បញ្ហាប្រឈមធំបំផុតមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) រួមទាំងអាជីវកម្មបែបប្រពៃណី នៅកម្ពុជានាពេលបច្ចុប្បន្ន គឺ «ចំណាយប្រតិបត្តិការបន្តកើនឡើង តែចំណូលមិនទាន់កើនតាម»។ ការគ្រប់គ្រងការងារដោយដៃ មិនត្រឹមតែស៊ីពេលច្រើនប៉ុណ្ណោះទេ ថែមទាំងបង្កជាកំហុសឆ្គងរដ្ឋបាល និងគណនេយ្យ ដែលធ្វើឱ្យលំហូរសាច់ប្រាក់ជួបហានិភ័យដោយមិនដឹងខ្លួន។
ទោះជាយ៉ាងណា បញ្ហាមិនមែនស្ថិតនៅលើការមិនប្រើបច្ចេកវិទ្យានោះទេ តែគឺ ការជ្រើសរើស Software មិនសមស្របនឹងទំហំ និងតម្រូវការជាក់ស្តែង ដែលជារឿយៗនាំឱ្យខាតបង់ថវិកាបន្ថែមដោយមិនទទួលបានប្រសិទ្ធភាព។
ដើម្បីជួយដោះស្រាយបញ្ហាគន្លឹះនេះ ក្លឹបគណនេយ្យកម្ពុជា (CAC) បានចាប់ដៃគូជាមួយសហគមន៍ឌីជីថល “ចតុមុខ” បើកវេទិកាសិក្ខាសាលាពិសេសមួយស្តីពី «Business Tech Adaptation Workshop: ប្រើប្រាស់ Software ដើម្បីបង្កើនចំណូល ឬកាត់បន្ថយចំណាយ»។
កម្មវិធីនេះនឹងបង្ហាញផ្លូវដល់ម្ចាស់អាជីវកម្មពីរបៀប៖
ធ្វើបរិវត្តកម្មពី Manual ទៅជា Digital៖ កាត់បន្ថយការងារស្ទួន សន្សំពេលវេលា និងកាត់បន្ថយកំហុសប្រតិបត្តិការ។
ជ្រើសរើស Software ឱ្យចំគោលដៅ៖ យល់ដឹងពីរបៀបវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាណាដែលបង្កើតចំណូល និងកាត់បន្ថយចំណាយជាក់ស្តែង។
សិក្ខាសាលានេះ នឹងមានការចែករំលែកដោយផ្ទាល់ពីវាគ្មិន និងទីប្រឹក្សាអាជីវកម្មដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ រួមមាន លោក សាន រិទ្ធី (ស្ថាបនិកក្លឹបគណនេយ្យកម្ពុជា) និង លោក ឈឹម ទិតប៉ូរ៉ាស៊ី (ស្ថាបនិក KrubKrong)។ ព្រឹត្តិការណ៍នេះក៏ទទួលបានការឧបត្ថម្ភពី ធនាគារកាណាឌីយ៉ា និងការគាំទ្រពី មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ព្រមទាំងមជ្ឈមណ្ឌលទិន្នន័យដូនពេញផងដែរ។ ក្រៅពីចំណេះដឹង នេះក៏ជាឱកាសសម្រាប់ម្ចាស់អាជីវកម្មក្នុងការភ្ជាប់បណ្តាញទំនាក់ទំនង (Networking) ជាមួយតួអង្គសំខាន់ៗក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា។
ព័ត៌មានលម្អិតនៃកម្មវិធី៖
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៦
ពេលវេលា៖ ម៉ោង ៧:៣០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់
ទីតាំង៖ នឹងបញ្ជាក់ជូនឆាប់ៗ
ចុះឈ្មោះចូលរួម៖ តំណភ្ជាប់តេឡេក្រាម
