បើសិនអ្នកទាំងអស់គ្នាតាមដានព័ត៌មានពី Meta ស្អិតដូចព្រឹត្តិការណ៍សង្គមតាំងតែពីដើមឆ្នាំមក អ្នកប្រាកដជាឃើញថា ក្រុមហ៊ុនដែលគេធ្លាប់តែថាជាគម្រូក្រុមហ៊ុនខ្លាំង ជាខ្លាចាស់លើបណ្ដាញសង្គម ជាអ្នកគុណនិយមលើពិភពបច្ចេកវិទ្យា ឥឡូវនេះបីដូចខ្លាពុកចង្គោម តែមិនបាក់ទេ ហើយម្រឹគាផ្សេងទៀតនៅក្នុងព្រៃនៃទីផ្សារបច្ចេកវិទ្យាក៏តម្លើងធ្មុង បង្ហាញចង្គោមថ្មីៗកាន់តែច្រើនទៅៗ ជាពិសេស Tik Tok តែម្ដង។
គេអាចស្ទង់ដឹងសភាពលក្ខណៈក្រុមហ៊ុន តាមរយៈរបាយការណ៍លុយតែម្ដង ដោយនៅក្នុងឆ្នាំនេះភាគហ៊ុនរបស់ Meta មួយឆ្នាំចុងក្រោយនេះ មានតែសញ្ញាដាំក្បាលចុះហើយចុះរហូត មិនទាន់ងើបឡើង ដល់កម្រិតមុនព្រឹត្តិការណ៍ខែកុម្ភៈឆ្នាំ ២០២២ ដែល Meta បើកបញ្ជីប្រាប់សាធារណជនថាខ្លួនខាតលើ Metaverse រាប់ពាន់លានដុល្លារ និង ចាញ់បង់ Tik Tok លើចលនាបណ្ដាញសង្គមថ្មីនោះ។
កាលពីឆ្នាំមុនបើតាមសារព័ត៌មាន MarketWatch ក្រុមហ៊ុន Meta ធ្លាប់ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេលេខ ៥ នៅសហរដ្ឋអាមេរិក ឥឡូវនេះចាប់ផ្ដើមដើររកដំណើរធ្លាក់ពីលេខម្ដងបន្តិចៗ ស្ថិតក្នុងកម្រិតមួយលេខ ១០ នេះបើគិតត្រឹមតម្លៃផ្សារហ៊ុនអាមេរិកនៅថ្ងៃអង្គារទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ដោយឈរពីក្រោយក្រុមហ៊ុន Visa Apple Google Microsoft Amazon សូម្បីតែ Tesla។