ក្នុងចំណោមស្មាតហ្វូនជាច្រើនយើងឃើញថា ស្មាតហ្វូនរបស់ Xiaomi ឬស្មាតហ្វូនផ្សេងៗទៀតដែលជាបុត្រសម្ព័ន្ធជាមួយគ្នាគឺភាគច្រើនបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ជាក់ស្តែងថ្មីៗនេះយើងឃើញមានការបង្ហោះវីដេអូខ្លីមួយដោយបង្ហាញពីស្មាតហ្វូន Redmi ដែលអាចសាកថ្មល្បឿនលឿនដល់ទៅ 300W ឯណោះដោយប្រើពេលមិនដល់ 5នាទីផងពេញ 100%បាត់ហើយ។
យោងតាមការចុះផ្សាយរបស់ Android Authority បានឲ្យដឹងថា ស្មាតហ្វូនមួយនេះគឺត្រូវបានកែច្នៃចេញពីស្មាតហ្វូន Remi Note 12 ដោយបំពាក់មកជាមួយនឹងទំហំថ្ម 4,100mAh និងល្បឿនសាក300W ហើយក្នុងវីដេអូនេះយើងឃើញថា វាអាចធ្វើការសាកថ្មចាប់ពី 0% ដល់ 50% ដោយប្រើពេលក្រោម ៣នាទី ហើយវាអាចបំបុកដល់ 100% ត្រឹមរយៈពេលក្រោម5នាទីប៉ុណ្ណោះ ដែលល្បឿនសាកប៉ុណ្ណឹងស្មើនឹងយើងដាក់បញ្ចូលចោលទៅញ៉ាំមីឆាមួយភ្លែតពេញហើយ។
ក្នុងនោះផងដែរ ថ្វីត្បិតតែវាអាចសាកថ្មបានល្បឿនលឿនខ្លាំងក៏ពិតមែនប៉ុន្តែគេក៏បានប្រើជាមួយនឹងដុំសាកដែលបំពាក់បច្ចេកវិទ្យា Double GaN រួមជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាពលើសពី50 ប៉ុន្តែខាងក្រុមហ៊ុនវិញក៏មិនបានបញ្ជាក់ឲ្យច្បាស់ទេថា ស្មាតហ្វូនមួយនេះអាចនឹងចេញលក់នៅលើទីផ្សារនៅពេលណា។
សម្រាប់អ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ? ប្រសិនបើស្មាតហ្វូនមួយនេះនឹងចេញលក់នៅលើទីផ្សារឆាប់ៗ តើប្រិយមិត្តទាំងអស់គ្នាហ៊ានចំណាយលុយទិញវាយកមកប្រើប្រាស់ទេ?
អត្ថបទដោយ៖ រិន មករា