ស្មាតហ្វូនទំនើបៗបច្ចុប្បន្ននេះសុទ្ធសឹងតែបំពាក់មកជាមួយនឹងប្រព័ន្ធការពារទឹកចូលក៏ដូចធូលីចូលផងដែរ ដោយប្រព័ន្ធការពារទាំងអស់នោះគេស្គាល់ថាជា IP Rating ហើយស្មាតហ្វូនមួយចំនួនមានជាមួយនឹង IP67, IP68, IPX8 ជាដើម។ ដោយឡែក តើអ្នកមានដឹងទេថា លេខសម្គាល់ទាំងអស់នេះមានអត្ថន័យយ៉ាងណាខ្លះ ?
តើអ្វីជា IP Rating?
សម្រាប់ពាក្យ IP Rating គឺមកពីពាក្យថា Ingress Protection Rating ដែលជាខ្នាតស្តង់ដាក្នុងការវាស់វែងពីកម្រិតនៃការជ្រាបទឹកចូលក៏ដូចជាការស្រូបធូលីចូលក្នុងឧបករណ៍ប្រើប្រាស់ផ្សេងៗដូចជាទូរស័ព្ទជាដើម ហើយខ្នាតស្តង់ដានេះគឺទទួលស្គាល់ដោយ IEC(International Electrotechnical Commision) ។
តើវាដំណើរការយ៉ាងដូចម្តេច?
គេបង្កើតប្រព័ន្ធការពារ ឬហៅថា IP Rating នេះមកគឺដើម្បីការពារដីចូលឬការជ្រាបទឹកចូលជាដើម(Liquid, Solid) ហើយខ្នាតនេះគេបានបែងចែកវាជាពីរ ដែលសម្តៅលើលេខពីរខ្ទង់បន្ទាប់ពីអក្សរ IP ដូចជា៖
- IP67 ដូច្នេះវាមានលេខពីរខ្ទង់ ហើយលេខខ្ទង់ទីមួយ(6) គឺសម្តៅលើការការពារទៅលើធូលីនិងវត្ថុរឹងផ្សេងៗឬហៅថា Solid។ រីឯខ្ទង់ទីពីរ(7) គឺសម្តៅប្រព័ន្ធការពារទឹកឬហៅថា Liquid។
ហើយខាងក្រោមនេះគឺជាតារាងសម្រាប់សម្គាល់ទៅតាមលេខនីមួយៗ
តើ IP67, IP68, IPX8 មានន័យដូចម្តេច?
ដូច្នេះបន្ទាប់ពីមើលតារាងក៏ដូចជាផ្គូផ្គងរួចហើយអ្នកនឹងឃើញថាស្មាតហ្វូនដែលមានកម្រិត IP67 គឺជាស្មាតហ្វូនដែលអាចការពារបានទាំងធូលីចូលក៏ដូចជាធន់នឹងសម្ពាធទឹកចាប់ពី១ម៉ែត្រឡើងឡើងទៅ។
ចំណែក IP68 វិញគឺសម្តៅលើប្រព័ន្ធការពារទឹកនិងធូលីដូចគ្នាប៉ុន្តែវាការពារបានខ្លាំងជាង IP67 ដោយសាតែលេខសម្គាល់ខ្ទង់ទីពីរគឺលេខ 8 វាអាចរងសម្ពាធទឹកបានខ្លាំងជាង បានយូរជាង ជាក់ស្តែងដូចជា iPhone 14 Series, Galaxy S23 Series និងស្មាតហ្វូនផ្សេងៗទៀតដែលមាន IP68 គឺអាចលិចក្នុងបានជម្រៅ 1.50ម៉ែត្រឡើងទៅ បានរយៈពេលកន្លះម៉ោងថែមទៀតផង។
ដោយឡែកសម្រាប់ IPX8 វិញគឺសម្តៅលើស្មាតហ្វូនដែលអាចការពារបានតែការជ្រាបទឹកចូលនោះទេ ប៉ុន្តែសម្រាប់ធូលីវិញគឺមិនមាននោះទេ ដោយសារតែអក្សរ X នៅខ្ទង់ទីមួយ ដូច្នេះមានន័យថាវាមិនមានទិន្នន័យបញ្ជាក់ឬប្រព័ន្ធការពារអីនោះទេ។
ជាក់ស្តែងយើងឃើញមាននៅលើស្មាតហ្វូនប្រភេទបត់មួយចំនួនដូចជា៖ Galaxy Z Fold 4, Galaxy Z Flip 4 និងប្រភេទទូរស័ព្ទបត់ផ្សេងៗទៀតដែលភាគច្រើនមានប្រព័ន្ធការពារត្រឹម IPX7 ឬ IPX8 តែប៉ុណ្ណោះ ដូច្នេះមានន័ថាវាងាយនឹងស្រូបធូលីចូលណាស់។
គូសបញ្ជាក់ផងដែរថា សម្រាប់ប្រព័ន្ធការពារខាងលើគឺគ្រាន់តែជាការតេស្តក៏ដូចជាការកំណត់ចេញពីក្រុមហ៊ុនស្មាតហ្វូននីមួយៗប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងអ្នកគួរតែចេះការពារនិងប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ដោយខ្លួនឯង។
អត្ថបទដោយ៖ រិន មករា