មិនយូរទេស្មាតហ្វូនជំនាន់ក្រោយនឹងអាចមានកន្លែងដោះថ្មចេញដូចស្មានស៊េរីចាស់ជំនាន់មុនដែរ ដោយអ្នកប្រើប្រាស់មិនចាំបាច់យកទៅជាងដើម្បីជួយដោះដូរទេពោលគឺអាចដោះដូរដោយខ្លួនឯងបានដោយងាយតែម្តង ដែលនេះគឺជាសំណើរច្បាប់ថ្មីរបស់អឺរ៉ុប។
យោងទៅតាមរបាយការណ៍ថ្មីរបស់ សភាអឺរ៉ុប បានឲ្យដឹងថា គេបានអនុម័តទៅលើច្បាប់ថ្មីដោយ ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទៅលើប្រភេទថ្មីអគ្គិសនីដែលបានចរាចរណ៍លក់នៅក្នុងសហភាពអឺរ៉ុប ពោលគឺតម្រូវឲ្យក្រុមហ៊ុនដែលផ្គត់ផ្គង់ទៅលើគ្រឿងអេឡិចត្រូនិចផ្សេងៗច្នៃឧបករណ៍របស់ខ្លួនឲ្យមានភាពងាយស្រួលដល់អ្នកប្រើក្នុងការប្តូរថ្មដោយខ្លួនឯងបានជាពិសេសទៅលើស្មាតហ្វូនតែម្តងដោយមិនបាច់ប្រើឧបករណ៍ជំនួយនោះទេ។
យ៉ាងណាមិញសម្រាប់ច្បាប់ថ្មីរបស់សភាអឺរ៉ុបនេះគឺគេចង់ជម្រុញឲ្យរោងចក្រដែលផលិតគ្រឿងអេឡិចត្រូនិចទាំងអស់នេះកាត់បន្ថយនៅកាកសំណល់អេឡិចត្រូនិចចូលទៅក្នុងបរិស្ថាន ដោយក្នុងនោះមានទាំងប្រភេទថ្មអគ្គិសនីដែលដាក់នៅក្នុង Scooter, កង់អគ្គិសនី និងប្រភេទថ្មផ្សេងៗទៀតដែលមានកម្លាំងលើស 2kwh ជាដើម។
ក្នុងច្បាប់ថ្មីនេះផងដែរគេនឹងធ្វើការប្រម៉ូលប្រភេទថ្មដែលសំខាន់ៗមកវិញក៏ដូចជាធ្វើការកែច្នៃនូវសារធាតុមួយចំនួនឡើងវិញដែលមាននៅក្នុងថ្មទៅតាមគោលដៅកំណត់ដូចជាសារធាតុ Lithium ឲ្យបាន 50% នៅក្នុងឆ្នាំ 2027 និង 80% នៅក្នុងឆ្នាំ 2031 ហើយក្រៅពីនេះមានដូចជាសារធាតុ cobalt, copper, lead, nickel, ដែលគេនឹងច្នៃឡើងវិញឲ្យបាន 90% នៅឆ្នាំ 2027 និង 95% នៅឆ្នាំ 2031។
គូសបញ្ជាក់ផងដែរថា សម្រាប់គោលការណ៍នេះគឺមានតែនៅក្នុងសហភាពអឺរ៉ុបប៉ុណ្ណោះប្រសិនបើគេសម្រេចថាចេញច្បាប់នេះមែនដោយយើងពុំទាន់ដឹងថាវាអាចនឹងពង្រីកដល់បណ្តាប្រទេសផ្សេងទៀតឬយ៉ាងនោះទេ។ តែយ៉ាងណាក៏ដោយ ដោយសារតែការមិនចង់ឲ្យខ្ចះខ្ជាយកាកសំណល់ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន កន្លងមក្រុមហ៊ុនស្មាតហ្វូនធំៗក៏បានធ្វើការដកដុំសាកចេញ ក៏ដូចជាពង្រួមប្រអប់ឲ្យតូចជាងមុនផងដែរ។
អត្ថបទដោយ៖ រិន មករា