គម្រោងខ្នាតយក្ស! ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានបោះទុនវិនិយោគជាង ១ពាន់លាន$ សង់រោងចក្រផលិតអគ្គិសនី ក្នុងខេត្ត១នេះ
SOKLY - កូនផ្កាឈូក
SEPTEMBER 30 2025
អេឡិចត្រូនិក
4.4 K views
1 min read

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខូ អិល ធី ឌី បានបោះទុនប្រមាណ ១.៣៤ពាន់លានដុល្លារ ទៅលើគម្រោងសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ដ៏ធំសម្បើមមួយប្រចាំប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។

រោងចក្រផលិតអគ្គិសនីមួយនេះ ត្រូវបានគេបើកការដ្ឋានតាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ។ វិនិយោគិនបានសម្រេចចិត្តជ្រើសរើសយក ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង សម្រាប់ធ្វើជាទីតាំងសាងសង់រោងចក្រខ្នាតយក្ស ផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ អនុភាព៩០០ មេហ្គាវ៉ាត់។

កាលពីក្នុងឱកាសពិធីប្រកាសបើកការដ្ឋានសាងសង់ ថ្នាក់ដឹកនាំ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា «វាជាឱកាសមួយដ៏មានមោទនភាពមួយសម្រាប់រូបលោកផ្ទាល់ ដែលគម្រោងនេះ នឹងក្លាយរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ដែលបង្កើតឡើងដំណើរការ និងគ្រប់គ្រងផ្ទាល់ដោយកម្ពុជា ១០០%»

យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានព្យាករណ៍ថា តម្រូវការថាមពលអគ្គិសនីកម្ពុជា នឹងកើនឡើងដល់៣៦ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៣០, ដល់៥០ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០៣៥ និង៦៦ពាន់លាន​គីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៤០។​ ហេតុនេះហើយគម្រោងសាងសង់រោងចក្រផលិតអគ្គិសនីថ្មីខាងលើនេះ គឺជាផ្នែកដ៏ចាំបាច់ដើម្បីចូលរួមចំណែក ជួយបំពេញនូវតម្រូវការថាមពល ដែលបន្តកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។

គួរជម្រាបផងដែរថា បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងនឹងរួមបញ្ចូលនូវការសាងសង់ ចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV ផងដែរ​៕

4407360

671ada

307023597 211655167858127 5975290643702924706 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia