សិស្សលួចញញឹម! ស្ងាត់ៗមេ Facebook បង្កើត AI ឈ្មោះឡាម៉ា​ អាចជួយធ្វើលំហាត់គណិត និងឆ្លើយបានគ្រប់សំណួរ
Navasiri Morm
FEBRUARY 28 2023
អាជីវកម្ម 4.0
452 views
2 mins read

ចូលដល់ឆ្នាំ២០២៣នេះ បច្ចេកវិទ្យា AI បានក្លាយជាប្រធានបទក្ដៅដែលមនុស្សជាច្រើនបានលើកយកមកជជែក ក្រោយក្រុមហ៊ុន OpenAI បានដាក់ឱ្យប្រើប្រាស់សាកល្បងនូវបច្ចេកវិទ្យា AI Chatbot របស់ខ្លួនដែលមានឈ្មោះថា ChatGPT។ ហើយស្របពេលដែលមនុស្សជាច្រើនហាក់មានទំនោរងាកទៅប្រើបច្ចេកវិទ្យា AI Chatbot ខាងលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook ក៏មិនបាននៅស្ងៀមនោះឡើយ ពោលគឺលោកទើបតែប្រកាសចេញនូវបច្ចេកវិទ្យា AI ថ្មីមួយឈ្មោះថាឡាម៉ា (LLaMA) ដែលឆ្លើយនូវសំណួរនិងដោះស្រាយបញ្ហាវិទ្យាសាស្រ្ដជាច្រើនបាន។ នេះបើតាមការចុះផ្សាររបស់សារព័ត៌មាន BBC។

ប្រភពដដែលបាន​ឱ្យដឹងទៀតថា សម្រាប់បច្ចេកវិទ្យា AI ឡាម៉ា (LLaMA)  ត្រូវបានបង្កើតឡើងក្រោមគោលបំណងចង់រួមចំណែកជួយដល់អ្នកវិទ្យាសាស្រ្ដ អ្នកស្រាវជ្រាវ និងវិស្វករ ឱ្យពួកគេអាចស្វែងរកចម្លើយដែលលំបាកៗ និងអាចសង្ខេបឯកសារផ្សេងៗបាន។ ហើយបើតាមលោក Mark Zuckerberg បានឱ្យដឹងថា បច្ចុប្បន្ននេះ AI ឡាម៉ា (LLaMA) ដែលជា AI Chatbot របស់លោកអាចធ្វើការដោះស្រាបលំហាត់គណិតលំបាកៗ និងអាចប្រើវាដើម្បីជួយក្នុងការស្រាវជ្រាវបែបវិទ្យាសាស្រ្ដបានយ៉ាងអស្ចារ្យថែមទៀតផង។

លោក Mark Zuckerberg បានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការណ៍របស់លោកថា « LLaMA ក្នុងពេលខាងមុខ នឹងអាចនិយាយឆ្លើយឆ្លងជាមួយមនុស្ស សង្ខេបអត្ថបទ និងអាចជួយដោះស្រាយទៅលើបញ្ហាស្មុគស្មាញជាច្រើនដូចជាដោះស្រាយទ្រឹស្ដីបទគណិត ឬការព្យាករណ៍រចនាសម្ព័ន្ធប្រូតេអ៊ីនជាដើម»។

គួរជម្រាបផងដែរថា ទៅថ្ងៃខាងមុខក្រុមហ៊ុន​ Meta គ្រោងនឹងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យា AI ឡាម៉ា (LLaMA) ឱ្យកាន់តែមានភាពឆ្លាតវៃ និងអាចធ្វើរឿងបានកាន់តែច្រើន។ ហើយការលោតចូលក្នុងសង្វៀនមួយនេះ បានធ្វើឱ្យការប្រគួតប្រគួតប្រជែងអភិវឌ្ឍន៍បច្ចេកវិទ្យា AI កាន់តែរីកចម្រើនកាន់តែខ្លាំង ខណៈបច្ចុប្បន្ននេះ គេសង្កេតឃើញមានវត្តមានក្រុមហ៊ុនធំៗ ជាច្រើនបានងាកមកផ្ដោតវិនិយោគលើកការអភិវឌ្ឍន៍បច្ចេកវិទ្យា AI ដូចជា ក្រុមហ៊ុន OpenAI Microsoft និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ជាដើម។ យ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកប្រើប្រាស់យើងគួរតែតាមឱ្យទាន់ពីបច្ចេកវិទ្យា និងរៀនទាញប្រយោជន៍ពីបច្ចេកវិទ្យាទាំងអស់នោះ តាមរយៈការប្រើប្រាស់វាជាឧបករណ៍ជំនួយដល់កិច្ចការងារផ្សេងៗ៕

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia