ដូចដែលអ្នកបានដឹងរួចមកហើយ កាលពីឆ្នាំ2020កន្លងទៅ Apple បានធ្វើការប្រកាសពីការដកដុំសាកថ្មចេញពីប្រអប់ទូរស័ព្ទពោលគឺចាប់ពី iPhone 12 ឡើងទៅ ដោយឡែកបើងាកទៅមើលតុលាការប្រទេស ប្រេស្ស៊ីល ឯណោះវិញគឺបានបញ្ជាឱ្យ Apple សងលុយ $1081 ទៅបុរសម្នាក់ព្រោះគាត់ទិញទូរស័ព្ទថ្មីមកគ្មានដុំសាកមកជាមួយ។
បើយោងតាម Business Insider បានឱ្យដឹងថា ចៅក្រមកាត់ក្តីនៃតុលាការស៊ីវិលរបស់ប្រស្ស៊ីលអនុវត្តច្បាប់ទៅលើការលក់របស់ Apple នេះដោយនិយាយថា ក្រុមហ៊ុន Apple តម្រូវឱ្យអតិថិជនទិញផលិតផលរហូតទៅដល់2ដើម្បីបង្រ្គប់ផលិតផលទីមួយដែលខ្លួនបានទិញប្រើ និងចោទប្រកាន់ថា ជាការបំពាន និងផ្សាយពាណិជ្ជកម្មខុសច្បាប់ទៀតផង។
យ៉ាងណាមិញខាង Apple ក៏បានឆ្លើយការពារខ្លួនទៅវិញថា រាល់ iPhone នីមួយៗគឺមានភ្ជាប់ជាមួយខ្សែ USB-C to Lightning ចំនួន1 ហើយអតិថិនអាចទិញដុំសាកពីក្រុមហ៊ុនផ្សេងដើម្បីយកទៅដោតជាមួយខ្សែនោះក៏បានដែរ។
ប៉ុន្តែមតិមួយនេះត្រូវបានខាងតុលាការបដិសេធ ដោយនិយាយថា ទិញដុំផ្សេងមកប្រើមិនដើរដូចដុំសាកដែល Apple ធ្វើទេ ហើយតុលាការក៏បានសង្កត់ធ្ងន់ៗទៅលើ Apple ទៀតថា Apple នៅតែផលិតដុំសាកថ្មលក់ផ្សេងគ្នាទៀត ខណៈ Apple ធ្លាប់ប្រកាសថា ឈប់បញ្ចេញដុំសាកនេះដើម្បីគិតគូពីបរិស្ថាន។
គូសបញ្ជាក់ផងដែរថា ហេតុការនេះកើតឡើងតែនៅលើបុរសម្នាក់តែប៉ុណ្ណោះនៅក្នុងប្រទេសប្រស្ស៊ីល ដែលគាត់ទិញទូរស័ព្ទថ្មីមកមិនឃើញមានឆ្នាំងសាកនៅក្នុងប្រអប់ ម្យ៉ាងទៀតកាលពីឆ្នាំ2021កន្លងទៅ តុលាការប្រស្ស៊ីលក៏បានពិន័យក្រុមហ៊ុន Apple ចំនួន2លាន$ រួចមកហើយដែរទៅលើរឿងនេះ។
អត្ថបទដោយ៖ រិន មករា