ស្ងាត់ Realme ដាក់ថ្ងៃត្រៀមបញ្ចេញកំពូលស្មាតហ្វូនថ្មីមួយម៉ូដែលទៀតគឺ Realme GT 7 Pro ដើម្បីអង្រួនទីផ្សារ។ ដោយឡែក បើយោងទៅតាម Gizchina បានឲ្យដឹងថានៅក្នុងព្រឹត្តិការនៃការបញ្ចេញស្មាតហ្វូននេះ Realme ក៏នឹងធ្វើធ្វើការបញ្ចេញជាមួយនឹងបច្ចេកវិទ្យាសាកថ្មថ្មី ដែលមានកម្លាំងដល់ 300W ។
យ៉ាងណាមិញសម្រាប Realme GT 7 Pro ដែលគេត្រៀមចេញនេះ គឺវាមានមុខងារអាប់ឌែតថ្មីជាច្រើនជាពិសេសគឺនឹងបំពាក់មកជាមួយនឹងកម្រិត IP69 ដើម្បីការពារធូលី និងការពារទឹកបានកាន់តែខ្លាំងជាងមុន ដែលបច្ចេកវិត្យាមួយនេះគឺពុំទាន់ឃើញមាននៅលើស្មាតហ្វូនណាទេ។ លើសពីនេះទៅទៀតវាក៏បំពាក់មកជាមួយនឹងបច្ចេកវិទ្យា single-point ultrasonic fingerprint sensor បន្ថែមទៀតដើម្បីបង្កើនទៅលើល្បឿននៅក្នុងការស្កេនដោះសោឲ្យកាន់តែលឿនជាងមុន។
មិនតែប៉ណ្ណោះ សម្រាប់ Realme GT 7 Pro ក៏គេនឹងបំពាក់មកជាមួយឈីប Snapdragon 8 Gen 4 ទំហំ RAM 24GB, Storage 1T, ចំពោះអេក្រង់គឺជាប្រភេទ OLED រាបស្មើជាពិសេសគឺប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា LTPO ផងដែរ ដោយវាអាចបង្ហាញបានដល់ទៅកម្រិត 1.5K ហើយសម្រាប់ទំហំថ្មវិញក៏ធំដែរ វាអាចនឹងឡើងដល់ 6,000mAh ហើយទៅលើកម្លាំងសាកថ្មវិញគឺគេអាចរក្សាវានៅ 100W ដដែល។
ទោះបីជាយ៉ាងណាក៏ដោយ ចំពោះបច្ចេកវិទ្យាសាកថ្មល្បឿនលឿនក៏ Realme នឹងធ្វើការបញ្ចេញនៅក្នុងព្រឹត្តិការជាមួយគ្នានេះដែរ។ បច្ចេកវិទ្យាមួយនេះវាអាចគាំទ្រការសាកថ្មល្បឿនលឿនដល់ទៅ 300W ហើយកម្លាំងសាករបស់វាចាប់ពី 0-50% គឺប្រើពេលមិនដល់ 3 នាទីផង ហើយប្រសិនបើយើងបញ្ចូលវាឲ្យពេញបឹបគឺវាអាចប្រើពេលត្រឹមក្រោម 5នាទីប៉ុណ្ណោះ ដែលល្បឿននេះគឺលឿនសាហាវណាស់។
គូសបញ្ជាក់ផងដែរថាសម្រាប់បច្ចេកវិទ្យាសាកថ្មល្បឿននេះ គេពុំទាន់ដឹងថា Realme នឹងត្រៀមដាក់ចេញឲ្យប្រើប្រាស់សាកល្បងនៅលើស្មាតហ្វូនម៉ូដែលមួយណានោះទេ ពោលគឺគេគ្រាន់តែធ្វើការតេស្តបង្ហាញនៅក្នុងព្រឹត្តិការបញ្ចេញស្មាតហ្វូន Realme GT 7 Pro តែប៉ុណ្ណោះ។
អត្ថបទដោយ៖ រិន មករា