បន្ទាប់ពីព្រឹត្តិការ WWDC 23 របស់ Apple រួចមកឃើញថាមានដំណឹងបែកធ្លាយជាច្រើនទាក់ទងជាមួយនឹងតម្លៃនៃ iPhone 15 ដែលនឹងត្រូវចេញប៉ុន្មានខែទៀតនេះ ក្នុងនោះផងដែរមានដំណឹងបែកធ្លាយដែលអាចទុកចិត្តមួយបានឲ្យដឹងថា ត្រកូល iPhone 15 Pro Model អាចនឹងមានតម្លៃហក់ឡើងខ្លាំងជាងមុន។
យោងទៅតាមអ្នកវិភាគល្បីឈ្មោះលោក Dan Ives បានធ្វើការថ្លែងនៅក្នុងវេទិការណ៍របស់ CNBC ថា Apple នឹងធ្វើការដើរទៅតាមយុទ្ធសាស្រ្តចាស់ ពោលគឺលោកក៏ធ្លាប់បានព្យាករណ៍កាលពីជំនាន់iPhone 14 ចេញដែរ ដែលកាលនោះគឺឡើងថ្លៃចន្លោះចាប់ពី $82 ដល់ $172។ លើសពីនេះទៅទៀតលោកបានបន្ថែមថា Apple នឹងធ្វើការដំឡើងថ្លៃទៅលើត្រកូល iPhone 15 Pro Model ជាជាងម៉ូដែលធម្មតា។
លោក Dan Ives បានបន្តថាសម្រាប់ iPhone 15 Pro Model គឺអាចនឹងមានតម្លៃហក់ឡើងដល់ $200 ក្នុងមួយដើម។ បើនិយាយឲ្យងាយយល់ សម្រាប់តម្លៃ iPhone 14 Pro បច្ចុប្បន្នតម្លៃខ្ទង់ $1,00ខណៈ iPhone 14 Pro Max តម្លៃខ្ទង់ $1,100 ដូច្នេះមានន័យថា iPhone 15 Pro នឹងអាចឡើងថ្លៃល់$1,200 រីឯ iPhone 15 Ultra វិញនឹងឡើងថ្លៃដល់ $1,300 ក្នុងមួយដើម។
យ៉ាងណាមិញលោក Ives ជឿជាក់ថាក្រុមហ៊ុន Apple នឹងឡើងតម្លៃខ្លួនផងដែរ ដោយលោកបានព្យាករណ៍ថានឹងឡើងចាប់ពី 2.85ទ្រីលានដុល្លារ រហូតដល់ 3.5ទ្រីលានដុល្លារ ទៅ 4ទ្រីលានដុល្លារ ផងដែរ។
អត្ថបទដោយ៖ រិន មករា