Samsung Galaxy S22 FE គឺជាមូឌែលទូរស័ព្ទមួយប្រភេទដែលច្នៃឡើងសម្រាប់តម្រូវចិត្តអ្នកគាំទ្រ(Fan Edition) ហើយម៉ូឌែលមួយនេះក្រុមហ៊ុន Samsung គ្រោងនឹងផលិតវារហូតដល់3លានគ្រឿងឯណោះ ដោយឡែកថ្មីៗនេះ Samsung ក៏បានធ្វើការផ្អាកដំណើរការវិញដោយសារតែមូលហេតុជាច្រើន ជាពិសេសការបែងចែកឈីបដើម្បីយកទៅផលិត Galaxy S22 Ultra តែម្តង។
ដោយយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ The Elec បានបង្ហាញថា ក្រុមហ៊ុន Samsung មានគម្រោងផលិត Galaxy S22 FE នេះរហូតដល់ 3លានគ្រឿងឯណោះក្នុងឆ្នាំនេះ ប៉ុន្តែដោយសារតែបញ្ហាកង្វះខាតឈីបសម្រាប់ផ្គត់ផ្គង់ក៏ដូចជា កំណើននៃការលក់ S22 Ultra នៅតែបន្តកើនឡើង ដូច្នេះគម្រោងផលិត Galaxy S22 FE គឺត្រូវបានលុបហើយឈីបដែលត្រៀមសម្រាប់ Galaxy S22 FE នឹងត្រូវបែងចែកឱ្យទៅ Galaxy S22 Ultra ដើម្បីផលិតបន្ត។
ប្រភពដដែលក៏បានបន្តថា ក្នុងរយៈពេល1ឆ្នាំកន្លះដំបូង ក្រុមហ៊ុន Samsung បាននាំចេញ Galaxy S22 Ultra ទៅកាន់ទីផ្សារបានរហូតដល់ 10លានគ្រឿងឯណោះ ហើយគេរំពឹងថាវានឹងអាចលើសពីចំនួន10លាននេះទៅទៀតក្នុងពេលខាងមុខ។
គួរជម្រាប់ផងដែរថា បើទោះបីជា Galaxy S22 FE មិនបានផលិតក្នុងឆ្នាំនេះក៏ដោយ ប៉ុន្តែ Samsung មានគម្រោងថានឹងផលិត Galaxy S23 FE ឱ្យបាន3លាននៅឆ្នាំក្រោយនេះហើយ។
អត្ថបទដោយ៖ រិន មករា