតែផ្ដល់សេវាកម្មធំៗ ចំនួន៣ រួមមាន​ ការស្រាវជ្រាវផលិតផលិតផលបច្ចេកវិទ្យារ៉ូបូត AI ផ្សេងៗដែលជារបស់ខ្មែរ សេវាជួយអាជីវកម្មខ្នាតតូចនិងមធ្យមជាងកន្លះលានក្នុងស្រុកខ្មែរ ក្នុងការបង្កើតម៉ាស៊ីនស្វ័យប្រវត្តិកម្មក្នុងចង្វាក់ផលិតផល។ ហើយសេវាកម្មធំមួយទៀត គឺជួយសាលាទូទាំងប្រទេសកម្ពុជាក្នុងការបង្កើតបន្ទប់ពិសោធន៍វិទ្យាសាស្រ្ដសម្រាប់បង្រៀនមុខវិទ្យា មុខវិទ្យា STEM ឬ ក៏ STEAM ដែលរួមមាន  វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា គឺជាមុខវិជ្ជាគ្រិះដ៏ចាំបាច់ដែលនឹងធ្វើឱ្យធនធានជំនាន់ក្រោយរបស់យើងអាចមានសមត្ថភាពទៅបន្ដរៀន ឬបង្កើតនូវបច្ចេកវិទ្យាផ្សេងៗបាន។

118

គួរជម្រាបផងដែរថា AI Farm Robotics Factory ត្រូវបានបង្កើតឡើងមក ដោយមានក្ដីស្រមៃរួមមួយគឺចង់ធ្វើឱ្យ AI Farm ក្លាយជាតំបន់បច្ចេកវិទ្យានៅកម្ពុជាមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ពោលគឺជាសហគមន៍មួយដែលប្រមូលផ្ដុំធនធាមនុស្សបច្ចេកវិទ្យាខ្មែរពូកែៗ មិនថាតែផ្នែក AI ស្វ័យប្រវត្តិកម្ម និងអ្នកជំនាញផ្នែករ៉ូបូតជាដើមនោះ ឱ្យមកពួតដៃគ្នាបង្កើតបច្ចេកវិទ្យាដែលជារបស់ខ្មែរ និងចង់ឃើញកម្ពុជាផ្លាស់ប្ដូរទៅជាប្រជាជាតិដែលអាចផលិតរ៉ូបូតមិនចាញ់បរទេសនោះឡើយ។

ដោយឡែក សម្រាប់លោកអ្នកដែលចង់ជាវផលិតផល AI ឬប្រើប្រាស់សេវាកម្មបង្កើតម៉ាស៊ីនស្វ័យប្រវត្តិកម្ម ឬសេវាកម្មបង្កើតបន្ទប់ពិសោធន៍នៅតាមសាលា អាចធ្វើការទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 010 686 878 ហ្វ្រេសប៊ុកផេក AI FARM Robotics Factory ឬគេហទំព័រ aifarm.dev៕

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Tel: 0966034563; 085791701 | Telegram: @Navasiri)

៦៨

62

67

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia