មុនពេលព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មី Far Out របស់ Apple មានបុគ្គលល្បីៗ ជាច្រើនបានទាយទុកថា iPhone 14 នឹងអាចភ្ជាប់ទៅផ្កាយរណបបាន ហើយរឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយប់មិញនេះ រឿងដែលគេបាន ទស្សន៍ទាយគឺពិតជាកើតឡើងមែន ដោយ Apple បានប្រកាសបញ្ចេញមុខងារថ្មីបំផុតលើលោក ទៅលើទូរសព្ទរបស់ខ្លួន ដោយ iPhone 14 ដែលប្រកាសចេញកាលពីយប់មិញនេះ មានសមត្ថភាព អាចធ្វើការភ្ជាប់ទៅកាន់ផ្កាយរណបនៅលើមេឃ ហើយអាចធ្វើការផ្ញើសារបាន ដោយមិនចាំបាច់មានសេវា ឬអត់ស៊ីមកាតក៏ដោយ។
បើតាមអ្នកស្រី Ashley Williams ដែលជាអ្នកគ្រប់គ្រងផ្នែកគំរូផ្កាយរណប និងការតេស្ដសាកល្បងនៃក្រុមមហ៊ុន Apple កាលពីយប់មិញនេះបានឱ្យដឹងថា សម្រាប់មុខងារភ្ជាប់ទៅកាន់ផ្កាយរណបនៅលើ iPhone 14 ថ្មីនេះ គេអាចប្រើវាដើម្បីធ្វើការផ្ញើសារ រកជំនួយបាន ដោយមិនចាំបាច់មាន Wifi មិនចាំបាច់មានស៊ីម ឬសេវានោះឡើយ។
ដោយ Apple បានបង្កើតកម្មវិធីមួយ ដោយអ្នកប្រើអាចធ្វើការបើកកម្មវិធីមួយនោះ ដើម្បីស្វែងរកកន្លែងដែលសាកសមសម្រាប់ភ្ជាប់ទៅកាន់ផ្កាយរណប ដើម្បីផ្ញើសារទៅសុំជំនួយបាន ខណៈមុខងារនេះ គឺបង្កើតឡើងដើម្បីសង្រ្គោះជីវិតអ្នកប្រើប្រាស់ ដូចជាពេលទៅដើរលេង ហើយជួបបញ្ហាវង្វេងកណ្ដាលព្រៃភ្នំ កណ្ដាលទឹកគ្មានកោះគ្មានត្រើយ ឬវង្វេងនៅតាមទីដាច់ស្រយាលណាមួយជាដើម។
ជាមួយគ្នានេះដែរ ក្រៅពីអាចធ្វើការផ្ញើសាររកជំនួយ ការដែលអាចភ្ជាប់ទៅកាន់ផ្កាយរណបនេះ បានធ្វើឱ្យ iPhone 4 កើតចេញជាមុខងារមួយទៀត គឺមុខងារ GPS ដោយអ្នកប្រើអាចធ្វើការបើកភ្ជាប់ជាមួយមនុស្សជាទីស្រលាញ់របស់គេ ដើម្បីដឹងពីទីតាំងរបស់គ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាព។
គួរជម្រាបផងដែរថា សម្រាប់មុខងារភ្ជាប់ទៅកាន់ផ្កាយររណបនេះ គឺមុខងារដ៏ល្អ និងថ្មីបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ដរបស់ Apple ក្នុងការផលិតទូរសព្ទ។ យ៉ាងណា ក៏ដោយខាងក្រុមហ៊ុន Apple បានឱ្យដឹងថា សម្រាប់មុខងារភ្ជាប់ទៅកាន់ផ្កាយរណបនៅលើ iPhone 14 នេះ នឹងដាក់ឱ្យដំណើរការតេស្ដប្រើសាកល្បងនៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ដំបូងគេ មុននឹងពង្រីកទៅបណ្ដាប្រទេសផ្សេងទៀត៕