សម្រាប់អ្នកដែលមានក្ដីស្រមៃ ចង់ទៅលេងនៅក្នុងទីក្រុងសេអ៊ូលនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្ដែមិនមានឱកាសបានទៅ ដោយសារតែកត្តាថវិកា កត្តាពេលវេលា ឬដោយសារតែកូវីដ១៩ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត អ្នកនឹងអាចសម្រេចក្ដីស្រមៃ ដើរមើលទំនើបកម្មនិងសម្រស់ទីក្រុងសេអ៊ូលបាន ដោយគ្រាន់តែពាក់វែនតា VR នៅស្រុកខ្មែរតែប៉ុណ្ណោះ។
ដោយកាលពីពេលថ្មីៗនេះ រដ្ឋាភិបាកកូរ៉េខាងត្បូង បានបោះទុនប្រមាណ ១៧៨លានដុល្លារ វិនិយោគទៅមើលគម្រោងជាតិឈ្មោះថា «Expanded Virtual World» ដែលជាគម្រោងបង្កើតប្រព័ន្ធអេកូឡូស៊ីពិភពសុប្បនិម្មិត Metaverse។
ហើយបើតាមការឱ្យដឹងរបស់ក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងកូរ៉េខាងត្បូង (ICT) ដែលទទួលខុសត្រូវលើការអភិវឌ្ឍន៍គម្រោងនេះបានឱ្យដឹងថា ទីក្រុងសេអ៊ូល នឹងក្លាយជាទីក្រុងដំបូងគេដែលនឹងត្រូវដាក់បញ្ចូលក្នុងពិភព Metaverse។ ដែលមានន័យថា នៅពេលដែលគេអភិវឌ្ឍន៍គម្រោងនេះរួច គេអាចចូលទៅមើលទីក្រុងសេអ៊ូលបានតាមរយៈពិភពសុប្បនិម្មិត Metaverse ដោយគ្រាន់តែពាក់វែនតា VR តែប៉ុណ្ណោះ។
គួរជម្រាបផងដែរថា កូរ៉េខាងត្បូងបានដាក់គោលដៅនឹងក្លាយជាទីផ្សារពិភពសុប្បនិម្មិត (Metaverse) ធំបំផុតលេខ៥ ក្នុងឆ្នាំ២០២៦៕