ភ្នំពេញ — ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានប្រកាសអបអរសាទរកញ្ញា ហ៊ុត ម៉ីឡាង និស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលត្រូវបានជ្រើសរើសជា "ទូតសុឆន្ទៈពិភពលោក" សម្រាប់ឆ្នាំ២០២៥។ កញ្ញា ម៉ីឡាង គឺជាអតីតជ័យលាភីនៃកម្មវិធី Huawei's Seeds for the Future កាលពីឆ្នាំ២០២៤។
កញ្ញា ម៉ីឡាង ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈពិភពលោកម្នាក់ ក្នុងចំណោមបេក្ខជន ១២នាក់ មកពីជុំវិញពិភពលោក។ ក្នុងតួនាទីថ្មីនេះ កញ្ញានឹងតំណាងឱ្យយុវជនមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការចូលរួមកិច្ចការសហគមន៍ ចែករំលែកចំណេះដឹងនៅក្នុងវេទិកាអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់ផ្សេងៗទៀត ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលជាសកល។
កញ្ញា ម៉ីឡាង ធ្លាប់ទទួលបានអាហារូបករណ៍ ១០០% សិក្សានៅ AUPP និងធ្លាប់ចូលរួមកិច្ចការសង្គម កម្មវិធីបណ្តុះបណ្តាល និងការប្រកួតប្រជែងជាច្រើន។ ស្នាដៃគួរឱ្យកត់សម្គាល់រួមមាន មេដាយមាសក្នុងការប្រកួតប្រជែងផ្នែកផែនដីវិទ្យាឆ្នាំ២០២១ និងជ័យលាភីលេខ១ ក្នុងការប្រកួត Faulkner Challenge Championship ឆ្នាំ២០២៤ ដែលរៀបចំដោយសាកលវិទ្យាល័យ Fort Hays State University របស់សហរដ្ឋអាមេរិក។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលរបស់កញ្ញា ម៉ីឡាង និងបានជូនពរឱ្យកញ្ញាទទួលបានជោគជ័យក្នុងតួនាទីថ្មីនេះ។ ក្រសួងក៏បានលើកទឹកចិត្តដល់យុវជនកម្ពុជាផ្សេងទៀត ឱ្យយកគំរូតាមកញ្ញា និងខិតខំអភិវឌ្ឍសមត្ថភាពក្នុងវិស័យឌីជីថល។ ការតែងតាំងកញ្ញា ម៉ីឡាង គឺជាការបង្ហាញពីទេពកោសល្យ និងសមត្ថភាពរបស់យុវជនកម្ពុជាលើឆាកអន្តរជាតិ។