Telegram គឺជាបណ្ដាញសង្គមយក្សដ៏ធំនិងពេញនិយមបំផុតប្រចាំប្រទេសរុស្សីនិងពិភពលោក ដែលមានអ្នកប្រើប្រាស់សរុបប្រមាណ ៥០០លាននាក់ជុំវិញពិភពលោក ខណៈកម្មវិធីនេះត្រូវបានបង្កើតឡើងដោយយុវជនរុស្សីពីររូប គឺលោក Pavel Durov និងលោក Nikolai Durov។
យ៉ាងណាមិញ ស្របពេលដែលរុស្សីនិងអ៊ុយក្រែនកំពុងតែមានសង្គ្រាម ថ្វីត្បិតតែខ្លួនមានឈាមជ័រចេញពីរុស្សីក៏ពីតមែន ប៉ុន្ដែ លោក Pavel Durov ដែលជា CEO ក្រុមហ៊ុន Telegram បានប្រកាសគោលជំហរយ៉ាងរឹងមាំ មិនលំអៀងទៅខាងប្រទេសណាឡើង ហើយលោកមានទំនោរគិតពីអ្នកប្រើប្រាស់ទាំង៥០០លាននាក់របស់ Telegram ច្រើនជាងផលប្រយោជន៍របស់ប្រទេស ឬផលប្រយោជន៍បុគ្គល។
ជាក់ស្ដែង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ ខាងលោក Pavel Durov បានសរសេរបង្ហោះនៅលើ Channel Telegram ផ្លូវការណ៍របស់ខ្លួនថា មានមនុស្សមួយចំនួនប្រហែលជាគិតថា ខាងក្រុមហ៊ុន Telegram អាចនឹងធូររលក់ចំពោះទិន្នន័យរបស់អ្នកប្រើប្រាស់នៅអ៊ុយក្រែន ខណៈលោកធ្លាប់រស់នៅក្នុងប្រទេសរុស្សី។ លោក Pavel Durov បាននិយាយទៅកាន់អ្នកដែលគិតទៅលើ Telegram ដូចខាងលើដោយរៀបរាប់រឿងរ៉ាវនៃការបាត់បង់ក្រុមហ៊ុន និងចោលផ្ទះនៅរុស្សីដូចខាងក្រោម។
លោក Pavel Durov បានសរសេររៀបរាប់ថា កាលពី៩ឆ្នាំមុន ខ្ញុំជា CEO នៃក្រុមហ៊ុនបណ្ដាញសង្គមធំបំផុតនៅក្នុងប្រទេសរុស្សីដែលមានឈ្មោះថា VK។ តែក្រោយមកនៅក្នុងឆ្នាំ២០១៣ ខាងទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB បានទាមទារឱ្យខ្ញុំផ្តល់ឱ្យពួកគេនូវទិន្នន័យឯកជនរបស់អ្នកប្រើ VK នៅអ៊ុយក្រែនដែលកំពុងតវ៉ាប្រឆាំងនឹងប្រធានាធិបតីដែលគាំទ្ររុស្ស៊ី។
ខ្ញុំបានបដិសេធមិនធ្វើរឿងមួយនេះ ពីព្រោះវាមិនខុសពីការក្បត់អ្នកប្រើប្រាស់នៅអ៊ុយក្រែនទេ ប៉ុន្ដែជាអកុសលក្រោយមកខ្ញុំក៏ត្រូវបានគេបណ្ដេញចេញពីក្រុមហ៊ុន ហើយត្រូវបានបង្ខំចិត្តចេញចោលផ្ទះនៅប្រទេសរុស្សី។
លោក Pavel Durov សង្កត់ធ្ងន់ថា លោកធ្លាប់បាត់បង់ក្រុមហ៊ុន និងរត់ចោលផ្ទះ ប៉ុន្ដែលោកសុខចិត្តប្រឈមនឹងការជួបរឿងនេះ ម្ដងទៀតដោយមិនស្ទាក់ស្ទើរ ប៉ុន្ដែដាច់ខាតលោកមិនក្បត់អ្នកប្រើប្រាស់ ដោយលក់ទិន្នន័យអ្នកប្រើប្រាស់ឱ្យទៅនរណាឡើយ៕
អត្ថបទដោយ៖ ម៉ម ណាវា៉សិរិ (FB: Nava Siri; Telegram: @Navasiri)