កាលពីដើមខែកន្លងទៅគេបានប្រទះឃើញលោក Richard Yu ដែលជាអតីត CEO នៃក្រុមហ៊ុន Huawei ផ្នែក Consumer Business Group បានធ្វើការចាប់កាន់ប្រើប្រាស់ជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់៣តង់ឬក៏ហៅថា Tri-Folding Smartphone របស់ Huawei ដោយវាជាស្មាតហ្វូនមួយដែលពុំទាន់មានក្រុមហ៊ុនណាដាក់ចេញឲ្យប្រើប្រាស់នៅឡើយទេ។
យ៉ាងណាមិញបើយោងទៅតាម GSMARENA បានឲ្យដឹងថា នាពេលថ្មីនេះ លោក Richard Yu បានធ្វើការប្រកាសពីថ្ងៃដែលត្រូវបញ្ចេញទូរស័ព្ទអេក្រង់បត់៣តង់នេះតែម្តង ពោលគឺនៅខែក្រោយនេះហើយ។ ដោយដំណឹងមួយនេះត្រូវបានគេដឹងបន្ទាប់ពីមានអតិថិជនម្នាក់បានសួរទៅកាន់លោក Richard Yu ពីថ្ងៃដែលទូរស័ព្ទមួយប្រភេទនេះចេញលក់លើទីផ្សារ ប៉ុន្តែចម្លើយដ៏ខ្លីលោកបានឆ្លើយថា នៅខែក្រោយ។
លើសពីនេះទៅទៀតសម្រាប់ទូរស័ព្ទអេក្រង់បត់៣តង់នេះ គេរំពឹងថាវានឹងមានទំហំអេក្រង់ធំឡើងដល់ 10អិញឯណោះ និងអាចប្រើប្រាស់ជាមួយនឹងឈីប Kirin 9-Series ហើយក្រៅពីនេះយើងពុំទាន់ដឹងអំពីលក្ខណៈពិសេសបន្ថែមឬក៏មុខងារសំខាន់ៗណាមួយដែលគេបានបំពាក់នៅក្នុងស្មាហ្វូនមួយនេះនោះទេ ជាពិសេសគឺការធ្វើពាណិជ្ជកម្មផ្លូវការណាមួយក៏យើងពុំទាន់ឃើញដែរ ដូច្នេះមានតែរង់ចាំមើលខែក្រោយថាតើ Huawei នឹងបញ្ចេញវាមកលើទីផ្សារមែនឬក៏យ៉ាងណា។
អត្ថបទដោយ៖ រិន មករា